កំពង់ធំ៖ អស់រយៈពេល៣០ឆ្នាំមកហើយ ដែលលោក សេង មឿន បានរួមចំណែកការពារ និងអភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងសម្បត្តិធម្មជាតិនានា នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលបុព្វបុរសខ្មែរបានបន្សល់ទុក តាំងពីសតវត្សទី៧(ឆ្នាំ៦១៦) មក ។ ការងារនៅតំបន់ប្រវត្តិសាស្ត្រខ្មែរមួយនេះ មិនថាជាការងារតូចក្តីឬធំក្តី និងពិបាកក្តីនោះទេ ត្រូវបានលោក សេង មឿន ចាត់ទុកថា ជាបេសកកម្មនៃជីវិត ក្នុងការបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ។
ស្ថិតនៅក្នុងឯកសណ្ឋានពណ៌ត្រាវនៃមន្ត្រីនាយផ្នែកនគរបាលទេសចរណ៍ នៅប្រាសាទសំបូរព្រៃគុក លោក មឿន ដែលមានសំឡេងស្អកៗពីកំណើតកំពុងឈររៀបរាប់អំពីប្រាសាទសំខាន់ៗទាំងយកចិត្តទុកដាក់ ទៅកាន់ភ្ញៀវទេសចរមួយក្រុម មានគ្នាប្រហែល៣០នាក់មកពីរាជធានីភ្នំពេញ ដែលឆ្លៀតចូលតំបន់បេតិកភណ្ឌពិភពលោកនេះ ដើម្បីស្វែងយល់បន្ថែមពីប្រវត្តិប្រាសាទនីមួយៗ ។ ជាពិសេសផ្តិតយករូបភាពស្អាតៗ និងស្រស់ត្រកាលអមទៅដោយនឹងតួប្រាសាទ និងដើមធំៗដែលមានអាយុរាប់រយឆ្នាំ។
ថ្វីដ្បិតមានសំឡេងស្អកបន្តិចក៏មែន ប៉ុន្តែបុរសសម្បុរស្រអែម ដែលមានសក់រួញបន្តិចរូបនេះ ដើរបណ្តើរ និយាយពន្យល់រៀបរាប់បណ្តើរទៅកាន់ភ្ញៀវទេសចរអំពីប្រវត្តិរចនាបទប្រាសាទនីមួយៗ ក្រោមកម្តៅថ្ងៃបាំងជិតដោយមែកឈើធំៗ ហាក់ដូចជាគ្មានភាពនឿយហត់ឡើយ។ ទឹកមុខមន្ត្រីនាយផ្នែកនគរបាលទេសចរណ៍រូបនេះ ពោរពេញទៅដោយស្នាមញញឹម រាក់ទាក់ និងភាពកក់ក្តៅដល់ក្រុមភ្ញៀវទេសចរទាំងនោះ។
បន្ទាប់ពីចប់ភារៈកិច្ចជាមួយភ្ញៀវទេសចរមួយក្រុមនោះ លោក មឿន បានចំណាយពេលប្រហែល១៥នាទីជាមួយ អ្នកសារព័ត៌មានថ្មីៗ(ThmeyThmey) ដើម្បីរៀបរាប់រឿងរ៉ាវពីជីវិតរបស់ខ្លួនដែលបានរស់នៅ និងបម្រើការងារនៅតំបន់ប្រាសាទសំបូរព្រៃគុករហូតដល់បច្ចុប្បន្ននេះ។ ក្រោយរដ្ឋាភិបាលផ្តួលរំលំរបបប្រល័យពូជសាសន៍ពល ពត បានរយៈពេលជាង១០ឆ្នាំមក ពោលគឺនៅក្នុងឆ្នាំ១៩៨៦ លោក មឿន បានមករស់នៅ និងកាន់ការងារជាមន្ត្រីនគរបាលនៅស្រុកកំណើតវិញ នៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ នៃដែនតំបន់ប្រាសាទសំបូរព្រៃគុកសព្វថ្ងៃ។
ប្រាសាទយាយព័ន្ធ ស្ថិតក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។
