ជាតិ
ពី​អ្នក​ដែល​ធ្លាប់​កាប់​ឈើ ទៅជា​អ្នក​បើកទូក​ទេសចរណ៍ និង​ការពារ​ធនធានធម្មជាតិ​...
16, Jul 2020 , 8:29 am        
រូបភាព
​កោះកុង​៖ លោក ឃឿន រ៉ាត់ និង​លោក ហាន់ ប្រុស ជា​អ្នក​បើកទូក​ដឹក​ភ្ញៀវទេសចរ​តាម​តំបន់​ទេសចរណ៍ធម្មជាតិ​ជី​ផាត​ក្នុង​ខេត្តកោះកុង​។ កន្លងមក ពលរដ្ឋ​ទាំងពីរ​រូបនេះ ប្រកបរ​បរបាញ់​សត្វព្រៃ កាប់​ទន្ទ្រាន​ព្រៃឈើ និង​នេសាទ​ខុសច្បាប់​ជាដើម​។ ប៉ុន្តែ​ក្រោយពី​ក្រសួងបរិស្ថាន សហការ​ជាមួយ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ហាមឃាត់ និង​ទប់ស្កាត់ លើ​ការបំផ្លាញ​ធនធានធម្មជាតិ ពួកគាត់​ទាំងពីរ​នាក់ បាន​ផ្លាស់ប្ដូរ​អាជីព​មក​បើកទូក​ដឹក​ភ្ញៀវទេសចរ​វិញ ហើយ​សប្បាយចិត្ត​ជាមួយ​របរ​មួយ​នេះ និង​មិន​ចង់​ឲ្យ​ធនធានធម្មជាតិ​ទាំងនេះ​បាត់​បន្ត​ទៀតឡើយ​។​



​ក្រោយពី​ប្រភព​ចំណូល​របស់ខ្លួន​ត្រូវបាន​ហាមឃាត់​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​មានការ​ពន្យល់​ពី​សារសំខាន់​របស់​ធម្មជាតិ លោក ហាន់ ប្រុស បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នក​បើកទូក​ដឹក​ភ្ញៀវទេសចរ​រយៈពេល ៥​ឆ្នាំ​ហើយ​។ 
 
​លោក ហាន់ ប្រុស ប្រាប់ Thmeythmey25 ដូច្នេះ​ថា​៖«​រយៈពេល​៥​ឆ្នាំ​មកនេះ​ដែល​ខ្ញុំ​ធ្វើជា​អ្នកបើក​ទូក​ដឹក​ភ្ញៀវទេសចរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រឡាញ់​ធម្មជាតិ ហើយក៏​សប្បាយចិត្ត​ជាមួយ​ភ្ញៀវទេសចរ​ដែល​មក​ជិះទូក​នេះ​ផងដែរ​»​។ 


 លោក ឃឿន រ៉ាត់

​លោក​បន្តថា ចំណូល​រកបាន​ពី​ការនេសាទ មិន​លើស​អី​ពី​ការ​បើកទូក​នេះ​ទេ​។ លោក​ពេញ​ចិត្តនឹង​ការងារ​នេះ​ណាស់ ព្រោះ​លោក​អាច​រកចំណូលបាន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​ឲ្យ​កូន​រៀន​បាន​។ 
 
​ចំណែកឯ​អតីត​អ្នក​កាប់​ឈើ​ខុសច្បាប់​លោក ឃឿន រ៉ាត់ បាន​ប្តូរ​មកជា​អ្នកបើក​ទូក​ដឹក​ភ្ញៀវទេសចរ​វិញ​។ លោក​សប្បាយចិត្ត​ជាមួយ​ការងារ​មួយ​នេះ ហើយ​លោក​ក៏​ចង់​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ដែលមាន​ផងដែរ​។ 


 លោក ហាន់ ប្រុស

«​ព្រៃឈើ​ធម្មជាតិ​ទាំងអស់នេះ វា​ពិត​ជាមាន​ប្រយោជន៍​។ ខ្ញុំ​សប្បាយចិត្ត​ដែល​ធ្វើជា​អ្នកបើក​ទូក​ដឹក​ភ្ញៀវ​បែបនេះ​។ ខ្ញុំ​រំភើប​នៅពេល​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃឿន រ៉ាត់ ដោយ​បន្តថា លោក​ធ្លាប់ធ្វើ​ការងារ​ច្រើន​កន្លែង​រួចមកហើយ មិនមែន​តែ​កាប់​ព្រៃ បាញ់​សត្វ ឬ​បើកទូក​នេះ​ទេ​។ ប៉ុន្តែ​ការធ្វើជា​អ្នកបើក​ទូក​នេះ លោក​មិន​គិតថា​ចង់​ផ្លាស់ប្តូរ​ទៀត​នោះទេ​។ 
 
​ជាមួយគ្នានេះ លោក ហាន់ ប្រុស វ័យ​៣២​ឆ្នាំ បញ្ជាក់ទៀតថា​៖ លោក​មិន​ដែលមាន​អារម្មណ៍​ថា​ធុញ​នឹង​ការបើក​ទូក​ដឹក​ភ្ញៀវទេសចរ​នេះឡើយ​។ ការងារ​នេះ ធ្វើ​ឲ្យ​គាត់​ស្រឡាញ់​ធនធានធម្មជាតិ​ក្នុងស្រុក និង​មិន​ចង់​ផ្លាស់ប្តូរ​អាជីព​ឡើយ​។ លោក​បន្តថា លោក​បើកទូក​ដឹក​ភ្ញៀវទេសចរ​មួយថ្ងៃ អាច​រកបាន​១០​ម៉ឺន​រៀល​។ លោក​ស្រឡាញ់​អាជីព​មួយ​នេះ ហើយ​ចង់​ឲ្យ​កូន​របស់ខ្លួន​ក្លាយជា​មគ្គទេសក៍​នាំ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com