ស្ថាប័នកំពូលរបស់ព្រះសង្ឃ ស្នើឲ្យចាត់វិធានការលើបទ «លួចស្រឡាញ់ប៉ះចំតែសង្សារលោក»
ជាតិ
សាសនា / ធម៌
ស្ថាប័នកំពូលរបស់ព្រះសង្ឃ ស្នើឲ្យចាត់វិធានការលើបទ «លួចស្រឡាញ់ប៉ះចំតែសង្សារលោក»
15, Jul 2020 , 1:56 pm        
រូបភាព
រូបគ្របខាងមុន (រូប Cover ឬហៅថាជា Thumbnail) នៃវីដេអូបទចម្រៀងលួចស្រឡាញ់ប៉ះចំតែសង្សារលោក មិនមែនជារូបព្រះសង្ឃខ្មែរឡើយ តែជារូបក្នុងខ្សែភាពយន្តរបស់ថៃ
រូបគ្របខាងមុន (រូប Cover ឬហៅថាជា Thumbnail) នៃវីដេអូបទចម្រៀងលួចស្រឡាញ់ប៉ះចំតែសង្សារលោក មិនមែនជារូបព្រះសង្ឃខ្មែរឡើយ តែជារូបក្នុងខ្សែភាពយន្តរបស់ថៃ
ដោយ: ថ្មីៗ
គណៈសង្ឃនាយក ដែលជាស្ថាប័នខ្ពស់បំផុតក្នុងការគ្រប់គ្រងព្រះសង្ឃនៅកម្ពុជា ស្នើទៅក្រសួងធម្មការនិងសាសនា រួមទាំងអាជ្ញាធរពាក់ព័ន្ធ ឲ្យចាត់វិធានការលើអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន ដែលបានបង្ហោះវីដេអូឃ្លីបចម្រៀងបទលួចស្រឡាញ់ប៉ះចំតែសង្សារលោក ជាមួយនឹងការកាត់រូបភាពជាច្រើនសន្លឹក បង្ហាញពីទំនាក់ទំនងនិងជានែបនិត្យរវាងព្រះសង្ឃជាមួយនារី បញ្ចូលទៅក្នុងបទចម្រៀងនេះ។



សំណើសុំចាត់វិធានការរបស់គណៈសង្ឃនាយក ទៅកាន់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅក្រោយ៥ថ្ងៃ ដែលទំព័រហ្វេសប៊ុក Troll យឹម តន បានបង្ហោះបទចម្រៀងនេះ ដោយមានអ្នកចែករំលែកដល់ទៅ៦៨ពាន់ហើយ។ ប្រហែលជាទំព័រហ្វេសប៊ុក Troll យឹម តន នេះហើយ ដែលបង្ហោះវីដេអូចម្រៀងបទលួចស្រឡាញ់ប៉ះចំតែសង្សារលោក មុនគេ។

បន្ទាប់ពីគណៈសង្ឃនាយក ចេញសេចក្តីថ្លែងការណ៍ លោក ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដាក់សំណើភ្លាម នៅថ្ងៃទី១៥ ខែកក្កដា ទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីសុំឲ្យចាត់វិធានការលុបវីដេអូបទចម្រៀងនេះ ចេញពីទំព័រហ្វេសប៊ុក Troll យឹម តន និងលុបចេញពី ឆាណែល យូធូប (Chanel Youtube) ឈ្មោះ Troll អាចោរថង់យាម Official។

ក្នុងលិខិតនោះ លោក ឈិត សុខុន ជម្រាបលោក ខៀវ កាញារីទ្ធ ថា បទចម្រៀងនេះ បន្ទាបបន្ថោកតម្លៃព្រះពុទ្ធសាសនា ព្រមទាំងមានអត្ថន័យទុច្ចរិត ញុះញង់ឲ្យមានការរើសអើង បង្កឲ្យមានភាពចលាចល និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ថា លោក មិនទាន់បានឃើញលិខិត ដែលរដ្ឋមន្រ្តីក្រសួងធម្មការ ដាក់ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មាននោះទេ ដូច្នេះលោក មិនទាន់អាចធ្វើអត្ថាធិប្បាយបានឡើយ។ លោក មានប្រសាសន៍យ៉ាងខ្លីថា៖«ខ្ញុំ សុំពេលឆែកមើលតិចសិន»។ 

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយបន្ថែមពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ ហើយលោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រាប់ថាលោក កំពុងជាប់ប្រជុំ។ 

តាមរយៈសេចក្តីថ្លែងការណ៍ គណៈសង្ឃនាយក បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន និងបានហៅទង្វើនេះ ថាជាទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និង ភាពជាអមនុស្ស។

