អាមេរិក និង​រុស្ស៊ី​ជជែក​គ្នា​ពី​ការរៀបចំ​ជំនួប​មេដឹកនាំ​មហាអំណាច​ទាំង​៥
អន្តរជាតិ
អាមេរិក និង​រុស្ស៊ី​ជជែក​គ្នា​ពី​ការរៀបចំ​ជំនួប​មេដឹកនាំ​មហាអំណាច​ទាំង​៥
14, Jul 2020 , 8:29 pm        
រូបភាព
​ប្រមុខ​ការទូត​អាមេរិក និង​រុស្ស៊ី នៅ​ថ្ងៃទី​១៣ ខែកក្កដា បាន​ជជែក​គ្នា​ពី​គម្រោង​រៀបចំ​ជំនួប​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​៥ ដែល​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​អ្នកផ្ដើមគំនិត​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ពិភពលោក ផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​អន្តរជាតិ​នានា​។ ប្រទេស​ទាំងពីរ មិនមាន​ការកំណត់​ពេល​វេលា ទីតាំង ឬក៏​របៀប​ដែល​ជំនួប​កំពូល​នេះ​ត្រូវធ្វើឡើង​ឡើយ​។​

 
​អំឡុងពេល​កិច្ចសន្ទនា​តាម​ទូរ​សព្ទ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​សម​ភាគី​រុស្ស៊ី Sergey Lavrov បាន​ជជែក​ពី​ការរៀបចំ​ជំនួប​មេដឹកនាំ​មហាអំណាច​ទាំង​៥ (P5) នៅ​ថ្ងៃ​ខាងមុខ​ដើម្បី​អបអរ​ខួប​ទី​៧៥ ថ្ងៃ​បង្កើត​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​១៣ ខែកក្កដា​។​
 
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន តែង​ទទូច​ឲ្យ​រៀបចំ​ជំនួប​បែបនេះ​ដើម្បី​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ប្រទេស​មហាអំណាច​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ជួប​មុខ​គ្នា​។ បើ​លេច​ជា​រូបរាង​មែន លោក ពូ​ទីន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​, ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​, ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន​។ 
 
​កាលបរិច្ឆេទ​នៃ​ជំនួប​នេះ មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ ដោយ​ក្រសួងការបរទេស​អាមេរិក​មិនបាន​បញ្ជាក់ ហើយ​សូម្បីតែ​ទីតាំង ឬ​ការ​របៀប​ប្រជុំ​នៅ​មិនទាន់មាន​ជាក់លាក់​ដែរ​។ ប៉ុន្តែ​បើ​គិតពី​ថ្ងៃ​បង្កើត​អង្គការសហប្រជាជាតិ​វិញ ជំនួប​នេះ​អាចធ្វើ​នៅ​ខែកញ្ញា ដែលជា​ពេលវេលា​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​គ្រោង​រៀបចំ​នៅ​ខែវិច្ឆិកា​។ 
 
​លោក ពូ​ទីន ចង់ឃើញ​ជំនួប​មេដឹកនាំ​ប្រទេស​មហាអំណាច​ត្រូវ​រៀបចំ​ដើម្បី​ធ្វើជា​វេទិកា​សម្រាប់​មហាអំណាច​នីមួយៗ ពិសេស​រុស្ស៊ី​ខ្លួនឯង អាចរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​សាកល ខណៈ​នៅពេល​បច្ចុប្បន្ន ពិភពលោក​ហាក់​ស្ថិតក្រោម​ឥទ្ធិពល​របស់លោក​ខាងលិច​។ ខណៈ​ជំងឺ COVID-19 បន្ត​អុកឡុក លោក ពូ​ទីន ក៏​ផ្ដើម​រំឭក​ពី​សារសំខាន់​ជំនួប​មេដឹកនាំ P5 នេះ​ជាថ្មី​។​
 
​ទាក់​ទំនង​ជំនួប​មេដឹកនាំ​ពិភពលោក​នេះ លោក ត្រាំ ក៏​ធ្លាប់​បង្ហើ​បំណង​ពង្រីក​ជំនួប​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន (G7) ដែរ​។ ប៉ុន្តែ G7 មិនមាន​ចិន និង​រុស្ស៊ី​ឡើយ​។ លោក ត្រាំ ចង់​ឲ្យ G7 មាន​សមាជិក​ថែម​បួន ឬ​ប្រាំ​ប្រទេស​ទៀត​ដើម្បី​ឲ្យ​ស្របតាម​សភាពការណ៍​បច្ចុប្បន្ន ខណៈ​រូបមន្ត G7 សព្វថ្ងៃ ត្រូវបាន​មេដឹកនាំ​អាមេរិក​រូប​យល់ថា ហួស​សម័យ​ទៅហើយ​៕  
 
 

Tag:
 អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com