COVID-19
អន្តរជាតិ
របាយការណ៍​៖ កុមារ​ជិត​១០​លាន​នាក់ អាច​នឹងមិន​បាន​ចូល​សាលា​វិញ ទោះ COVID ផុតរលត់​
13, Jul 2020 , 2:46 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី ​១៣ ខែកក្កដា អង្គការ​មនុស្ស​ធ​ម៍ Save the Children បាន​ព្រមាន​ថា កុមារ​ចំនួន​៩,៧​លាន​នាក់ នឹង​មិនអាច​ត្រឡប់​ចូល​សាលារៀន​វិញ​ឡើយ​ក្រោយ​ជំងឺ​រាតត្បាត​សកល COVID-19​បាន​បញ្ចប់ទៅ​។ Save the Children បាន​លើកឡើងថា COVID-19 បាន​បង្កើត​គ្រោះអាសន្ន​ក្នុង​វិស័យ​អប់រំ​ដែល​មិន​ធ្លាប់មាន​។​

 
​អង្គការ Save the Children ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានលើកឡើង​ពី​ទិន្ន័យ​របស់​អង្គការ UNESCO ដែល​បង្ហាញថា​មនុស្ស​ជំទង់​ចំនួន​១,៦​ពាន់​លាន​នាក់ មិនបាន​ចូល​សាលារៀន ឬ​សាកលវិទ្យាល័យ​ដោយសារ​វិធានការ​ទប់​ស្កាត​ជំងឺ​COVID-19​។ មនុស្ស​ជំទង់​ដែល​មិនបាន​ចូលរៀន​ចំនួន​១,៦​ពាន់​លាន​នាក់​នេះ តំណាង​ឲ្យ​៩០%​នៃ​ចំនួន​សិស្ស និង​និស្សិត​នៅ​ទូទាំង​ពិភពលោក​។​
 
​បើតាម​របាយការណ៍​ឈ្មោះ Save our Education ដែល​ល​ផ្សាយ​ដោយ​អង្គការ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ផលប៉ះពាល់​សេដ្ឋកិច្ច​អាច​នឹង​បណ្តាល​ឲ្យ​កុមារ​ប្រមាណ​៩០​លាន​នាក់​ទៅ​១១៧​លាន​នាក់​ធ្លាក់​ក្នុង​ភាពក្រីក្រ​ដោយសារតែ​ការប៉ះពាល់​លើ​ការចុះឈ្មោះ​ចូលរៀន​។ ជំងឺ COVID-19 ក៏​បណ្តាល​ឲ្យ​កុមារ និង​មនុ​ស្សវ័យ​ជំទង់​ស្វែងរក​ការងារ​ធ្វើ​ចំណែក ឯ​កុមារី​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​មុន​អាយុ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ ការវិវត្ត​ទាំងអស់​នេះហើយ ដែល​បណ្តាល​ឲ្យ​កុមារ​ប្រមាណ​៩,៧​លាន​នាក់​លែង​ត្រឡប់​ចូល​សាលា​ជា​រៀងរហូត​។​
 
​របាយការណ៍​នេះ បានកំណត់​ប្រទេស​ចំនួន​១២ ដែល​ងាយ​រងគ្រោះ និង​ជួប​ហានិភ័យ​ក្នុង​វិស័យ​អប់រំ​ដោយ​ក្នុងនោះ​មាន នី​ហ្សេ ម៉ាលី ឆាដ លី​បេ​រី​យ៉ា អា​ហ្វ​ហ្កា​នី​ស្ថាន ហ្គី​ណេ ម៉ូ​រីតា​នី យេ​ម៉ែន នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន សេ​ណេ​ហ្កា​ល់ និង កូត​ឌី​វ័រ​។ មុន​វិបត្តិ​COVID-19 កើតឡើង កុមារ​ប្រមាណ​២៥៨​លាន​នាក់​រួចជាស្រេច​ទៅហើយ​ដែល​មិន​ទទួលបាន​ការអប់រំ​។
 
 
​លោកស្រី Inger Ashing ប្រធាន​ប្រតិបត្តិ​អង្គការ Save the Children លើកឡើងថា​៖« កុមារ​ប្រមាណ​១០​លាន​នាក់ ប្រហែលជា​នឹងមិន​ត្រឡប់​ចូល​សាលា​វិញ​។ នេះ​ជា​គ្រោះអាសន្ន​វិស័យ​អប់រំ​ដែល​មិន​ធ្លាប់មាន ហើយ​រដ្ឋាភិបាល​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​រៀនសូត្រ​ឲ្យ​បាន​ឆាប់រហ័ស​»​។ 
 
​បន្ថែម​ពីនេះ​ទៅទៀត Save the Children  បានបង្ហាញ​ផងដែរ​ថា វិបត្តិ COVID-19 អាច​នឹងធ្វើ​ឲ្យ​ថវិកា​ក្នុង​វិស័យ​អប់រំ​កាត់បន្ថយ​ប្រមាណ​៧៧ ពាន់​លាន​ដុល្លារ នៅ​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​នៅ​ចុងឆ្នាំ​២០២១​។ អង្គការ​នេះ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ​បញ្ចេញ​ថវិកា​បន្ថែម​ក្នុង​គម្រោង​អប់រំ​សកល​ថ្មី​ដើម្បី​ជួយ​កុមារ​ឲ្យ​ត្រឡប់​ចូល​សាលា​វិញ​នៅពេល​មាន​សុវត្ថិភាព និង​បន្ត​ការរៀនសូត្រ​ពី​ចម្ងាយ​សម្រាប់​ពេលបច្ចុប្បន្ន​។​
 
​របាយការណ៍​ខាងលើ​ក៏បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ពី​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ​ក៏ដូចជា វិសមភាព​ក្នុង​ការទទួល​បានការ​អប់រំ​រវាង​កុមារា និង​កុមារី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com