ជាតិ
បរទេស​ជាង​១៦​ម៉ឺន​នាក់ ចុះឈ្មោះ​រស់នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​បរទេស​ជិត​២​ពាន់​នាក់ កំពុង​ជាប់ឃុំ
17, Jul 2020 , 4:53 pm        
រូបភាព
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ដែលកំពុង​​ថ្លែង​សុន្ទរកថា​បង្ហាញរបាយការណ៍​បូក​សរុបការងារលទ្ធ​ផលការងារ​ប្រចាំ​ឆមាសទី១ ឆ្នាំ២០២០ រូបភាពពីក្រសួង​មហាផ្ទៃ
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ដែលកំពុង​​ថ្លែង​សុន្ទរកថា​បង្ហាញរបាយការណ៍​បូក​សរុបការងារលទ្ធ​ផលការងារ​ប្រចាំ​ឆមាសទី១ ឆ្នាំ២០២០ រូបភាពពីក្រសួង​មហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០ មាន​ជនបរទេស​ជាង​១៦​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​វត្តមាន​ជាក់ស្តែង​របស់​បរទេស ដែល​កំពុង​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា មាន​ជាង​១១​ម៉ឺន​នាក់​។ ទន្ទឹមនឹងនេះ មាន​ជនបរទេស​ជិត​២​ពាន់​នាក់ កំពុងតែ​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២០ របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ 

 
​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា តាំងពី​ការបង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា សម្រាប់​ឲ្យ​ម្ចាស់​ទីតាំង ឬ​ម្ចាស់​លំនៅឋាន ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន ស្រង់​វត្តមាន​ជនបរទេស​ដែល​ស្នាក់នៅ និង​ជួល​លំនៅដ្ឋាន​របស់ខ្លួន​មក បានផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្រង់​យក​ស្ថិតិ​ជនបរទេស​ដែល​រស់នៅ​កម្ពុជា​។ 
 
​លោក ស្នើ​ឲ្យ​ពលរដ្ឋ​ដែលមាន​ទីតាំង ម្ចាស់​លំនៅឋាន និង ម្ចាស់​អគារ​ផ្សេងៗ បន្តការងារ​ចុះបញ្ជី​ឈ្មោះ​របស់​ជនបរទេស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ឲ្យ​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ លោក សង្ឃឹមថា ការងារ​នេះ​នឹង​កាន់តែ​ល្អ​បន្ថែមទៀត​។   
 
​អគ្គនាយក​អន្ដោប្រវេសន៍​រូបនេះ អះអាងថា កម្ពុជា​នឹង​បន្ត​ទទួលបាន​ជនបរទេស​មក​ស្នាក់នៅ​កម្ពុជា​ជា​បន្តទៀត តាមរយៈ​ការប្រើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​ចុះបញ្ជី​ឈ្មោះ​ជនបរទេស​។  
​លោក ថ្លែង​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​ព័ត៌មានវិទ្យា​កំពុងតែ​តាមដាន​បន្ដទៀត ចំពោះ​ជនបរទេស​ស្នាក់នៅ​កម្ពុជា​។ ដូច្នេះ​ជនបរទេស​អាច នឹងមាន​ការកើនឡើង​បន្ថែមទៀត ដោយសារតែ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រ​វរ​សន៍ បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​»​។​
 
​លោក បន្តថា ប្រសិនបើ​មាន​ម្ចាស់​ទីតាំង​ណាមួយ​ឲ្យ​ជនបរទេស​ស្នាក់នៅ ហើយ​មិន​សហការ​ជាមួយ​សមត្ថកិច្ច នោះ​ម្ចាស់​ទីតាំង​នឹង​ទទួលពិន័យ​តាមផ្លូវ​ច្បាប់​។  
 
​ទន្ទឹម​នឹងមាន​ជនបរទេស​ជាង​១១​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដើម្បី​ប្រកបមុខរបរ​ផ្សេងៗ ក្នុងនោះ​ក៏មាន​ជនបរទេស​ជាង​១,៨​ពាន់​នាក់ (​ស្រី​២៤៩​នាក់​) ដែលមាន​៤៥​សញ្ជាតិ កំពុងតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំងប្រទេស​។​
 
​ជនបរទេស​ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ មាន​ជនជាតិ​វៀតណាម ៧៤៩​នាក់ (​ស្រី​១៦៨) ចិន​៧២៧​នាក់ (​ស្រី​២៤​នាក់​) នី​ហ្សេ​រី​យ៉ា​៧៣​នាក់ (​ស្រី​១​នាក់​) និង ថៃ​៦៨​នាក់ (​ស្រី​២៦)​។​
 
​ដោយឡែក​ជនបរទេស ដែល​បាន​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងៗ​មាន​២១១​នាក់ ក្នុងនោះ​មាន​ជនបរទេស​ស្លាប់​ដោយ​ជំងឺ​១០០​នាក់ ស្លាប់​ដោយ​ឃាតកម្ម​៤​នាក់ ធ្វើអត្តឃាត​១៤​នាក់ គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ និង រងគ្រោះ​ដោយសារ​អំពើ​ផ្សេងៗ​៨៨​នាក់​។ 
 
​បើតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ត្រឡប់​ទៅ​មាតុភូមិ​វិញ ជាង​១,៧​ម៉ឺន​នាក់ (​ស្រី​ជិត​៣​ពាន់​នាក់​) ដោយមាន​១០៤​សញ្ជាតិ​៕ 
 
 
 

Tag:
 បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com