COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ឯកភាពឲ្យបើកសាលារៀនវិញ ក្នុងដំណាក់កាលទី១ នៅខែសីហា
14, Jul 2020 , 10:57 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា សម្តេច បានយល់ព្រមជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំរួចហើយ កាលពីម្សិល (១៣កក្កដា) ឲ្យចាប់ផ្តើមបើកសាលារៀនដំណាក់កាលទី១។ លោក ហង់ជួប ណារ៉ុន ស្នើសុំសម្តេច បើកសាលាសរៀនដំណាក់កាលទី១នេះ នៅសីហា ឆ្នាំ២០២០។



សម្តេចនាយករដ្ឋមន្រ្តី បញ្ចេញព័ត៌មានពីការឯកភាពជាមួយក្រសួងអប់រំក្នុងការបើកសាលារៀនដំណាក់កាលទី១នេះ ក្នុងឱកាសដែលសម្តេច ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

មិនទាន់មានការពន្យល់ច្បាស់លាស់នោះទេ ថា ការបើកសាលារៀនដំណាក់កាលទី១នេះ គឺបើកនៅកម្រិតណាខ្លះ ហើយមានលក្ខណៈយ៉ាងដូចម្តេច។

ក្នុងពិធីសំណេះសំណាលខាងលើ សម្តេចនាយករដ្ឋមន្រ្តី គ្រាន់តែនិយាយខ្លីថា ការបើកសាលារៀនដំណាក់កាលទី១នេះ គឺបើកនៅកម្រិត «ឧត្តមសិក្សា» ព្រោះងាយគ្រប់គ្រង ក្នុងការការពារកុំឲ្យរាលដាលជំងឺកូវីដ-១៩។

ចំណែក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់អាចបញ្ជាក់បន្ថែមបានឡើយ ដោយលោកប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោក មិនទាន់បានឃើញចំណារឯកភាពរបស់សម្តេចនាយករដ្ឋមន្រ្តី។ លោក ស្នើឲ្យរង់ចាំលោក ទទួលបានព័ត៌មាននេះច្បាស់លាស់និងលម្អិតសិន។

យ៉ាងណា កន្លងមក លោក ធ្លាប់ប្រាប់បណ្តាញសារព័ត៌មានថា ការបើកសាលារៀនដំណាក់កាលទី១នេះ គឺជាការបើកសាលារៀនមួយចំនួនតូចប៉ុណ្ណោះ ដែលមាន «ស្តង់ដាសុវត្ថិភាពខ្ពស់» ដោយគ្រឹះស្ថានអប់រំទាំងនោះ ត្រូវគោរពគោលកាណ៍ចាំបាច់មួយចំនួន ដូចជា សុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, ការលាងដៃជាប្រចាំ, និង ការពាក់ម៉ាស ជាដើម។ តែលោក ពុំបានពន្យល់ថា ការបើកសាលារៀនដំណាក់កាលទី១នេះ គឺសាលារៀនកម្រិតណាឡើយ។

អ្នកនាំពាក្យក្រសួងអប់រំ អះអាងទៀតថា ផ្អែកតាមបទពិសាធ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ អាចនឹងកំណត់បាននូវជំហ៊ានបន្តបន្ទាប់ សម្រាប់ដំណាក់កាលទី២ និងទី៣ នៅពេលក្រោយ។ បើតាមការពន្យល់របស់អ្នកនាំពាក្យ ការបើកសាលារៀន ដំណាក់កាលទី២ គឺសាលារៀន មាន «ស្តង់ដាមធ្យម» ហើយការបើកសាលារៀនដំណាក់កាលទី៣ សាលារៀនមាន «ស្តង់ដាអប្បបរមា»។

ដោយសារតែជំងឺកូវីដ-១៩ កម្ពុជា បិទសាលារៀននៅទូទាំងប្រទេសអស់រយៈពេលជាង៤ខែមកហើយ៕

Tag:
 COVID-19
  បើកសាលា
© រក្សាសិទ្ធិដោយ thmeythmey.com