កីឡាអន្តរជាតិ
អន្តរជាតិ
បរាជ័យ​របស់ Leicester និង Chelsea ផ្ដល់​សង្ឃឹម​ខ្ពស់​ឲ្យ ManUtd បាន​កៅអី Top 4
13, Jul 2020 , 11:04 am        
រូបភាព
Leicester City ភ្លាត់ស្នៀត​ចាញ់ AFC Bournemouth ដល់​ទៅ ៤-១ ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា​។ បរាជ័យ​ក្នុងជំនួប​សំខាន់​នេះ ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​កញ្ជ្រោង​ប្រឈម​ខ្លាំង​នឹង​ការ​ខ្ទាត​ចេញពី​តំបន់ Top 4 សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ ប៉ុន្តែ​ជាការ​បើកផ្លូវ​សម្រាប់​ក្រុម​គូប្រជែង Manchester United វិញ​។​


​នា​ការប្រកួត​លី​គ​កំពូល​អង់​គេ្ល​ស​សប្តាហ៍​ទី​៣៥ ក្រុម​ភ្ញៀវ Leicester បាន​បើក​ការនាំ​មុខមុន​ទៅហើយ​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Jamie Vardy នៅ​នាទី​២៣​នៃ​វគ្គ​ទី​១​។ យ៉ាងណាក៏ដោយ ចូលមក​ដល់​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ Bournemouth ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដើម្បី​គេច​ផុតពី​តំបន់​ត្រូវ​កាត់ចោល អាច​វាយបក​បាន​ដល់​ទៅ​៤​គ្រាប់​វិញ ដោយ​សម្រេចបាន​ពី​សំណាក់​កីឡាករ Junior Stanislas (៦៦), Dominic Solanke (៦៧, ៨៧), Jonny Evans (​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៨៣)​។​
 
​បរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែលមាន លោក Brendan Rodgers ជា​អ្នកចាត់ការ​ទូទៅ​មាន​ភាគរយ​ខ្ពស់​ត្រូវ​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​៥​វិញ ប្រសិនបើ​ក្រុម​គូប្រជែង Manchester Untied ឈ្នះ​ក្នុង​ការប្រកួត​លើក​ទី​៣៥​របស់​ពួកគេ នៅ​រាត្រី​ថ្ងៃទី​១៣ ខែកក្កដា​នេះ​។ បើ Man Utd ពិតជា​អាច​ទទួលបាន ៣​ពិន្ទុ​ពី Southampton មែន មិន​ត្រឹមតែ Leicester ឡើយ សូម្បីតែ Chelsea ដែល​រង​ភាពអាម៉ាស​ក្រោយ​ចាញ់ Sheffield United ៣-០ ក៏​កាន់តែ​បារម្ភ​ខ្លាំង​សម្រាប់​ការ​ប្រជែង​កៅអី​លេង​នៅ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​ផងដែរ​។​


 
​ឆ្លងកាត់​ការប្រកួត​៣៥​លើក ក្រុម​តោ​ខៀវ​ក្រោម​ការដឹកនាំ​របស់លោក Frank Lampard រកបាន​៦០​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស តាម​ពីក្រោយ​ដោយ Leicester ដែលមាន ៥៩​ពិន្ទុ ខណៈ Man Utd ដែល​នៅ​ចំណាត់ថ្នាក់​ទី​៥ មាន​៥៨​ពិន្ទុ នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។​
 
​ដោយឡែក Wolverhampton Wanderers និង Sheffield United ដែល​ទទួលបាន​ជ័យជម្នះ​រៀងខ្លួន​ក្នុងជំនួប​សប្តាហ៍​ទី​៣៥ ក៏​កំពុង​ចូលរួម​ប្រជែង​យក​កៅអី Champions League នេះដែរ​។ Wolves ដែល​ឈ្នះ Everton ៣-០ កើន​ដល់​៥៨​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ រីឯ Sheffield United ដែល​ឈ្នះ Chelsea ៣-០ ឈ​លេខ​រៀង​ទី​៧ មាន​៥៤​ពិន្ទុ​។​


 
​សម្រាប់ Bournemouth វិញ ទោះ​រកបាន​៣​ពិន្ទុ​បន្ថែម តែ​ពួកគេ​នៅ​មិនទាន់​គេច​ផុតពី​តំបន់​ត្រូវ​កាត់ចោល​នៅឡើយ​ទេ ដ្បិត​នៅ​ចាញ់​ពិន្ទុ​ក្រុម​នៅ​តំបន់​សុវត្ថិភាព Watford និង West Ham ចំនួន​៣​ពិន្ទុ​ទៀត​។ យ៉ាងណាក៏ដោយ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ពួកគេ​នៅមាន​ឱកាស​ច្រើន​ដើម្បី​ប្រជែង​កៅអី​ដើម្បី​លេង​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ​ទៀត​។ 
​មិន​ខុសពី Bournemouth ដែរ ក្រុម Aston Villa ដែល​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ការ​ឈ្នះ Crystal Palace ២-០ ក៏​នៅតែ​អាច​ប្រជែង​យក​តំបន់​សុវត្ថិភាព​ផងដែរ ខណៈ Norwich City បាន​ធ្លាក់​ទៅ​លី​គ​ទី​ពីរ​ដោយ​ស្វ័យប្រវត្តិ​ទៅហើយ​បើ​ទោះ​នៅសល់​៣​ប្រកួត​ទៀត​។​
 
Bournemouth ឈរ​នៅ​លេខ​រៀង​ទី​១៨ មាន​៣១​ពិន្ទុ លើស Aston Villa ដែល​នៅ​ចំណាត់ថ្នាក់​ទី​១៩ ចំនួន​១​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៣៥​លើក​រួចមក​។ ៣​ប្រកួត​ចុងក្រោយ​មាន​ក្រុម​ចំនួន​៥​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​គ្នា​ដើម្បី​បន្ត​លេង​នៅ Premier League រដូវ​កាល​ក្រោយ​ដែល​រួមមាន Brighton, West Ham, Watford, Bournemouth និង Aston Villa៕
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com