ធនាគារពិភពលោក នឹង​ផ្ដល់​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ផ្លូវ​នៅ​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក នឹង​ផ្ដល់​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ផ្លូវ​នៅ​កម្ពុជា​
17, Jul 2020 , 8:29 pm        
រូបភាព
រូបពីក្រសួងអភិវឌ្ឍន៍ជនបទ
រូបពីក្រសួងអភិវឌ្ឍន៍ជនបទ
​ភ្នំពេញ​៖ ធនាគា​ពិភពលោក បានអនុម័ត​ឥណទាន ១០០​លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១៧ កក្កដា​នេះ​សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគម​ន៍​ជនបទ ។​


​ធនាគារពិភពលោក តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ពី​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នេះ នឹង​ពង្រីក​លទ្ធភាព​សម្រាប់​ស​ហគ​មន៍​ជនបទ​ឱ្យទទួល​បាន​សេវា​ចាំបាច់​នានា ដូចជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈ​ការកែលម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ទៅនឹង​កត្តា​ប្រែប្រួល​របស់​អាកាសធាតុ​។ ជាពិសេស​ការកែលម្អ​លើ​ផ្នែក​ជាច្រើន​នៃ​តាម​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែល​អាចជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារតែ​ផ្លូវ​ខូច និង​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទៀតផង​។​
 
​ធនាគារពិភពលោក បានកត់សម្គាល់​ដូច្នេះ​ថា​៖«​ការចំណាយ​លើ​ការដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា​នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ ទោះបី​ជាមាន​ភាពប្រសើរ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​ក្តី​។ ផ្លូវថ្នល់​គឺជា​មធ្យោបាយ​ដឹកជញ្ជូន​នាំមុខគេ​នៅក្នុង​ប្រទេស ហើយ​ចាំបាច់​ត្រូវមាន​ការវិនិយោគ​ច្រើន ជាពិសេស​នៅតាម​តំបន់​ជនបទ​។ ផ្លូវ​ជនបទ​មាន​ជាង ៧៥​ភាគរយ​នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំងប្រទេស ប៉ុន្តែ​មានតែ ៥​ភាគរយ​ប៉ុណ្ណោះ​ដែលជា​ផ្លូវ​ក្រាល​កៅស៊ូ​។ ការប្រែប្រួល​អាកាសធាតុ បានធ្វើ​ឱ្យមាន​ភ្លៀង​និង​ទឹកជំនន់​ធំៗ បង្ក​ហានិភ័យ​ខូចខាត​កាន់តែខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ​»​។​
 
​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​នៅតាម​ជនបទ នៅតែ​ប្រឈម​ការលំបាក ក្នុងការ​ទទួលបាន​សេវាសាធារណៈ​នានា ដោយសារ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
«​កង្វះ​លទ្ធភាព​សម្រាប់​ទទួលបាន​សេវា​មន្ទីរពេទ្យ សាលារៀន និង​សម្រាប់​ដឹកទំនិញ​ទៅកាន់​ទីផ្សារ ជាពិសេស​ក្នុង​រដូវវស្សា នៅតែ​ចោទ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នៅតាម​តំបន់​ជនបទ​។ គម្រោង​ថ្មី​នេះ​គឺជា​ការបន្ត​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​របស់​កម្ពុជា​។ វា​នឹង​ត​ភ្ជាប់​កាន់តែ​ប្រសើរ​ជាង​មុន​ដោយបាន​ភ្ជាប់​ប្រជាជន​ទៅនឹង​ការទទួលបាន​សេវា កាត់បន្ថយ​ការ​ដាច់​ផ្លូវ និង​បង្កើត​ការងារ​សម្រាប់​សហគម​ន៍​មូលដ្ឋាន​ក្នុងពេល​សាងសង់​ផ្លូវ ដែល​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ ទៀតផង​»​។ នេះ​បើតាម​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា​។​
 
​របាយការណ៍​ធនាគារ​ពិភពលោក ដែល​បាន​វិភាគ​អំពី​ស្ថានភាព​ប្រើប្រាស់​ផ្លូវ​ជនបទ នៅ​ផ្នែក​មួយ​នៃ​ការរៀបចំ​គម្រោង​នេះ បង្ហាញថា ប្រជាជន​២៦​ភាគរយ ដែល​រស់នៅក្នុង​តំបន់​នៃ​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នេះ ប្រឈម​នឹង​ហានិភ័យ​គ្មាន​ផ្លូវ​ប្រើ សម្រាប់​ទៅរក​សេវា​បន្ទាន់​ផ្នែក​សុខ​ភិ​បាល និង​សាលារៀន នៅក្នុង​រដូវ​ទឹកជំនន់​។  ចំណែក​ពលរដ្ឋ ១៨​ភាគរយ​ទៀត ត្រូវ​ចំណាយពេល ៣០​នាទី ឬ​ច្រើនជាង​នេះ សម្រាប់​ធ្វើដំណើរ​ទៅដល់​មន្ទីរពេទ្យ ដែលជា​ស្ថាន​ប្រឈម​នឹង​ភាព​ស្លា​ប់រស់​មួយ​។ ការជ្រើសរើស​ផ្លូវ​សម្រាប់​ការវិនិយោគ​នៃ​គម្រោង​នេះ ផ្តល់​អាទិភាព​ដល់​ផ្លូវ​ទាំងឡាយណា​ដែល​ត​ភ្ជាប់​ផ្ទះ​អ្នកស្រុក​ជាមួយ​មន្ទីរពេទ្យ សាលារៀន និង​ទីផ្សារ​។ តំបន់​គោលដៅ​របស់​គម្រោង​នេះ​មាន ផ្លូវ​នៅក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ ដែល​គ្របដណ្តប់​លើ​ប្រជាជន​ជាង ២​លាន​នាក់ ក្នុងនោះ ៨០​ភាគរយ រស់​នៅតាម​ទីជនបទ​ដាច់ស្រយាល​។​
 
​គម្រោង​នេះ នឹង​ជួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ អភិវឌ្ឍ​ផ្នែក​ស្ថាប័ន ក្នុងនោះ​មាន ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទាន​ផ្លូវ​ធន់​នឹង​អាកាសធាតុ ,​ការជួយ​ដល់​ក្រសួង​ទាំងពីរ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​បញ្ជ្រាប​យេនឌ័រ និង​ការគ្រប់គ្រង​កិច្ចសន្យា​ផ្អែកលើ​លទ្ធផល​ការងារ​សម្រាប់​ការថែទាំ​ផ្លូវ ធ្វើឱ្យ​ហេ​ដ្ឋា​រចនាសម្ព័ន​កាន់​តែមាន​ចីរភាព​ល្អប្រសើរ​៕
 
 

Tag:
 World Bank
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com