សង្គមអន្តរជាតិ
អន្តរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតអាវុធដ៏ល្បីរបស់អាមេរិក Lockheed Martin
× ទីក្រុងប៉េកាំង នៅថ្ងៃទី១៤ ខែកក្កដា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធដ៏ល្បីរបស់អាមេរិក Lockheed Martin។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានយល់ព្រមលក់ជាកញ្ចប់នៃគ្រឿងបង្គុំខែលការពារមីស៊ីលPatriot មកឲ្យតៃវ៉ាន់ ហើយក្រុមហ៊ុន Lockheed Martin គឺជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំខែលការពារមីស៊ីលនេះផ្ទាល់។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានទាមទារឲ្យអាមេរិក បញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់ ដើម្បីបញ្ចៀសភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជាពិសេស គឺដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅតាមច្រកសមុទ្រតៃវ៉ាន់។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរទេសចិនបែបនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានផ្តល់ភ្លើងបៃតងលក់គ្រឿងបង្គុំនៃខែលការពារមីស៊ីល Patriot ឲ្យតៃវ៉ាន់។ ក្រុមហ៊ុនផលិតអាវុធ Lockheed Martin ជាភាគីផ្គត់ផ្គង់គ្រឿងបង្គុំរបស់ខែលការពារមីស៊ីលឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណជា៦២០លានដុល្លារ។
ទន្ទឹមនេះ លោក Zhao បានបន្តថា ដើម្បីការពារផលប្រយោជន៍របស់ប្រទេស ចិនសម្រេចចាត់វិធានការមួយចំនួន និងដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានលំអិតពីទណ្ឌកម្ម និងវិធានការរបស់ចិន ដែលត្រូវដាក់លើក្រុមហ៊ុន Lockheed Martin នោះទេ។
កន្លងមក ចិនក៏ធ្លាប់ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាមេរិកក្នុងទម្រង់បែបនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ទេ ថាតើជាទណ្ឌកម្មបែបណា។ តាមការចុះផ្សាយរបស់ទស្សនាវដ្ដី Time ចិនធ្លាប់ព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាមេរិក General Dynamics Corp និង Honeywell International Inc បន្ទាប់ពីលក់អាវុធឲ្យតៃវ៉ាន។
សូមបញ្ជាក់ថា Lockheed Martin គឺជាក្រុមហ៊ុនផលិតអាវុធដ៏ល្បីមួយរបស់អាមេរិក ដែលផ្គត់ផ្គង់អាវុធជាច្រើនប្រភេទ ទៅឲ្យបណ្តាលប្រទេសមួយចំនួន។ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនមួយនេះ អាចរកប្រាក់ចំនូលបានរហូតដល់ទៅ ៥៩,៨ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com