COVID-19
អន្តរជាតិ
WHO បញ្ជូន​អ្នកជំនាញ​ទៅ​ចិន​រក​ប្រភព COVID-19, អាមេរិក ស្វាគមន៍​ការស៊ើបអង្កេត
11, Jul 2020 , 3:37 pm        
រូបភាព
​អង្គការ​សុខភាព​ពិភពលោក WHO បាន​បញ្ជូន​អ្នកជំនាញ​ពីរ​នាក់​របស់ខ្លួន​ទៅកាន់​ចិន​ដើម្បី​ស៊ើបអង្កេត​រក​ប្រភព​ជំងឺ COVID-19 ដែល​មកទល់ពេលនេះ​សម្លាប់​មនុស្ស​ជាង​៥៥​ម៉ឺន​នាក់​ហើយ​។ អ្នកជំនាញ WHO នឹងធ្វើ​ការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន​ដើម្បី​កំណត់​មូលហេតុ​។ អាមេរិក​ឯណោះ​វិញ ក៏បាន​ស្វាគមន៍​ការស៊ើបអង្កេត​នេះ ដោយ​ចាត់ទុកជា​ជំហាន​ចាំបាច់​ក្នុង​ការរក​ដើមហេតុ​ដែល​នាំ​ឲ្យ​វីរុស​រាលដាល​ពេញ​ពិភពលោក​។​

 
​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​ពីររូប​ដែល​ម្នាក់​ជា​អ្នកជំនាញ​ជំងឺឆ្លង និង​ម្នាក់ទៀត​ជំនាញ​ខាង​សុខភាព​សត្វ នឹង​ធ្វើការ​មួយរយៈ​នៅ​ទឹកដី​ចិន​ដើម្បី​កំណត់​អត្តសញ្ញាណ​សត្វ​ដែលជា​ប្រភព​បង្ក​វីរុស​បង្ក​ជា​ជំងឺ COVID-19 ។ WHO បញ្ជាក់​នៅ​ថ្ងៃទី​១០ ខែកក្កដា ថា អ្នកជំនាញ​ទាំងពីរ ក៏​នឹង​រៀបចំ​មូលដ្ឋាន​ដើម្បី​ទទួល​បេសកកម្ម​ទ្រង់ទ្រាយ​ធំ​នៅពេល​ក្រោយ​ផងដែរ​។​
 
​អាមេរិក​ដែល​តែង​រិះគន់ WHO ដូច​ព្យុះ​នាពេល​កន្លងមក បាន​សាទរ​ការស៊ើបអង្កេត​នេះ​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ Andrew Bremberg ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១០ ខែកក្កដា ថា អាមេរិក​ស្វាគមន៍​ការស៊ើបអង្កេត ហើយ​អាមេរិក​ចាត់ទុក​ការស៊ើបអង្កេត​នេះ ជា​រឿង​ចាំបាច់​ក្នុងការ​ស្វែងយល់​ឲ្យ​បាន​ពេញលេញ​ពី​របៀប​ដែល​វីរុស​មួយ​នេះ​ឆ្លង​រាលដាល​លើ​ពិភពលោក​។ 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Bremberg បន្តថា ចិន​នឹង​ផ្ដល់​ឲ្យ​អ្នកជំនាញ WHO នូវ​ព័ត៌មាន ទិន្ន័យ និង​គំរូ​របស់​វីរុស ហើយ​អាមេរិក​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ដែល​លឿន​ទាន់ពេល​។ 
 
​នេះ​ជា​រឿង​កម្រ​មួយ​ដែល​អាមេរិក​មាន​ជំហរ​វិជ្ជមាន​លើ​ចំណាត់ការ​របស់​ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​។ មិនតិច​ដង​ឡើយ ថ្នាក់ដឹកនាំ​អាមេរិក​បាន​វាយប្រហារ​ខ្លាំង​លើ WHO ចំពោះ​អ្វីដែល​ខ្លួន​ចាត់ទុក​ជាការ​លំអៀង​ទៅរក​ចិន និង​ការដោះស្រាយ​មិន​បានល្អ​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ COVID-19 នៅ​ដំណាក់កាល​ដំបូង​។ ដោយសារ​មិន​ពេញចិត្ត លោក ដូ​ណា​ល់ ត្រាំ ក៏​ដក​អាមេរិក​ចេញពី​អង្គការ​នេះ ហើយ​ផ្អឹប​ជំនួយ​ទៀតផង​។ 
 
​ក្នុង​សប្ដាហ៍​នេះ WHO ក៏បាន​ចាប់ផ្ដើម​យុទ្ធនាការ​អន្តរជាតិ​មួយ​ដើម្បី​វាយតម្លៃ​លើ​ការឆ្លើយតប​អន្តរជាតិ​ប្រឆាំង​ជំងឺ COVID-19 ដោយ​តែងតាំង​អតីត​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ និង​អតីត​ប្រធានាធិបតី​លី​បេ​រី​យ៉ា​ឲ្យ​ដឹកនាំ​ក្រុមការងារ​ឯករាជ្យ​មួយ​។ របាយការណ៍​បឋម​ស្ដីពី​ការវាយតម្លៃ​នឹង​ចេញ​នៅ​ចុងឆ្នាំ​២០២០ ហើយ​របាយការណ៍​ពេញលេញ​នឹង​ចេញ​នៅ​ឆ្នាំ​២០២១ ខាងមុខ​៕ 
 
 

Tag:
 WHO
  អាមេរិក​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com