FFC ព្រមាន​គ្រូបង្វឹក​វិសាខា ក្រោយ​បោក​ដប​ទឹក​សុទ្ធ និង​ក្តារខៀន​ក្នុង​តំបន់​បច្ចេកទេស​
កីឡាជាតិ
ជាតិ
FFC ព្រមាន​គ្រូបង្វឹក​វិសាខា ក្រោយ​បោក​ដប​ទឹក​សុទ្ធ និង​ក្តារខៀន​ក្នុង​តំបន់​បច្ចេកទេស​
10, Jul 2020 , 4:22 pm        
រូបភាព
លោក Curtis
លោក Curtis
​គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ព្រមាន​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា​លោក Curtis Culum Reraad ក្រោយ​ប្រើ​កាយវិការ​មិន​សមរ​ម្យ​ក្នុង​តំបន់​បច្ចេកទេស​។ ទង្វើ​នេះ បាន​កើតឡើង​ក្នុងជំនួប​លី​គ​កំពូល​រវាង​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ជាមួយ​វិសាខា កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក អេង ពៅ​ទិ​ត្យ ប្រធាន​គណៈកម្មកា​រវិ​ន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការព្រមាន​នេះ​ធ្វើឡើង​ក្រោយ​គណៈកម្មការ​វិន័យ​ពិនិត្យឃើញថា លោក Curtis Culum Reraad បាន​ប្រើ​កាយវិការ​មិន​សមរ​ម្យ​នៅក្នុង​តំបន់​បច្ចេកទេស​។ ទង្វើ​ដែល​គណៈកម្មការ​ចាត់ទុក​ជា​កាយវិការ​មិន​សម​រម្យ គឺ​បន្ទាប់ពី​គ្រូបង្វឹក​រូបនេះ​បោក​ដប​ទឹក​សុទ្ធ និង​ក្តារខៀន ដើម្បី​បង្ហាញ​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល​។​
 
​គណៈកម្មការ​វិន័យ​ចាត់ទុក​ទង្វើ​របស់​គ្រូបង្វឹក​រូបនេះ ជា​ទង្វើ​មិន​ត្រឹមត្រូវ​ដែល​ផ្ទុយស្រឡះ​ពី​ក្រម​វិន័យ​របស់​សហព័ន្ធ​ត្រង់​ប្រការ​១៣ ប្រការ​៤៦ និង​បទបញ្ជា​ការប្រកួត​ពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០២០​។ សហព័ន្ធ​សង្កត់ធ្ងន់ថា មិន​អនុញ្ញាត​ឲ្យ​គ្រូបង្វឹក​រូបនេះ ប្រព្រឹត្ត​ទង្វើ​អសីលធម៌​បែបនេះ​ជា​លើក​ទី​ពីរ​ឡើយ បើ​ពុំ​នោះទេ​រង​ការ​វិន័យ​កាន់តែ​ធ្ងន់ធ្ងរ​។   
 
​ប៉ុន្តែ​គណកម្មការ​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល ហើយ​ធ្វើ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ ប្រើ​កាយវិការ​មិន​សម​រម្យ​នោះទេ​។ នា​ការប្រកួត​សប្តាហ៍​ទី​៦​ពានរង្វាន់​លី​គ​កំពូល​នៅ​កីឡដ្ឋាន​ស្មាន អ អេស អិន កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើ ២-២ ជាមួយ​ភ្ញៀវ​វិសាខា​៕  

Tag:
 បាល់ទាត់​
  វិសាខា​
  Curtis Culum Reraad
© រក្សាសិទ្ធិដោយ thmeythmey.com