បើតាមបុរសវ័យ៥៣ឆ្នាំរូបនេះ ក្រោយរបបខ្មែរក្រហមបានដួលរំលំក្នុងឆ្នាំ១៩៧៩មក នៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ មានកើតឡើងនូវសង្គ្រាមជាបន្តបន្ទាប់ទៀត រវាងភាគីខ្មែរក្រហមដែលរត់គេចខ្លួន ភាគីកងទ័ពវៀតណាម ភាគីរដ្ឋកម្ពុជា ភាគីកងទ័ពប៉ារ៉ាជាដើម ដែលធ្វើឱ្យសម្បត្តិវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ ដែលបន្សល់ពីបុព្វបុរសខ្មែរ រងការបំផ្លិចបំផ្លាញជាច្រើន។ ទន្ទឹមនឹងគ្នានេះ សកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីសម្រាប់តាំងទីលំនៅ ធ្វើចម្ការ ចិញ្ចឹម ពីសំណាក់ប្រជាពលរដ្ឋបានកើតឡើងជាហូរហែរផងដែរ។
ដោយមើលឃើញពីការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងធម្មជាតិ ដោយសារតែសង្គ្រាមនាសម័យនោះ ធ្វើឱ្យលោក មឿន មានទឹកចិត្តសោកស្តាយ និងមានឆន្ទៈក្នុងការថែរក្សានិងលើកស្ទួយនូវវប្បធម៌ អរិយធម៌ ប្រពៃណីនិងទំនៀមទម្លាប់ របស់បុព្វបុរសខ្មែរបានបន្សល់ទុកនោះ ឱ្យកូនចៅគ្រប់ជំនាន់បានស្គាល់ បានដឹង និងបានយល់។
«ទិដ្ឋភាពបំផ្លាញទីសក្ការៈគោរពបូជា និងទីកន្លែងផ្សេងៗនៅតាមប្រាសាទនីមួយៗនៅចំពោះមុខ បានធ្វើឱ្យខ្ញុំនឹងស្រមៃ និងមានឆន្ទៈក្នុងចិត្ត ចង់រួមចំណែកក្នុងការថែរក្សា និងស្តារមុខមាត់នូវអ្វីជាកេរ្តិ៍ដំណែលដែលបុព្វបុរសខ្មែរយើង បានបន្សល់ទុកឱ្យបានល្អឡើងវិញ»។ នេះជាការលើកឡើងរបស់លោក សេង មឿន ក្នុងទឹកមុខពោរពេញទៅដោយក្តីសង្ឃឹម និងក្តីស្រលាញ់ ។
លោកបានបន្តរៀបរាប់ដោយសំឡេងមួយៗ និងសង្កត់ពាក្យពេជន៍ធ្ងន់ៗយ៉ាងដូច្នេះ៖« អ្វីដែលជាកេរ្តិ៍ដំណែលពីដូនតារបស់យើង, យើងត្រូវជួយគាស់រំលើង និងស្តារឡើងវិញ ទោះបីវារងការខូចខាត ឬទ្រុឌទ្រាមយ៉ាងម៉េចក៏ដោយ ក៏យើងខំកែលំអរឱ្យស្អាតឡើងវិញ ដើម្បីភ្ញៀវទេសចរអន្តរជាតិចូលទស្សនាឱ្យបានច្រើននូវអ្វីដែលជារបស់ខ្មែរ»។
ទន្ទឹមនឹងការការពារ ការអភិរក្ស អភិវឌ្ឍនូវអ្វីដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ លោក មឿន ក៏បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌នេះផ្ទាល់ ឱ្យចូលរួមកែលម្អបរិស្ថាន និងចូលរួមថែរក្សាជីវៈចម្រុះ ដូចជាសត្វព្រៃ និងព្រៃឈើជាដើម។ បើតាមលោក សេង មឿន ការចុះណែនាំដល់ពលរដ្ឋនេះ មិនថាចុះទៅទីកន្លែងពលរដ្ឋកំពុងកាប់ព្រៃឈើផ្ទាល់ក្តី ចុះណែនាំពលរដ្ឋនៅតាមផ្ទះនីមួយៗក្តីនោះទេ វាសុទ្ធតែមិនមែនជារឿងងាយស្រួលឡើយ។ បុរសរូបនេះតែងតែប្រឈមនឹងការរងគ្រោះដល់ជីវិតជាច្រើនលើកជាច្រើនសារ ដោយសារតែប្រជាពលរដ្ឋខ្លះ មិនយល់ពីបំណងណែនាំរបស់លោក ហើយថែមទាំងយកកាំភ្លើងដេញបាញ់ និងកាំបិតដេញកាប់ជាដើម។
