អន្តរជាតិ
ប៉េកាំង​ដាក់ទណ្ឌកម្ម​សមាជិកសភា​អាមេរិក​វិញ ក្រោយ​មន្ត្រី​ចិន​រង​ទណ្ឌកម្ម​ក្នុង​សំណុំរឿង​ស៊ីន​ជាំ​ង​
14, Jul 2020 , 10:38 am        
រូបភាព
ទង់ជាតិចិន និងអាមេរិក។ រូបភាព៖ AFP
ទង់ជាតិចិន និងអាមេរិក។ រូបភាព៖ AFP
ដោយ:
​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​១៣ ខែកក្កដា បានដាក់​ទណ្ឌកម្ម​សង​សឹក​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៣ រូប និង​បេសកជន​អាមេរិក​មួយរូប​។ ការដាក់ទណ្ឌកម្ម​រប​ស់​ចិន​ទៅលើ​មន្ត្រី​អាមេរិក​នេះ​ធ្វើឡើង​បន្ទាប់​អាមេរិក កាលពី​ថ្ងៃ​៩ ខែកក្កដា​បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ជាច្រើនរូប​ពាក់ព័ន្ធ​ការបំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង​។​

 
​តំណាងរាស្ត្រ និង​បេសកជន​អាម​រិ​ក ដែល​ស្ថិតនៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ចិន​នោះ​មាន លោក Marco Rubio និង Ted Cruz ដែលជា​សមាជិក​ព្រឹទ្ធសភា រួមជាមួយ​នឹង​លោក Chris Smith ដែលជា​តំណាងរាស្ត្រ​។ បុគ្គល​ទាំង​៣​រូបនេះ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​និយាយ​តិះ​ទៀន​រដ្ឋាភិបាល​ចិន​ខ្លាំងជាងគេ​។ ចំណែកឯ លោក Sam Brownback ដែលជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ​។​
 
​ទណ្ឌកម្ម ដែល​ចិនដា​ក់លើ​តំណាងរាស្ត្រ អាមេរិក​លើក​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​អាមេរិក កាលពី​ថ្ងៃ​៩ ខែកក្កដា ដែល​ដាក់​សំដៅ​ទៅលើ​មន្ត្រីជាន់ខ្ពស់​ចិន​ជាច្រើនរូប​ក្នុង​តំបន់​ស៊ីន​ជាំ​ង ដោយ​មិន​ផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​។ ក្នុងចំណោម​មន្ត្រី​ចិន​ដែល​រង​ទណ្ឌកម្ម ក៏មាន​លោក Chen Quanguo លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​ស៊ីន​ជាំ​ង ។​
 
​បន្ថែម​ពីនេះ ទណ្ឌកម្ម​របស់​ចិន​នេះ ក៏​ដាក់​ទៅលើ​គណៈកម្មការ​កិច្ចការ​ចិន​របស់​សភា​អាមេរិក ដែល​ទទួលបន្ទុក​ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​ចិន​ផងដែរ​។ ទោះជា​យ៉ាងណាក្តី ទណ្ឌកម្ម​របស់​ចិន​ពុំបាន​បញ្ជាក់​ពី​វិធានការ​អ្វី​ឡើយ​ដែល​នឹងដាក់​ទៅ​តំណាងរាស្ត្រ និង​អ្នកការទូត​អាមេរិក​ឡើយ​។​
 
​លោកស្រី​Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លើកឡើង​ក្នុង​ថា វិធានការ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សកម្មភាព​ខុសឆ្គង​រប​ស់​អាមេរិក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ ខែកក្កដា លោកស្រី Hua បន្ថែមថា ចិន​ទទូច​ឲ្យ​អាមេរិក​លុបចោល​សេចក្តីសម្រេច​ខុស​របស់ខ្លួន និង​បញ្ឈប់​ពាក្យសម្តី និង​សកម្មភាព​ដែល​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ប៉ះពាល់​ផលប្រយោជន៍​ចិន​។​
 
​អ្នក​នាំ​ា​ពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់​ផងដែរ​ថា កិច្ចការ​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ជា​កិច្ចការ​ផ្ទៃក្នុង​ទាំងស្រុង​របស់​ចិន ហើយ​អាមេរិក​គ្មាន​សិទ្ធិ និង​មូលដ្ឋាន​អ្វី​ក្នុងការ​ជ្រៀតជ្រែក​ឡើយ​៕
 
 

Tag:
 ចិន​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com