COVID-19
ជាតិ
សម្ដេច ហ៊ុន សែន​៖ វិបត្តិ​កូ​វីដ​-១៩ ធ្វើឱ្យ​រដ្ឋាភិបាល​ប្ដូរ​ទិសដៅ​យ៉ាង​ឆាប់រហ័ស​មក​ពង្រឹង​ក​សិ​កម្ម​វិញ​
14, Jul 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ បានធ្វើឱ្យ​រដ្ឋាភិបាល ផ្លាស់ប្ដូរ​ទិសដៅ​យ៉ាង​ឆាប់ មក​ពង្រឹង​វិស័យ​កសិកម្ម បែប​វារីវប្បកម្ម​វិញ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កសិករ​នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១៤ កក្កដា​នេះ​។​


​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ទោះបី​វិស័យ​មួយចំនួន ដូចជា​វិស័យ​ឧ​ស្សហកម្ម និង​វិស័យ​សេវាកម្ម​ជាដើម កំពុង​ជួប​វិបត្តិ នៅក្នុង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី ប៉ុន្តែ​វិស័យ​កសិកម្ម គឺជា​វិស័យ​មួយ​ដែល​នៅតែមាន​ភាពល្អប្រសើរ​បំផុត ហើយ​បាន​ធានា​ដល់​បញ្ហា​ស្បៀងអាហារ​នៅក្នុង​ស្រុក និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទៀតផង​។​




 
​ដោយ​មើលឃើញ​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​កសិកម្ម​នេះ ទើប​ប្រមុខ​រដ្ឋាភិបាល សម្រេច​ផ្ដាស់​ប្ដូរ​ទិសដៅ​សេដ្ឋកិច្ច ដោយ​ផ្ដោត​មកលើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​ផ្នែក​វារីវប្បកម្ម​នេះ ដើម្បី​បង្កើន​សក្ដានុពល​ក្នុង​តំបន់ ក៏​ដូច​ក្នុង​ពិភពលោក​។ «​មិនត្រូវ​ភ្លេច​ថា​យើង​ជា​ប្រទេស​កសិកម្ម ដោយ​វា​មិន​គ្រាន់តែ​មិន​ប៉ះពាល់​ទេ ប៉ុន្តែ​វា​បែរ​ជាមាន​ឧត្តមភាព​ត្រឡប់​ទៅវិញ នៅក្នុង​វិស័យ​កសិកម្ម ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល បាន​ប្ដូរ​ទិស​យ៉ាង​ឆាប់ ទៅក្នុង​ការជំរុញ​វិស័យ​កសិកម្ម​ឱ្យមាន​លូតលាស់​ឡើង ។​ហើយ​យើង​ក៏​នឹង​ចូលរួមចំណែក មួយផ្នែក​ដោះស្រាយ និង​ធានា​សន្តិសុខ​ស្បៀង​ក្នុងស្រុក តែមួយ​ផ្នែក​ទៀត យើង​ក៏​នឹងចូលរួម​សង្វាក់​ផ្គត់ផ្គង់​នៅក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​កន្លងមក​រដ្ឋាភិបាល បាន​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងសំខាន់​ទៅលើ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​សំណង់​ជាដើម ខណៈដែល​វិស័យ​កសិកម្ម មានតែ​ជាង​២០​ភាគរយ​។ សម្ដេច បាន​បញ្ជាក់ថា កម្ពុជា​នឹង​ប្រែក្លាយ​វិបត្តិ​កូ​វីដ​១៩ នេះ ឱ្យទៅជា​ឱកាស​នៃ​វិស័យ​កសិកម្ម ហើយ​កម្លាំង​ដែល​បាត់បង់​ពី​វិស័យ​ឧស្សាហកម្ម នឹង​បង្វែរ​មក​វិស័យ​កសិកម្ម​វិញ​។​
 
