COVID-19
អន្តរជាតិ
ការបោះឆ្នោត​នៅ​សិង្ហ​បុរី​ចាប់ផ្ដើម​, បក្ស​កាន់អំណាច​រំពឹង​ឈ្នះឆ្នោត​មួយ​អាណត្តិ​ទៀត​
10, Jul 2020 , 9:59 am        
រូបភាព
ស្ត្រីសិង្ហបុរី ទម្លាក់សន្លឹកឆ្នោតក្នុងហិបអំឡុងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ រូបភាព AFP
ស្ត្រីសិង្ហបុរី ទម្លាក់សន្លឹកឆ្នោតក្នុងហិបអំឡុងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ រូបភាព AFP
​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​សិង្ហ​បុរី បានចាប់ផ្ដើម​ព្រឹក​នៅ​ថ្ងៃទី​១០ ខែកក្កដា​។ គណបក្សកាន់អំណាច​ស​កម្ម​ភាព​ប្រជាជន​ដែល​ដឹកនាំ​ប្រទេស​តាំងពី​ទទួលឯករាជ្យ​មក​នោះ រំពឹង​ឈ្នះ​ការបោះឆ្នោត​ដែល​ធ្វើឡើង​ក្នុង​បរិបទ​ជំងឺ COVID-19 ហើយ​រង​ការ​ប្រជែង​ខ្លាំង​ពី​សំណាក់​បក្សប្រឆាំង​។ វិធានការ​សុខាភិបាល ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​នៅតាម​ការិយាល័យ​បោះឆ្នោត​ទូទាំង​បុរី​រដ្ឋ​មួយ​នេះ​។

 
​ការិយាល័យ​បោះឆ្នោត​ទាំង​១១០០ បាន​បើក​ទា្វរ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ដើម្បី​ទទួល​អ្នកបោះឆ្នោត​ប្រមាណ​២,៦៥​លាន​នាក់​។ ការបោះឆ្នោត នឹង​បន្តធ្វើ​រហូតដល់​ម៉ោង​៨​យប់ ហើយ​លទ្ធផល​នឹង​ចេញ​ជា​បណ្ដើរ​នៅពេលនោះ​។ អាសន​សភា​ចំនួន​៩៣ នឹងត្រូវ​ដាក់​ឲ្យ​ប្រជែង​សម្រាប់​ការបោះឆ្នោត​លើក​នេះ​។​
 
​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍ Channel NewsAsia ប្រជាជន​សិង្ហ​បុរី​ដែលមាន​សិទ្ធិ​បោះឆ្នោត បាន​ទៅដល់​ការិយាល័យ និង​បោះឆ្នោត​ភ្លាមៗ​ក្រោយ​ការបើក​ការិយាល័យ​។ ពួកគេ ត្រូវ​ឆ្លងកាត់​ការ​វាស់​កម្ដៅ ពាក់​ស្រោមដៃ និង​លាង​សម្អាត​ដៃ​មុនពេល​ទទួល​សន្លឹកឆ្នោត​។ ចំណែក​បន្ទប់​គូស​សន្លឹកឆ្នោត និង​ប៊ិច ក៏ត្រូវ​បាន​សម្អាត​ជា​ញឹកញាប់​ផងដែរ​។ ស្រោមដៃ​ដែល​ប្រើ​ហើយ នឹងត្រូវ​បោះចោល​នៅ​ខាងក្រៅ​ការិយាល័យ​នីមួយៗ​។ 
 
​លើសពីនោះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ក៏​រៀបចំ​ម៉ោង​បោះឆ្នោត​ពិសេស​សម្រាប់​អ្នក​ដែលមាន​សីតុណ្ហភាព​លើស​៣៧,៥​អង្សា និង​អ្នក​ដែល​នៅ​ដោយឡែក​ផងដែរ​។ ប្រធានាធិបតី ហា​លី​ម៉ា យ៉ា​កុប ស្ថិត​ក្នុងចំណោម​អ្នកបោះឆ្នោត​ដំបូង​គេ​។​
 
​គណបក្ស​សកម្មភាព​ប្រជាជន​របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង ត្រូវបាន​រំពឹងថា នឹង​ឈ្នះឆ្នោត​ទៀត ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា អាច​រក្សា​សំឡេង​ភាគច្រើន​លើសលប់​ឬ​យ៉ាងណា​ឡើយ​។ កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៥ បក្ស​នេះ​ឈ្នះ​កៅអី​សភា​ចំនួន​៨៣ ក្នុងចំណោម​កៅអី​សរុប​៩១​។ សម្រាប់​ការបោះឆ្នោត​លើក​នេះ បក្ស​កាន់អំណាច ប្រហែល​ពិបាក​បន្តិច ព្រោះ​មាន​បក្សប្រឆាំង​ជាច្រើន​ចូលរួម ក្នុងនោះ​ក៏មាន​បក្ស​របស់​អតីត​សមាជិក​មន្ត្រីជាន់ខ្ពស់រ​បស់​ខ្លួន​ផង​។​
 
​បក្ស​ពលករ ជា​បក្សប្រឆាំង​ធំជាងគេ និង​ជា​បក្ស​តែមួយគត់​ដែលមាន​កៅអី​ក្នុង​សភា​។ បក្ស​ទទួលបាន​កៅអី​ចំនួន​៩ ពី​ការបោះឆ្នោត​ឆ្នាំ​២០១៥ ។ បក្ស​សិង្ហ​បុរី​ជឿនលឿន​ដែល​ទើប​បង្កើត​ថ្មី ក៏​ត្រូវបាន​មើលឃើញថា ជា​ដៃគូ​ប្រជែង​មិនអាច​មើលរំលង​ដែរ​។ បក្ស​នេះ​ដឹកនាំ​ដោយ​លោក Tan Cheng Bock អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​កាន់អំណាច​។ ប្អូនប្រុស​លោក លី សៀន​ឡុង ឈ្មោះ​លី សៀន​យ៉ាង ជា​សមាជិក​បក្ស​នេះដែរ​។​
 
​អ្វីដែល​គេ​រង់ចាំ​មើល​ពី​ការបោះឆ្នោត​នេះ គឺ​សមត្ថភាព​របស់​មន្ត្រី​ជំនា​ន់ទី​បួន​របស់​បក្ស​កាន់អំណាច​។ លោក លី ដែលជា​មេដឹកនាំ​ជំនាន់​ទី​បី នឹង​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នៅក្រោយ​ការបោះឆ្នោត​នេះ​។ អ្នក​ស្នង​តំណែង​របស់លោក ត្រូវបាន​កំណត់​រួចហើយ គឺ​លោក ហេង ស្វី​គៀត ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ ការបោះឆ្នោត​នេះ នឹង​ក្លាយជា​ការវាស់ស្ទង់​ប្រជាប្រិយភាព​របស់​អ្នកជំនាន់ក្រោយ​៕
 
 
 
 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com