ជាតិ
សង្គមជាតិ
CMAC បានដកហូតជួងគ្រាប់បែកធំមួយ ពីវិទ្យាល័យ ជា ស៊ីម រក្សជ័យ ខេត្តព្រៃវែង
16, Jul 2020 , 1:05 pm        
រូបភាព
ជួងសំបកគ្រាប់បែកធំមួយ នៅវិទ្យាល័យ ជា ស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានមន្ត្រីជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ដកហូត កាលពីថ្ងៃទី១៥ កក្កដា ២០២០
ជួងសំបកគ្រាប់បែកធំមួយ នៅវិទ្យាល័យ ជា ស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានមន្ត្រីជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ដកហូត កាលពីថ្ងៃទី១៥ កក្កដា ២០២០
ភ្នំពេញ៖ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានដកហូតយកជួងសំបកគ្រាប់បែកធំមួយ ពីវិទ្យាល័យ ជា ស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ កក្កដា។


 
ជួងសំបកគ្រាប់បែក ដែលបន្សល់ទុកពីសម័យសង្គ្រាមនេះ ត្រូវបាននាយកវិទ្យាល័យ យកទៅចងព្យួរនឹងដើមឈើមួយក្នុងបរិវេណសាលា ដើម្បីពន្លឺសំឡេង នៃម៉ោងចេញ-ចូលរៀន។ ការឈានទៅដល់ការដកហូតនេះ ធ្វើឡើងក្រោយពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Angkor Thom រាយការណ៍តាមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។
 
ក្រៅពីវិទ្យាល័យនេះ ក៏មានវត្តប្រាសាទមង្គល ស្ថិតនៅក្នុងឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានយកសំបកគ្រាប់បែក ធ្វើជាជួងផងដែរ ។ បើតាមព្រះសង្ឃមួយអង្គ តាមរយៈគណនីហ្វេសប៊ុក Vichit Tum បានចូលComment ទៅគណនីហ្វេសប៊ុកលោក ហេង រតនា ដោយមានសង្ឃដីកាពន្យល់ថា មូលហេតុដែលព្រះអង្គ យកសំបកគ្រាប់ធ្វើជួងនេះ គឺដើម្បីបង្ហាញឱ្យយុវជនជំនាន់ក្រោយបានដឹងពីផលលំបាកនៃសង្គ្រាម។
 
ព្រះសង្ឃ ដែលប្រើប្រាស់គណនីហ្វេសប៊ុក Vichit Tum បានពន្យល់ដូច្នេះថា៖«អត្មាដាក់ទុក(ជួងសំបកគ្រាប់បែក)ឱ្យផុតពីដី កុំឱ្យវាខូច ទុកឱ្យអ្នកជំនាន់ក្រោយដឹងពីផលវិបាកនៃសង្គ្រាម ដែលខ្មែរធ្លាប់បានទទួលរងហើយយូរឆ្នាំហើយ។ បើញោម(CMAC) ដកហូត អាត្មាសូមបិណ្ឌបាត្រស្គរមួយផង ព្រោះស្គរវត្តខូចហើយ»។
 
បើតាមលោក ហេង រតនា មន្ត្រីជំនាញនឹងដកហូតជួងសំបកគ្រាប់បែកនេះ ពីវត្តប្រាសាទមង្គល ដើម្បីយកមករក្សាទុក និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ឆ្លើយតបព្រះអង្គគង់នៅវត្តប្រាសាទមង្គលនេះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់តាមរយៈComment ដូច្នេះថា៖«អរព្រះគុណ និងជាទស្សនៈប្រពៃណាស់ស្តីពីសង្គ្រាម។ ការរៀបចំទុកដាក់ គប្បីធានាសុវត្ថិភាព។ អ្នកបច្ចេកទេសនឹងថ្វាយយោបល់តាមជាក់ស្ដែង»។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានឡើយ។

តែយ៉ាងណាលោក ហេង រតនា បានសរសេរលើហ្វេសប៊ុកខ្លួនថា សំបកគ្រាប់បែក ដែលត្រូវបានពលរដ្ឋយកមកធ្វើជាដួង ចងនៅដើមឈើក្នុងបរិវេណវត្តអារាម សាលារៀន និងស្នាក់ការភូមិនោះ ភាគច្រើន គ្មានរំសេវ និងក្បាលគីបបង្កផ្ទុះទេ ប៉ុន្តែដើម្បីបម្រើគោលការណ៍អប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមនោះ ទើបត្រូវដកហូត។ «នៅសល់តាមវត្តអារាម សាលារៀន និងស្នាក់ការភូមិ មូលដ្ឋានសាធារណៈមួយចំនួនទៀត មិនទាន់ជ្រាប និងមិនទាន់បានដកហូត ដោយគ្មានពត៌មាន។ ហើយបញ្ហានៅសេសសល់នេះ មាននៅក្នុងក្របខណ្ឌ័ទូទាំងប្រទេសមិនមែនតែនៅខេត្តព្រៃវែង ស្វាយរៀង ឬកំពង់ធំ សៀមរាបនោះទេ»។ នេះជាការបញ្ជាក់របស់លោក ហេង រតនា៕
 

Tag:
 CMAC
  គ្រាប់មីន
© រក្សាសិទ្ធិដោយ thmeythmey.com