​ថ្លែង​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ និង​កសិករ នៅ​ទឹកដី​ស្រុ​ម​ពាមរ ខេត្តព្រៃវែង នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពេលនេះ គឺជា​ប្រក្រតីភាព​នៃ​ជីវភាព​តាម​គន្លង​ថ្មី បន្ទាប់ពី​យើង​ជួប​នូវ​វិបត្តិ​កូ​វីដ​១៩ ។ ថ្វីត្បិតតែ​វិស័យ​មួយចំនួន​យើង​ជួប​បញ្ហា និង​ផ្អាក​ពិធី​សំខាន់ៗ តែ​ដំណើរការ​របស់​ប្រជាកសិករ​មិន​ផ្លាស់ប្តូរ ឬ​ផ្អាក​នោះទេ​។ វឌ្ឍនភាព និង​ភាព​រីកចម្រើន​វិស័យ​វារីវប្បកម្ម ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​
 
​កន្លងមក​អ្នកជំនាញ​កសិកម្ម ក៏​ធ្លាប់បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល យក​ឱកាស​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ មក​ពង្រឹង​វិស័យ​កសិកម្ម​ដែរ​។ ពួកគេ​យល់ឃើញថា វិបត្តិ​កូ​វីដ​-១៩ ជា​កាលានុវត្តភាព​មួយ ដែល​អាចឱ្យ​កម្ពុជា កាត់បន្ថយ​ការនាំ​ចូល តាមរយៈ​ការបង្កើន​ផល​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក និង​តំបន់​វិញ​ម្ដង​។ ប៉ុន្តែ​ដើម្បី​អាច​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​បាន​យ៉ាង​ឆាប់រហ័ស​នោះ លុះត្រាតែ​មានការ​ចូលរួម​ពី​រដ្ឋាភិបាល តាមរយៈ​ការផ្ដល់​ជំនួយ​ប​ច្ចេ​សទេស មន្ត្រី​ជំនាញ រៀបចំ​ចងក្រង​ជា​សហគមន៍ និង​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ ជាពិសេស​លុបបំបាត់​ឈ្មួញកណ្ដាល ដែល​បង្ខូច​តម្លៃ​កសិផល​របស់​កសិករ​។ 
 
​រដ្ឋាភិបាល ក៏បាន​គិតពី​ចំណុច​នេះដែរ​។ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​ក្រសួង​មុខងារសាធារណៈ ,​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​បញ្ជូន​មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម ទៅ​ជួយ​ដល់​កសិករ នៅក្នុង​ផ្នែក​វារីវប្បកម្ម​នេះ​ទៀតផង​។ មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ទម្លាក់​ដើមទុន​៥០​ម៉ឺន​ដុល្លារ សម្រាប់​ឱ្យ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ជាដើម យកទៅ​ប្រើប្រាស់​ក្នុងការ​បង្កើត​របរ​នៅក្នុង​វិស័យ​កសិកម្ម​នេះ ។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​ពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បង្កើន​កសិផល ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យ​ច្រើន ជាង​ការ​នាំចូល​។ សម្ដេច ក៏បាន​បដិសេធ​សំណើ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​បាន​ស្នើសុំ​នាំចូល​ជ្រូក​១​លាន​ក្បាល​ពី​ប្រទេស​ថៃ មក​កម្ពុជា​។ សម្ដេច អះអាងថា បើ​សម្ដេច​យល់ព្រម​តាម​សំណើ​នោះ វា​ហាក់ដូចជា​សម្លាប់​កសិក​រ​ខ្មែរ ដែល​កំពុង​ចិញ្ចឹម​ជ្រូក ក៏ដូចជា​ការចិញ្ចឹម​សត្វ​ដទៃទៀត​ដែរ​។ 
 
«​កុំ​នាំចូល​(​សត្វ )​ពី​គេ ហើយ​សម្លាប់​ការចិញ្ចឹម​សត្វ​ក្នុងប្រទេស​របស់ខ្លួន​។ ខ្ញុំ​មិន​យល់ស្រប​ចំណុច​ហ្នឹង​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បន្ថែមថា ការបើក​ឱ្យ​នាំចូល​ជ្រូក ឬ​សត្វ​ដទៃ​ពី​ប្រទេស​ថៃ ឬ​វៀតណាម​នោះ វា​ដូចជា​បើកឱកាស​ទីផ្សារ​ឱ្យគេ ជាង​កម្ពុជា ដែល​ធ្វើឱ្យ​ខាត​ប្រយោជន៍​កសិករ​ខ្មែរ​៕

Tag:
 កសិកម្ម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com