ភ្នំពេញ៖ អ្នកនិពន្ធពិតប្រាកដ ចាត់ទុកស្នាដៃរបស់ខ្លួន ដូចជាកូនបង្កើត ដូច្នេះមុននឹងចេញស្នាដៃអ្វីមួយ គេសម្រិតសម្រាំងខ្លាំងណាស់ ព្រោះគេខ្លាចវាជះឥទ្ធិពលមិនល្អដល់សង្គម។ សិល្បៈគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ហេតុនេះអ្នកនិពន្ធមិនអាចយកសិល្បៈ ទៅធ្វើជាគ្រឿងបង្កជម្លោះ ឬនិពន្ធបង្ហាញពីខ្លឹមសារអសីលធម៌ឡើយ។ ទាំងនេះគឺជាការយល់ឃើញរបស់ លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ។
ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ លោក ម៉ៃ វឌ្ឍនា ក៏ជាអ្នកនិពន្ធទំនុកច្រៀងបែបមនោសញ្ចេតនាមួយរូបផងដែរ។ ជាកវីដែលមានគោលជំហ និពន្ធទំនុកច្រៀង ឆ្លុះបញ្ចាំងពីចរិតបទភ្លេងខ្មែរ ដោយដើរតាមគំរូអ្នកនិពន្ធបទចម្រៀងមរតកដើម លោក ម៉ៃ វឌ្ឍនា បានសង្កេតឃើញថា អ្នកនិពន្ធបទចម្រៀងមួយចំនួនក្នុងពេលបច្ចុប្បន្ន ហាក់មិនបានគិតពីក្រមសីលធម៌អ្នកនិពន្ធឡើយ។
កវីម្ចាស់បទ«ចាំបងនៅជើងភ្នំខ្ពស់»រូបនេះ យល់ឃើញថា ដោយសារតែភាពចង់ល្បីល្បាញ អ្នកនិពន្ធទំនុកច្រៀងមួយចំនួន បែរជាប្រើពាក្យអាសគ្រាម អសុរោះ អសីលធម៌ បញ្ចូលក្នុងបទចម្រៀងរបស់ខ្លួនទៅវិញ។ រីឯអ្នកនិពន្ធមួយចំនួនតូចទៀតនោះ ថែមទាំងយកសិល្បៈចម្រៀង ធ្វើជាឧបករណ៍បង្កជម្លោះ ជេរប្រមាថគ្នា ដោយបង្ហាញពីភាពអវិជ្ជារបស់ខ្លួន។
កន្លងមក មានបទចម្រៀងមួយចំនួន បានរងមតិរិះគន់ពីមហាជន ដោយសារតែការប្រើពាក្យអសីលធម៌ ដោយមិនបានផ្ដល់សារអប់រំដល់សង្គម ដូចជាបទ «កណ្ដៀវអូន.......» ដែលអត្ថន័យបទនេះ បង្ហាញឱ្យឃើញនូវខ្លឹមសារគន្លាស់ បង្កប់អត្ថន័យអាសគ្រាម។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តខ្លាំងនោះ គឺបទដែលបង្កប់ន័យពុំប្រសើរបែបនេះ បែរជាស្ត្រីអ្នកចម្រៀង ហ៊ានច្រៀង ដោយមិនមានការអៀនខ្មាសទៅវិញ។
បទ«ទំនេរកោះអាចម៍ច្រមុះ» ជាបទបែបកំប្លែង ដែលអត្ថន័យបទ បង្ហាញពីទម្លាប់អវិជ្ជមានរបស់បុគ្គលម្នាក់។ ជុំវិញបទចម្រៀងនេះ មហាជនបានរិះគន់ធ្ងន់ៗទៅលើអ្នកនិពន្ធ ដែលមិនបានផ្ដល់គំនិតអភិវឌ្ឍន៍ខ្លួន ដល់មនុស្ស តែបែរជាបង្ហាញគំរូមិនល្អទៅវិញ។ ជាងនោះទៅទៀត រូបភាពវីដេអូ បានតម្រូវឱ្យអ្នកចម្រៀង ដែលនៅជាក្មេងស្រីនៅឡើយនោះ ជក់បារីថែមទៀត។
បទ«ប៉ារូពិឃាត» គឺជាប្រភេទបទរ៉េប ដែលប្រើពាក្យអសប្បុរស ពោរពេញទៅដោយកំហឹង មិនមានខ្លឹមសារអប់រំ តែបង្ហាញពីជម្លោះរវាងបុគ្គល២នាក់។ បទចម្រៀងនេះ បានធ្វើឱ្យគេយល់ឃើញថា សិល្បៈចម្រៀង ត្រូវបានបុគ្គលដែលចេះសរសេរទំនុកច្រៀង យកទៅធ្វើជាឧបករណ៍រំសាយកំហឹង ប្រើពាក្យពេចន៍ជេរប្រមាថ នាំឱ្យតម្លៃសិល្បៈធ្លាក់ចុះ។