គណៈសង្ឃនាយក ថែមទាំងចាត់ទុក ការប្រើពាក្យពេចន៍បែបវាយប្រហារព្រះសង្ឃ ក្នុងបទចម្រៀង ជាមួយនឹងការកាត់តរូបព្រះសង្ឃ ក្នុងលក្ខណៈអាសអាភាសជាមួយស្រ្តីភេទ ថាជាចេតនាបំផ្លិចផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និង តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លើសពីនេះ គណៈសង្ឃនាយក ចាត់ទុក វីដេអូបទចម្រៀងនេះ ថាជាការប្រមាថព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ ហើយពុទ្ធបរិស័ទ ក៏មានទោមនស្សនិងកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែង ចំពោះទង្វើដ៏អកុសលនេះ។

គណៈសង្ឃនាយក បំភ្លឺសាធារណជនថា ក្នុងចំណោមរូបភាពព្រះសង្ឃ ដែលត្រូវបានយកទៅកាត់តភ្ជាប់ជាមួយស្រ្តីភេទ មានរូបភាពខ្លះ [ដែលព្រះសង្ឃ បានប្រព្រឹត្តខុសមែន] ត្រូវបានគណៈសង្ឃគ្រប់ជាន់ថ្នាក់ ដោះស្រាយតាមច្បាប់និងព្រះវិន័យរួចហើយ ហើយរូបភាពខ្លះ ជារូបភាពព្រះសង្ឃបរទេស និង រូបភាពខ្លះទៀត ជារូបភាពព្រះសង្ឃ ពុំបានប្រព្រឹត្តកំហុសអ្វីឡើយ ក៏ត្រូវបានយកទៅកាត់តដែរ ដើម្បីត្មះតិះដៀលនិងបន្ទាបបន្ថោកដោយអយុត្តិធម៌។

គណៈសង្ឃនាយក សង្កេតឃើញថា មិនមែនទើបតែឥឡូវនេះទេ ទំព័រហ្វេសប៊ុក Troll យឹម តន បានប្រព្រឹត្តអំពើអកុសលជាដដែលៗ និងរបៀបនេះជាច្រើនឆ្នាំកន្លងមកហើយ ដោយបានយកអធិករណ៍របស់ព្រះសង្ឃ ធ្វើជាអាជីព។ គណៈសង្ឃនាយក ប្រកាសថា មិនអាចទទួលយកបានជាដាច់ខាត ចំពោះទង្វើរបស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន។

គណៈសង្ឃនាយក លើកឡើងថា កម្ពុជា ជាប្រទេស ដែលមានច្បាប់ វិន័យ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌ សាសនា ទស្សនវិជ្ជា សម្រាប់អប់រំមនុស្ស ឲ្យរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ សុចរិតធម៌ និង វឌ្ឍនធម៌យ៉ាងពេញបរិបូរ។ ដោយផ្អែកលើមូលដ្ឋាននេះហើយ ទើបបានជាគណៈសង្ឃនាយក ស្នើឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការ ដើម្បីទប់ស្កាត់ទង្វើមិនល្អជាដដែលៗបែបនេះ។

ទំនុកបទលួចស្រឡាញ់ប៉ះចំតែសង្សារលោក៖  

I. ជាតិនេះឆាចោលហើយ មិនអាចញ៉ែឈ្នះលោកទេ ឬមួយមកពីគេជាអ្នកមានសីល។
លោកអង្គខ្លះមានស្រី មិនមែនត្រឹមមួយពីរឡើយ បើញោមដឹងហើយ ខ្មាសលោកទេ។

II. ញ៉ែមិនទាន់លោកទេ ព្រោះលោកញ៉ែលឿនៗណាស់ ហើយទិចនិចក៏ច្បាស់ មានមួយកំផ្លេ។
ទាំងបោកលុយតាយាយ ពេលខ្លះផឹកស៊ីណាស់ដែរ លោកខ្លះខំញ៉ែស្រីរាប់ភ្លេច។

R. ឲ្យតែស្រឡាញ់អ្នកណា ដឹងមានលោកធ្វើសង្សារហើយ កម្មម្ល៉េះលោកអើយ មិនយល់ឡើយ លួចស្រឡាញ់ប៉ះចំតែសង្សារលោក។

III. ខកបំណងទៀតហើយ ផ្តើមទៅបួសមែនទេ ធ្វើចោរថង់យាម ស្រួលបោកស្រួលញ៉ែខ្លាំងណាស់។

គេ មិនទាន់ដឹងច្បាស់ឡើយថា អ្នកណា និពន្ធ ហើយអ្នកណា ច្រៀងបទនេះ។

យ៉ាងណា ព្រះតេជគុណ ខឹម ប៊ុនលឿម ដែលធ្លាប់គាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអស់រយៈពេល១០ឆ្នាំ សន្និដ្ឋានថា បទចម្រៀងនេះ គឺចេញពីខាងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ព្រះតេជគុណ ហ៊ានសន្និដ្ឋានបែបនេះ ដោយសារតែចម្រៀងនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Troll យឹម តន ដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

