COVID-19
អន្តរជាតិ
ទីក្រុង​តូ​ក្យូ ដំឡើង​កម្រិត​អាសន្ន​ខ្ពស់បំផុត បន្ទាប់ពី​ករណី​ឆ្លង COVID-19 ហក់​ឡើងជា​ច្រើន​ថ្ងៃ​
16, Jul 2020 , 11:06 am        
រូបភាព
លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ។ រូបភាព៖ Kyodo
លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ។ រូបភាព៖ Kyodo
​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​១៥ ខែកក្កដា បាន​ដំឡើង​កម្រិត​អាសន្ន​នៃ​ករណី​ឆ្លង COVID-19 នៅក្នុង​ទីក្រុង​ទៅ​កម្រិត​ខ្ពស់បំផុត​។ ការដំឡើង​កម្រិត​អាសន្ន​នេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​តូ​ក្យូ បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។


​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព​កូ​រ៉ូ​ណាវី​រុស​នៅ​ក្រុង​ទីក្រុង​តូ​ក្យូ លោកស្រី Koike Yuriko អភិបាលក្រុង​តូ​ក្យូ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បានសម្រេច​ថា យើង​ត្រូវ​ការដំឡើង​កម្រិត​អាសន្ន ដើម្បី​ការពារ​ប្រជាជន ខណៈ​កូ​រ៉ូ​ណាវី​រុស កំពុងតែ​រាតត្បាត​»​។ បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ជប៉ុន NHK ទីក្រុង​តូ​ក្យូ បានសម្រេច​ដំឡើង​កម្រិត​អាសន្ន ទៅ​កម្រិត​ខ្ពស់បំផុត ក្នុងចំណោម​កម្រិត​អាសន្ន​ចំនួន​៤​នៃ​COVID-19​។  
 
​ទីក្រុង​តូ​ក្យូ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ច្រើនជាង​២០០​ករណី​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ធ្លាក់ចុះ​បន្តិច ដោយមាន​ចំនួន ១៦៥​ករណី​។ យ៉ាងណាក៏ដោយ ចំនួន​១៦៥​ករណីនេះ ក៏​នៅតែ​ច្រើន​ដដែល​។ 
 
​ទាក់ទិន​នឹង​ការដំឡើង​កម្រិត​អាសន្ន​បែបនេះ លោកស្រី​អភិបាលក្រុង បាន​ទទូច​ឲ្យ​ប្រជាជន​កុំ​ធ្វើដំណើរ​ទៅ​កន្លែង​ណាមួយ​បើ​មិនចាំបាច់ និង​កុំទៅ​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ទាំងឡាយណា ដែល​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19 ត្រឹមត្រូវ​។ ចំណែក​ម្ចាស់​អាជីវកម្ម​វិញ លោកស្រី​អភិបាលក្រុង បាន​សំណូមពរ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាង​មុន​លើ​កូ​រ៉ូ​ណាវី​រុស ដើម្បី​បញ្ចៀស​ការ​រាតត្បាត​នៃ​ករណី​ឆ្លង​។ 
 
​គិត​ចាប់តាំងពី​ជប៉ុន​លើកចោល​ស្ថានភាព​អាសន្ន​នៅក្នុង​ប្រទេស​តាំងពី​ថ្ងៃទី​២៥ ខែឧសភា​មក នៅ​តំបន់​ផ្សេងទៀត​ក្រៅពី​ទីក្រុង​តូ​ក្យូ​ក៏មាន​ការកើនឡើង​ដែរ​។ នៅក្នុង​ថ្ងៃទី​១៥ ខែកក្កដា នៅ​ទីក្រុង​អូ​សា​កា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង ៦១​ករណី​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា ជប៉ុន​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន​២២៥០៨​ករណី អ្នកស្លាប់​មាន​ចំនួន ៩៨៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៨៥៤៥​នាក់​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com