នៅមានបទចម្រៀងជាច្រើនទៀត បានប្រើពាក្យអសីលធម៌ធ្ងន់ធ្ងរ ដែលអ្នកនិពន្ធមានវិជ្ជាជីវមិនបានសេពគប់។ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ បានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងចិត្តគំនិតរបស់ប្រជាជន ដូច្នេះពួកគេមិនអាចទទួលយកបានឡើយ នូវការប្រើភាសាមិនសមរម្យ ក្នុងអត្ថន័យតែងនិពន្ធនានា។
ការតែងនិពន្ធទាំងឡាយណា ដែលមិនបានផ្ដល់សារអប់រំ តែបែរជាបង្ហាញឱ្យឃើញពីគំរូមិនល្អ ត្រូវបានលោក ម៉ៃ វឌ្ឍនា ចាត់ទុកថា បុគ្គលទាំងនោះ កំពុងតែបាចជាតិពុលបំផ្លាញសង្គម ហើយលោកកំណត់ទុកក្នុងចិត្តថា អ្នកទាំងនោះ មិនមែនជាអ្នកនិពន្ធពិតឡើយ។
កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានហៅបុគ្គលមួយចំនួន ដែលបាននិពន្ធបទចម្រៀងមានខ្លឹមសារមិនសមរម្យ អាសគ្រាម និងអសុរោះ ជាដើម ទៅអប់រំណែនាំជារឿយៗ។ តែទោះជាយ៉ាងណា ការប្រព្រឹត្តខុសដដែលៗ នៅតែមានជាបន្តបន្ទាប់ ចំពោះបុគ្គលផ្សេងទៀត។
អ្នកនិពន្ធដែលមាននាមប៉ាកកា កវីជនបទ ម៉ៃ វឌ្ឍនា ឱ្យតម្លៃអ្នកនិពន្ធពិតទៅលើ ការតែងនិពន្ធប្រកបដោយឧត្តមគតិ ចេះថ្លឹងថ្លែងអ្វីល្អអ្វីមិនល្អ និងចាត់ទុកស្នាដៃរបស់ខ្លួនដូចកូនបង្កើត។
មានកូនប្រុស៣នាក់ បុរសមានស្រុកកំណើតនៅខេត្តបាត់ដំបង ជាទឹកដីពោរពេញទៅដោយកវីនោះ ពន្យល់ដូច្នេះថា៖«សួរថាបើយើងមានកូន យើងចង់ឱ្យកូនរបស់យើងក្លាយជាមនុស្សមិនល្អទេ? ចង់ឱ្យកូនយើងជក់គ្រឿងញៀនទេ? ចង់ឱ្យកូនយើងក្លាយជាមនុស្ស ត្រូវបានសង្គមស្អប់ខ្ពើមទេ? យើងប្រាកដជាមិនចង់ទេ។ យើងប្រាកដជាខំអប់រំកូនយើងឱ្យដើរលើផ្លូវល្អ ឱ្យក្លាយជាមនុស្សផ្ដល់ប្រយោជន៍ជួយសង្គម។ ស្នាដៃរបស់យើងដូចគ្នា បើយើងនិពន្ធបែបណា ដូចបង្កើតកូនបែបនោះដែរ ព្រោះគេមើលស្នាដៃរបស់យើង គេនឹងធ្វើតាម ជាពិសេសជះឥទ្ធិពលដល់ក្មេងៗ ដែលមិនទាន់មានការចេះគិតវិភាគ»។
ម្ចាស់បទ “”សុំពឹងអ្នកពាម” រូបនេះ មិនភ្លេចរំឭកពីភាពជាគំរូរបស់អ្នកនិពន្ធឡើយ ដោយលោកពន្យល់ថា អ្នកនិពន្ធត្រូវតែមានសេរីភាពក្នុងការសរសេរ ប៉ុន្តែសេរីភាពនោះក៏ត្រូវតែគិតពីប្រយោជន៍សង្គម និងប្រជាជនដែរ។
ទោះជាយ៉ាងណា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានលើកឡើងថា អ្នកនិពន្ធទាំងអស់ គួរតែយកទេពកោសល្យរបស់ខ្លួន ទៅបម្រើសិល្បៈ និងវប្បធម៌ជាតិ ឱ្យរីកចម្រើន ដោយចៀសវាងការយកទៅបំផ្លាញវប្បធម៌ដែលជាមរតកដូនតា។
យ៉ាងណាក៏ដោយ សម្រាប់លោក ម៉ៃ វឌ្ឍនា ដែលជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ថាដើម្បីឱ្យអ្នកនិពន្ធកែប្រែទម្លាប់មិនល្អរបស់ខ្លួន ទាល់តែរដ្ឋាភិបាល ក៏ដូចជាក្រសួងសាមី ពង្រឹងច្បាប់ពាក់ព័ន្ធ នឹងការតែងនិពន្ធឱ្យមានប្រសិទ្ធភាព៕