ជាតិ
ជួរ​ភ្នំក្រវាញ ប្រែក្លាយ​ពី​តំបន់​ដែល​រង​ការបំផ្លាញ​មកជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​
13, Jul 2020 , 7:59 am        
រូបភាព
​កោះកុង​៖ ក្រោយពី​រង​ការ​បំ​ផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​ដូចជា​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វ​ពី​សកម្មភាព​ប្រជាជន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ តំបន់​ជួរ​ភ្នំក្រវាញ បានប្រែក្លាយ​មកជា​តំបន់​ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន​។ តាមរយៈ​ការជំរុញ ក៏ដូចជា​ទប់ស្កាត់​ពី​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ តំបន់​នេះ​មាន​សន្ទុះ​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ស្ទើរតែ​ទាំងស្រុង​បាន​ចូលរួម​អភិរក្ស និង​បោះបង់ចោល​ការបំផ្លាញ​ធម្មជាតិ ហើយ​ងាក​មក​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​វិញ​។

 
​តំបន់​ជួរ​ភ្នំក្រវាញ​មាន​ទំហំ ១,៤​លាន​ហិច​តា ដោយ​កន្លងមក​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ស្ទើរតែ​ទាំងអស់​ចិញ្ចឹមជីវិត​ដោយ​ការ​បរបាញ់​សត្វ និង​កាប់​ព្រៃឈើ សម្រាប់​បរិភោគ និង​ធ្វើ​អាជីវកម្ម ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគេ​។ ក្រោយមក​ចាប់ពី​ឆ្នាំ​២០០៤ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានធ្វើការ​ទប់ស្កាត់​សកម្មភាព​ទាំងនោះ ដោយបាន​បង្វែរ​ផ្នត់គំនិត​ពលរដ្ឋ​ឲ្យ​ងាក​មក​ស្រឡាញ់​និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ដែល​វា​ក៏​ជា​កត្តា​ជម្រុញ​ផ្នែក​ទេសចរណ៍​ផងដែរ​។ ក្នុងនោះ​ក៏មាន​ការចូល​រួមសហកា​រ​ពី​ក្រសួង​បរិ​សា្ថ​ន​ថែម​ទៀតផង​។ 
 
​ទោះជា​យ៉ាងនោះ​ក្ដី ក៏​នៅតែមាន​ពលរដ្ឋ​មួយចំនួន​តូច​នៅតែ​លួច​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កំពុងធ្វើការ​ហាមឃាត់​ដើម្បី​លុបបំបាត់​ទាំងស្រុង​ទៅលើ​ករណីនេះ​។ រយៈពេល​១៨​ខែ​ចុងក្រោយ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស​បានធ្វើ​ការងារ​ល្បាត​យ៉ាង​យកចិត្តទុកដាក់ ដោយបាន​ចុះ​ល្បាត​ចំនួន​៦៥៤៥​លើក ក្នុង​ចម្ងាយ ២៤៥០០០​គម​។ ក្នុងនោះ​ដោះ​បាន​អន្ទាក់​ចំនួន ៣២៣២២​អន្ទាក់​, រឹបអូស​រណា​យន្ដ​បាន ១៩៥៤​គ្រឿង​, រឹបអូស​ឈើ​ខុសច្បាប់​បាន​ចំនួន ២១៧៨ ម​៣ ចាប់បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​បាន ៨៧ នាក់ ចាប់​ឃាត់​មធ្យោបាយ​ដឹកជញ្ជូន​បាន ១០១៩ គ្រឿង និង​បាន​ទប់ស្កាត់​ការ​រុក​ទាន​ទន្ទ្រាន​យក​ដី​រដ្ឋ​បាន​ចំនួន ១៧២​ករណី​ផងដែរ​។ របស់​ដែល​រឹប​រូស​មក​ទាំងអស់នោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ល្បាត​ស្រែអំបិល និង​ស្នាក់ការ​ល្បាត​ស្ទឹង​ព្រាត នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។ 
 
​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​៩ និង​១០ ខែកក្កដា ឆ្នាំ​២០២០ សម្រាប់​អ្នកយកព័ត៌មាន​ធ្វើដំណើរ​ទៅកាន់​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​ទៅ​ទស្សនា​កម្មវិធី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ លោក នេត្រ ភ​ក្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា​៖ ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ​បង្កើន​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅក្នុង និង​ជុំវិញ​តំបន់ការពារធម្មជាតិ​ឲ្យ​រីកចម្រើន​ឡើងវិញ​តាមរយៈ​ការ​ជម្រុញ​ឲ្យ​មានការ​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​របស់​ពួកគាត់​៕
 
 
 

Tag:
 ជួរ​ភ្នំក្រវាញ​
 ​ខេត្តកោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com