ថ្វីដ្បិតមានការគំរាមកំហែងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ពិតមែន ប៉ុន្តែលោក មឿន មិនដែលមានចិត្តគំនិតបង់បោះការងារនៅតំបន់ឦសានបុរៈនេះ ចោលម្តងណាឡើយ។ ផ្ទុយទៅវិញគឺមានតែជំរុញឆន្ទៈលោក មឿន ឱ្យស្រលាញ់នូវសម្បត្តិធនធម្មជាតិ និងសម្បត្តិវប្បធម៌នៅតំបន់នេះ ស្មើនឹងជីវិត ដោយសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីរក្សាកេរ្តិ៍ដំណែលបុព្វបុរសខ្មែរ ។ លើសពីនេះទៅទៀត លោកបានចាត់ទុកការងារនៅតំបន់បេតិកភណ្ឌពិភពលោកនេះ ជាបេសកកម្មនៃជីវិតការងាររបស់ខ្លួន ក្នុងការបម្រើប្រយោជន៍សម្រាប់ប្រទេសជាតិ។
លោក សេង មឿន មន្ត្រីនាយផ្នែកនគរបាលទេសចរណ៍ កំពុងដឹកនាំភ្ញៀវទេសចរណ៌មេីលប្រាសាទនានា ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ។ តំបន់ប្រាសាទនេះ ផ្ទៃដី៣,០០០ហិកតា ដែលមានប្រាសាទរហូតដល់២៩៣។
សម្រាប់លោក មឿន ការងារជាមន្ត្រីនាយផ្នែកនគរបាលទេសចរណ៍ មិនត្រឹមមានតួនាទីការពារសម្បត្តិវប្បធម៌ សម្បត្តិធនធានធម្មជាតិ និងរក្សាសណ្តាប់ធ្លាប់នោះទេ ប៉ុន្តែក៏ត្រូវចង្អុលបង្ហាញនូវតំបន់ ឬទីតាំងប្រវត្តិសាស្ត្រ ទីតាំងបុរាណ និងទីតាំងផ្សេងៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីឱ្យពួកគេបានយល់ បានដឹងទៀតផង។
លោក មឿន និយាយថា៖« ការងារជាមន្ត្រីនាយផ្នែកនគរបាលទេសចរណ៍នេះ គឺមិនត្រឹមធ្វើដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែនោះទេ តែខ្ញុំធ្វើឡើងដោយឆន្ទៈមាននៅក្នុងខ្លួនសម្រាប់បម្រើផលប្រយោជន៍ជាតិ។ ភ្ញៀវដែលមកដល់កន្លែង[តំបន់សំបូរព្រៃគុក]យើង គឺយើងព្យាយាមធ្វើយ៉ាងណាកុំឱ្យពួកគាត់អន់ចិត្តនឹងយើង ដោយយើងមានឆន្ទៈចង្អុលបង្ហាញឬរៀបរាប់ពីមួយអ្វីទៅកាន់ពួកដោយស្មោះត្រង់ គ្មានពាក្យគំហុក និងលាក់លៀមអ្វីឡើយ។ បើពួកគាត់ចង់ទៅទីណា ឬស្គាល់ទីណា យើងនឹងជូនគាត់ឱ្យដល់គោលដៅទៅតាមដែនសមត្ថកិច្ចរបស់យើង»។
លោក សេង មឿន ថតរូបជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមដើមឈើដ៏ធំ ក្នុងបរិវេណនៃប្រាសាទសំបូរព្រៃគុក។
ភាពស្មោះត្រង់ និងឆន្ទៈក្នុងការចូលរួមការពារតំបន់ប្រាសាទព្រៃគុកនេះ បានធ្វើឱ្យបុរសដែលមានកម្រិតសិក្សាត្រឹមថ្នាក់ទី៧រូបនេះ មានឱកាសចែករំលែកពិសោធន៍ការងារជាមន្ត្រីនគរបាលទេសចរណ៍ នៅតាមតំបន់ទេសចរណ៍បែបប្រវត្តិសសាស្ត្រ និងវប្បធម៌នានា និងទទួលបានឱកាសសិក្សារៀនសូត្របន្ថែមនៃការបណ្តុះបណ្តាលនូវជំនាញជីវៈជាបន្តបន្ទាប់ពីក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធនជាបន្តបន្ទាប់ ដើម្បីពង្រីកសមត្ថភាពក្នុងការបំពេញការងារ ជាមន្ត្រីនគរបាលទេសចរណ៍ដ៏ល្អមួយរូបនាបច្ចុប្បន្ននេះ ៕