ព្រះតេជគុណ ខឹម ប៊ុនលឿម ដែលចាកចេញពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហើយនោះ មានសង្ឃដីកាថា ព្រះអង្គ ក៏ធ្លាប់ស្គាល់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន ដែរ តែព្រះអង្គ សុំមិនបញ្ចេញអត្តសញ្ញាណនោះទេ។ ចំណែក អ្នកច្រៀងបទនេះ ព្រះអង្គ គ្រាន់តែសន្និដ្ឋានថា ជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តែព្រះអង្គ មិនដឹងច្បាស់ថា អ្នកណាឡើយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ព្រះតេជគុណ ខឹម ប៊ុនលឿម បញ្ជាក់ដូច្នេះថា៖«[បទហ្នឹង] គ្មានចេញពីណាទេ គឺចេញពីនុ៎ង [គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ]»។

ព្រះអង្គ បន្តថា មិនមែនជាបទទីមួយទេ កន្លងមក អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ធ្លាប់និពន្ធនិងច្រៀងចម្រៀងវាយប្រហារព្រះសង្ឃដែរ ដូចជា សឹកហើយបួសវិញ ជាដើម ដែលជាលំនាំបទបុណ្យភូមិ។ ព្រះអង្គ បន្ថែមថា បទសឹកហើយបួសវិញនោះ ក៏ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Troll យឹម តន ដែរ។

បើគេបានស្តាប់ បទសឹកហើយបួសវិញ ក៏មានអត្ថន័យវាយប្រហារព្រះសង្ឃ ដូចបទលួចស្រឡាញ់ប៉ះចំតែសង្សារលោកដែរ។

មិនខុសពីគណៈសង្ឃនាយក ព្រះអង្គ ខឹម ប៊ុនលឿម យល់ថា រឿងព្រះសង្ឃខ្លះ ដែលធ្វើខុស ត្រូវបានដោះស្រាយរួចអស់ហើយ តែត្រូវបានអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាជាធិបតេយ្យ លើកយកមកវិញ ដើម្បីជាន់ពន្លិច។ ព្រះអង្គ ប្រៀបធៀបដូច្នេះថា៖«សព ដែលគេកប់ហើយ ហើយទៅគាស់មកវិញ ធ្វើឲ្យស្អុយដល់អ្នកស្រុក»។

ព្រអង្គ មានសង្ឃដីកាដូចគណៈសង្ឃនាយកទៀតថា រូបភាពព្រះសង្ឃអង្គខ្លះ គឺមិនពិតនោះទេ ហើយរូបភាពខ្លះ គឺជាព្រះសង្ឃបរទេស។

សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង កូវ គា អ្នកនាំពាក្យគណបក្សនេះ ដើម្បីឆ្លើយតបចំពោះការនិពន្ធនិងការច្រៀងបទចម្រៀងខាងលើ តែលោកទាំងពីរ មិនលើកទូរស័ព្ទ។

មជ្ឈដ្ឋានខ្លះ មើលឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា តែងប្រទូសរ៉ាយជាមួយព្រះពុទ្ធសាសនានិងព្រះសង្ឃ។ តែអ្នកគាំទ្រ ជាពិសេសលោក ខឹម វាសនា ជាប្រមុខបក្ស តែងបកស្រាយថា ក្រុមលោក រករឿងតែព្រះសង្ឃខូចៗប៉ុណ្ណោះ ចំណែកព្រះសង្ឃត្រឹមត្រូវ គឺក្រុមលោក គោរពស្រឡាញ់។

ក្រុមលោក ក៏បានបកស្រាយដែរថា គ្មានចេតនាលុបបំបាត់សាសនានោះទេ គ្រាន់តែជួយកែប្រែចំណុចមិនល្អប៉ុណ្ណោះ ដូចជា ជាការជឿអ្វីមួយដោយគ្មានហេតុផល ជាដើម។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានទស្សនៈថា ការជឿសាសនាដោយគ្មានហេតុផល គឺជាការបំផ្លាញខួរក្បាលរបស់ប្រជាពលរដ្ឋ ដែលជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រទេសជាតិ។

រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ រីឯ ក្រមព្រហ្មទណ្ឌ កំណត់ថា ការប្រមាថព្រះសង្ឃ ដូនជី ឬតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ៦ថ្ងៃ និងពិន័យប្រាក់ពី ១ពាន់រៀល ទៅ១សែនរៀល៕

Tag:
 គណៈសង្ឃនាយក
© រក្សាសិទ្ធិដោយ thmeythmey.com