COVID-19
អន្តរជាតិ
​បង់​ក្លា​ដែ​ស​ចាប់ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់​ដែល​ចេញ​លិខិតបញ្ជាក់​គ្មាន COVID-19 ទាំង​មិនទាន់​ពិនិត្យ​
16, Jul 2020 , 11:35 am        
រូបភាព
បុរសឈ្មោះ Mohammad Shahed ត្រូវបានប៉ូលិសបង់ក្លាដែសចាប់ខ្លួន។ រូបភាព AFP
បុរសឈ្មោះ Mohammad Shahed ត្រូវបានប៉ូលិសបង់ក្លាដែសចាប់ខ្លួន។ រូបភាព AFP
​ប៉ូលិស​បង់​ក្លា​ដែ​ស បាន​ចាប់ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់​ដែល​ចោទប្រកាន់ថា បានចេញ​លិខិត​បញ្ជាក់ថា​គ្មាន COVID-19 ក្លែងក្លាយ​រាប់ពាន់​សន្លឹក​។ ម្ចាស់​មន្ទីរពេទ្យ ត្រូវបាន​ចាប់ខ្លួន​ពេល​ប្រុង​គេចខ្លួន​ទៅកាន់​ឥណ្ឌា​។​

 
​ប៉ូលិស​បង់​ក្លា​ដែ​ស បាន​ចាប់ខ្លួន​បុរស​ឈ្មោះ Mohammad Shahed ក្រោយ​រត់គេចខ្លួន​៩​ថ្ងៃ​មកហើយ​។ រូបគេ ត្រូវបាន​ចោទថា ចេញ​លិខិតបញ្ជាក់​លទ្ធផល​អវិជ្ជមាន​ជំងឺ COVID-19 នៅ​គ្លីនិក​ចំនួន​ពីរ ទាំង​ពេលខ្លះ​មិនបាន​ធ្វើតេស្ត​អ្នកជំងឺ​ផង​នោះ​។ 
 
​វរសេនីយ៍ Ashique Billah អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​ប៉ូលិស​បង់​ក្លា​ដែ​ស​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា Shaheed ដែលមាន​វ័យ​៤២​ឆ្នាំ ត្រូវ​ចាប់ខ្លួន​នៅក្បែ​ច្រាំងទន្លេ​មួយកន្លែង​នៅជាប់​ព្រំដែន​ជាមួយ​ឥណ្ឌា ខណៈ​ប្រុង​រត់គេចខ្លួន​។ ប៉ូលិស​ដដែល​បន្តថា គ្លីនិក​របស់ Shaheed បានធ្វើ​តេស្ត​រក COVID-19 ចំនួន​១០៥០០ ក្នុងនោះ​តេស្ត​ចំនួន​៤២០០ គឺ​ត្រឹមត្រូវ ហើយ​៦៣០០​តេស្ត​ទៀត មាន​លទ្ធផល​ទាំង​មិនបាន​ធ្វើតេស្ត​អ្វី​ទាំងអស់​។​
 
​ក្រៅពី​ការបន្លំ​លទ្ធផល Shaheed ក៏ត្រូវ​ចោទថា យក​ថ្លៃ​ពី​ការធ្វើ​តេស្ត​នៅ​គ្លីនិក​មួយកន្លែង​ក្នុង​រដ្ឋធានី​ដា​ក្កា ទាំង​ខ្លួន​បាន​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​ថា មិន​យក​កម្រៃ​អ្វី​ឡើយ​។ 
 
​បុរស​រូបនេះ ស្ថិត​ក្នុងចំណោម​ជនសង្ស័យ​ជាច្រើន​ដែល​បោកប្រាស់​ប្រជាជន​បង់​ក្លា​ដែ​ស​ទាក់ទង​ការធ្វើ​តេស្ត​រក COVID-19 ។ បើតាម AFP គ្រូពេទ្យ​ល្បីឈ្មោះ​ម្នាក់ និង​ស្វាមី ក៏​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ចេញ​លិខិតបញ្ជាក់​ក្លែងក្លាយ​នេះ​នៅ​មន្ទីរពិសោធន៍​មួយកន្លែង​ក្នុង​រដ្ឋធានី​ផងដែរ​។​
 
​អ្នកជំនាញ​ព្រមាន​ថា ករណី​បន្លំ​លទ្ធផល​បែបនេះ នឹងធ្វើ​ឲ្យ​ស្ថានការណ៍ COVID-19 នៅ​បង់​ក្លា​ដែ​ស​កាន់តែ​យ៉ាប់យ៉ឺន បន្ថែម​ពី​ស្ថានភាព​ដែល​កំពុង​មិនល្អ​ស្រាប់​ក្នុងប្រទេស​មាន​ប្រជាជន​១៦៨​លាន​នាក់​មួយ​នេះ​។ បង់​ក្លា​ដែ​ស បាន​រាយការណ៍​ពី​ករណី​ឆ្លង​ចំនួន​១៩៣០០០​នាក់ និង​ស្លាប់​២៤៥៧​នាក់​។ ប៉ុន្តែ គេ​សង្ស័យថា ករណី​ឆ្លង​ជាក់ស្ដែង​មាន​ច្រើនជាង​នេះ បើ​ការបន្លំ​លទ្ធផល​មាន​ច្រើនសន្ធឹក​បែបនេះ​នោះ​៕
 
  

Tag:
 បង់​ក្លា​ដែ​ស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com