COVID-19
ជាតិ
កម្ពុជាមានករណីឆ្លង COVID-19 ចំនួន​១៥នាក់បន្ថែមទៀតហើយ
12, Jul 2020 , 7:40 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ (COVID-19) លើបុរសជនជាតិខ្មែរ១៥នាក់ ដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប់ប៊ិសាអូឌី ដោយបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី ហើយមកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១២កក្កដា។

-

សេចក្តីប្រកាសព័ត៌បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង១៥នាក់នោះ មាន២នាក់ ជាអ្នកភ្នំពេញ, ៣នាក់ មានស្រុកកំណើតនៅខេត្តកណ្តាល, ៧នាក់ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ, ២នាក់ មានស្រុកកំណើតនៅខេត្តតាកែវ និង១នាក់ទៀត  មានស្រុកកំណើតនៅខេត្តក្រចេះ។ ពួកគេទាំង១៥នាក់ មានអាយុចាប់ពី២១ឆ្នាំទៅ៣០ឆ្នាំ។

អ្នកជំងឺថ្មីទាំង១៥នាក់នោះ ត្រូវបានក្រសួង ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដោយឡែក អ្នកធ្វើដំណើរជាមួយអ្នកទាំង១៥នាក់នោះ ក្រោយធ្វើតេស្តចេញលទ្ធផលអវិជ្ជាមានវីរុសកូវីដ-១៩ ក្រសួង បានដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូរវ័ន។

បច្ចុប្បន្ន អារ៉ាប់ប៊ិសាអូឌី ជាប្រទេសទី១៤ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ លើពិភពលោក។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ប្រទេសអារ៉ាប់ប៊ិសាអូឌី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២២ម៉ឺននាក់ ជាសះស្បើយជាង១៦ម៉ឺននាក់ ស្លាប់ជាង២ពាន់នាក់។

ចំណែក កម្ពុជា មកដល់ពេលនេះ រកឃើញអ្នកជំងឺកូវីដ-១៩ ១៥៦នាក់ហើយ ដោយបានជាសះស្បើយវិញ១៣៣នាក់ ខណៈ២៣នាក់ទៀត កំពុងសម្រាកព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com