COVID-19
ជាតិ
COVID-19៖ ឆ្លង​៥ករណីទៀត មានខ្មែរ៣នាក់ និងមន្ត្រីទូតអាមេរិក២នាក់
17, Jul 2020 , 10:18 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី​១៧ ខែ​កក្កដា​នេះ បាន​ប្រកាសពីការរកឃើញ​ករណីឆ្លង COVID-19 ៥ករណីទៀតនៅ​កម្ពុជា ដែល​ក្នុងនោះមាន​ជនជាតិខ្មែរ​៣នាក់ ដែល​មាន​ប្រវត្តិធ្វើ​ដំណើរមកពីសហរដ្ឋអាមេរិក និង​ជន​ជាតិអាមេរិក២នាក់ ដែល​ជាមន្ត្រីការទូតជាន់ខ្ពស់​សហរដ្ឋអាមេរិក កាន់​វីសាប្រភេទ A។



របាយការណ៍​ក្រសួង បាន​បញ្ជាក់ថា ជន​ជាតិ​ខ្មែរ​៣នាក់នោះ មាន​បុរស​អាយុ​៣៤ឆ្នាំ និង​កូន​ប្រុស​បង្កើតអាយុ​៥ឆ្នាំ ដែលមាន​អាស័យដ្ឋាននៅ​ចាក់អង្រែក្រោម ដែលបាន​ទៅលេងឪពុកម្តាយ នៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ​២០២០ ជាមួយភរិយា និងកូន​ស្រី តែអ្នកទាំងពីរចុងក្រោយ មាន​លទ្ធផល​តេស្តអវិជ្ជមាន​លើកទី១។ ករណី១ទៀត ជាស្ត្រី​វ័យ​៦០​ឆ្នាំ មកពីអាមេរិក ហើយមានអាសយដ្ឋានស្នាក់នៅ​ក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ដោយគាត់​មាន​រោគសញ្ញាហៀរសំបោ តាំងពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០។

អ្នកទាំង​បី បាន​ធ្វើ​ដំណើរ​មកពីសហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​លេខ BR265 នៅ​តៃប៉ិ និងមកដល់កម្ពុជា នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០។ ជើងហោះហើរនោះ មានអ្នកជិះសរុប​៧៧នាក់ ទាំងខ្មែរ និង​បរទេស។ អ្នក​ដែលមានលទ្ធផល​តេស្តអវិជ្ជមាន ត្រូវ​បន្ត​ស្ថិតក្រោម​ចត្តាឡីស័ក១៤ថ្ងៃ ដោយ៨នាក់​នៅ​ទ័ពអាកាស និង៦៦នាក់​នៅសណ្ឋាគារអូខេប៉ាឡេស។

ដោយឡែកជនជាតិអាមេរិក២នាក់ កំពុងស្ថិតនៅ​ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិក​ប្រចាំកម្ពុជា។ ពួក​គាត់​បាន​ធ្វើដំណើរពីអាមេរិក បន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង ហើើយមាន​ដល់​កម្ពុជានៅថ្ងៃទី​១៥ ខែកក្កដា។ យន្តហោះដំបូង​ដែលពួកគាត់បានជិះ មាន​អ្នក​ដំណើរ​សរុប​៩១នាក់ ដែលសុទ្ធតែជាជន​ជាតិបរទេសចម្រុះជាតិសាសន៍។ អ្នក​អវិជ្ជមានត្រូវបន្ត​ចត្តាឡីស័ក ដោយ១០នាក់នៅទ័ពអាកាស និង​៧៩នាក់ ត្រូវបាន​ដាក់ឲ្យស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុងសង្កាត់បឹងកេងកង១។

គិត​ត្រឹម​ថ្ងៃនេះ អ្នក​ឆ្លងកូវីដ-១៩នៅកម្ពុជា ឡើង​ដល់​១៧១នាក់ ក្នុងនោះ​១៣៣នាក់ បាន​សះស្បើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com