COVID-19
អន្តរជាតិ
WHO ព្រមាន​ជាថ្មី​៖ បើ​មនុស្សម្នា​មិន​លាងដៃ ពាក់​ម៉ាស់ រក្សា​គម្លាត ស្ថានការណ៍​កាន់តែ​អាក្រក់​
14, Jul 2020 , 11:59 am        
រូបភាព
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​១៣ ខែកក្កដា បានចេញ​សារ​ព្រមាន​ជាថ្មី ខណៈដែល​ស្ថានភាព​ជំងឺ COVID-19 នៅតែ​ទាន់​ស្រាកស្រាន្ត​។ ទីភ្នាក់ងារ​សុខាភិបាល​ពិភពលោក​មួយ​នេះ បាន​រិះគន់​ប្រទេស​ជាច្រើន​ដែល​ដោះស្រាយ​ការ​រាលដាល​ជំងឺ COVID-19 មិនបាន​ល្អ ហើយ​មិនមាន​គោលការណ៍​ជាក់លាក់​ដើម្បី​ទប់ទល់​ជំងឺឆ្លង​មួយ​នេះ ស្រប​ពេលដែល​ប្រជាជន​កាន់តែច្រើន ក៏​កាន់តែ​ប្រហែស​ក្នុង​ការរស់នៅ​ទៅទៀត​។

 
​ស្ថានភាព​ជំងឺ COVID-19 នៅ​ជុំវិញ​ពិភពលោក នៅតែ​បន្ត​លើផ្លូវ​ទៅរក​ភាពអាក្រក់​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការកើនឡើង​ករណី​ឆ្លង​ថ្មី​នៅតាម​ប្រទេស​ជាច្រើន​។ គ្រាន់តែ​ថ្ងៃទី​១២ ខែកក្កដា ករណី​ឆ្លង​ប្រចាំ​ទូទាំង​ពិភពលោក​មាន​ដល់​ទៅ​២៣​ម៉ឺន​នាក់ ដែលជា​ចំនួន​ខ្ពស់បំផុត​។ បើតាម​អង្គការ​សុខភាព​ពិភពលោក ពិភពលោក​នឹងមិន​អាច​វិល​ទៅរក​ស្ថានភាព​ប្រក្រតី​ដូច​មុន​ការផ្ទុះ COVID-19 នៅពេល​ឆាប់ៗ​នេះឡើយ​។​
 
​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយថា សព្វថ្ងៃ ពិភពលោក​កំពុង​ជួប​សេណា​រី​យូ​បួន​។ នោះ គឺ​ប្រទេស​ដែល​ទទួលបាន​ការព្រមាន ហើយ​គេច​ផុតពី​ការផ្ទុះ​ទ្រង់ទ្រាយ​ធំ​, ប្រទេស​ដែល​អាច​គ្រប់គ្រង​ការឆ្លង​បាន​, ប្រទេស​ដែល​បន្ធូរបន្ថយ​ការ​រឹតត្បិត​ហើយ​បច្ចុប្បន្នកំពុង​វិល​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ​វិញ និង​ប្រទេស​ដែល​ស្ថិតក្នុង​ដំណាក់កាល​ឆ្លង​រហ័ស​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៣ ខែកក្កដា លោក Tedros បញ្ជាក់ថា ប្រទេស​ខ្លះ​បាន​បន្ធូរ​វិធានការ​រឹតត្បិត​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច បាន​ប្រឈម​មុខការ​ងើបឡើង​របស់​វីរុស ព្រោះ​ពួកគេ​មិន​អនុវត្តតាម​វិធាន​ក្នុងការ​ទប់ស្កាត់​ហានិភ័យ​។ លោក​និយាយ​ច្បាស់ៗ​ថា នឹងមិន​មានការ​វិល​ត្រឡប់​ទៅរក​ស្ថានភាព​ដូច​មុន​នៅពេល​ខ្លី​ខាងមុខ​ឡើយ​។ 
 
«​ខ្ញុំ​និយាយ​ដោយ​ត្រង់ ប្រទេស​ជាច្រើន​កំពុង​ឆ្ពោះទៅរក​ទិសដៅ​ខុស​។​» នេះ​ជាការ​អះអាង​របស់​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​មួយ​នេះ ដែល​បន្តថា វីរុស​នៅតែ​សត្រូវ​លេខ​មួយ​ដដែល ប៉ុន្តែ​សកម្មភាព​របស់​រដ្ឋាភិបាល និង​ប្រជាជន​មិនបាន​ឆ្លុះបញ្ចាំង​ពី​រឿង​នេះដែរ​។ ទីភ្នាក់ងារ​អន្តរជាតិ​មួយ​នេះ បាន​ទទូច​ជាថ្មី​ឲ្យ​មនុស្សម្នា​អនុវត្តតាម​គោលការណ៍​មូលដ្ឋាន​ដូចជា​ការរក្សា​គម្លាត​សុវត្ថិភាព ការ​លាងដៃ ការពាក់​ម៉ាស់ និង​ការមិន​ចេញពីផ្ទះ​ពេល​មិន​ស្រួលខ្លួន បើ​មិន​ចង់​ឲ្យ​ស្ថានការណ៍​វិ​វត្ត​កាន់តែ​អាក្រក់​។​
 
​ដោយ​មិន​និយាយ​ចំឈ្មោះ​អ្នកណា សារ​ចម្រុះ​របស់​មេដឹកនាំ​នៅ​ជុំវិញ​ពិភពលោក ក៏​ធ្វើ​ឲ្យ WHO បារម្ភ​ផងដែរ​។ លោក Tedros បាន​ផ្ញើ​សារ​ទៅកាន់​ប្រទេស​ជាច្រើន​ថា ប្រសិនបើ​រដ្ឋាភិបាល​ពួកគេ​មិន​ដាក់ចេញ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ទេនោះ ហើយ​ប្រសិនបើ​សាធារណជន​មិន​គោរព​តាម​គោលការណ៍​ថែមទៀត ការ​រាលដាល​ជំងឺ​នេះ នឹងមាន​លទ្ធផល​តែមួយ គឺ​កាន់តែ​អាក្រក់​ទៅៗ​៕

Tag:
 WHO
  COVID-19
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com