ជាតិ
គណៈកម្មការ​អន្តរក្រសួង​ជំរុញ​ការអនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​
17, Jul 2020 , 9:59 pm        
រូបភាព
រូបភាព JICA
រូបភាព JICA
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​១៥ ខែកក្កដា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុម​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ចាត់តាំង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន​។​


​បើតាម​សេចក្ដីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល ភារកិច្ច​របស់​គណៈកម្មកា​រ​នេះ មានដូចជា ការពិនិត្យ និង​ផ្ដល់យោបល់​អំពី​នីតិវិធី​ក្របខណ្ឌ​គតិយុត្ត និង​រូបភាព​នៃ​ការវិនិយោគ ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត​នេះ ឲ្យ​បានសម្រេច​ជា​ស្ថាពរ រួមទាំង​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​
 
​គម្រោង​ផ្លូវ​ល្បឿន​លឿន (Expressway) ភ្នំពេញ​-​ក្រុង​បាវិត ត្រូវបាន​ក្រុមហ៊ុន China Railway International Group.,Ltd ស្នើសុំ​វិនិយោគ និង​ស្ថិតក្រោម​ក្របខណ្ឌ​សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ (Build-Operate-Transfer) ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​ប្រធាន​។​
 
​សម្រាប់​សមាសភាព​ផ្សេងទៀត លោក ស៊ុន ចាន់ថុល មាន​អនុប្រធាន​៣​នាក់ គឺ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, លោក វ​ង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  និង​លោក សូរ វ៉ិ​ច​ទ័​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
 
​សមាជិក​១៣​នាក់​ទៀត ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ អគ្គនាយក អគ្គនាយករង នៃ​ក្រសួង​ពាក់ព័ន្ធ រួមទាំង​អភិបាល​រាជធាន​ភ្នំពេញ អភិបាលខេត្ត​កណ្តាល ព្រៃវែង និង​ស្វាយរៀង​៕ 

Tag:
 Expressway
  ភ្នំពេញ​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com