COVID-19
ជាតិ
កូ​វីដ​-១៩៖ UN ផ្តល់​ថវិកា​១​លាន​ដុល្លារ​លើ​គម្រោង​ការពារ​ព​លករ​ខ្មែរ​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​
15, Jul 2020 , 3:43 pm        
រូបភាព
ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ពិនិត្យ​សុខភាព​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តសៀមរាប​កន្លងមក​។ រូបថត អ៊ី​សា រ៉​ហា​នី​
ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ពិនិត្យ​សុខភាព​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តសៀមរាប​កន្លងមក​។ រូបថត អ៊ី​សា រ៉​ហា​នី​
 ​ភ្នំពេញ​៖  អង្គការសហប្រជាជាតិ​(UN)​ប្រចាំ​កម្ពុជា បានអនុម័ត​គម្រោង​ថវិកា​១​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ជួយ​ការពារ​ពលករ​ទេសន្តរប្រវេសន៍​ដែល​ធ្វើ​មាតុភូមិនិវត្តន៍ និង​ការពារ​ការចម្លង​ជំងឺ​ដល់​សហគមន៍​។ គម្រោង​ថវិកា​សម្រាប់​គាំពារ​ដល់​ពលករ​នេះ ត្រូវបាន​សម្តេច ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ជន​ទេស​ន្ដ​ប្រវេសន៍ ដែល​វិលត្រឡប់​ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៤​កក្កដា ឆ្នាំ​២០២០​។​

 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជាក់ថា គម្រោង​ថវិកា​១​លាន​ដុល្លារ​អាមេរិក​នេះ សម្រាប់​រយៈពេល​៦​ខែ​ដែល​នឹង​អនុវត្ត​ឡើង​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្តសៀមរាប ដែលមាន​ពលករ​ខ្មែរ​ត្រឡប់​មកពី​បរទេស​ច្រើនជាងគេ​នៅ​កម្ពុជា ពិសេស​គឺ​មកពី​ប្រទេស​ថៃ​។ បើតាម​ប្រសាសន៍​សម្តេច ក្នុង​រយៈពេល​៦​ខែ​នេះ​ប្រសិនបើ​កម្ពុជា​ពិសេស​ក្រសួងមហាផ្ទៃ​ប្រើប្រាស់​ថវិកា​សម្រាប់​ជួយ​ដល់​ពលករ​ទេសន្តរប្រវេសន៍ មាន​ប្រសិទ្ធភាព​បានល្អ និង​ចំ​គោលដៅ នោះ​នឹង​ទទួលបាន​ថវិកា​គាំទ្រ​បន្ថែមទៀត​ពី​អង្គការសហប្រជាជាតិ​។ 


 សម្តេច ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ជន​ទេស​ន្ដ​ប្រវេសន៍ ដែល​វិលត្រឡប់​ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៤​កក្កដា ឆ្នាំ​២០២០​។​

​យ៉ាងណាមិញ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រូបនេះ មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ក្នុងការ​ប្រើប្រាស់​កញ្ចប់​ថ​វិកា​១​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ពលករ​នៅឡើយ ដោយ​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់​កញ្ចប់​ថវិកា​នេះ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​
 
​បច្ចុប្បន្ន មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១០០,៥៦៨​នាក់ ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​កម្ពុជា​ប្រកាស​បិទ​ព្រំដែន​ថៃ ដោយសារតែ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អ្នកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ខាងលើ​។ 
 
​អ្នកស្រី​ជូ ប៊ុន​អេង បញ្ជាក់ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​ទាំង​ជាង​១០​ម៉ឺន​នាក់​នេះ គឺ​គិត​ចាប់ពី​ថ្ងៃទី​២១​មីនា ក្រោយ​ការប្រកាស​បិទ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ថៃ មកដល់​ថ្ងៃទី​៧​កក្កដា ឆ្នាំ​២០២០​។ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រូបនេះ  បាន​បន្តថា​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ត្រឡប់​ពី​ថៃ​នោះ មាន​ជិត ៦០​ភាគរយ ជា​អ្នក​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​សៀមរាប​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥​កក្កដា ឆ្នាំ​២០២០ ប្រទេស​ថៃ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន​៣,២២៧​នាក់ ដោយមាន​អ្នកជា​សះស្បើយ​៣,០៩១​នាក់ និង​ស្លាប់​៥៨​នាក់​។ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ចំនួន​១៦៥​នាក់ ក្នុងនោះ​១៣៣​នាក់​បានជា​សះស្បើយ និង​៣២​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នេះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕ 
 

Tag:
 ពលករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com