កីឡាអន្តរជាតិ
អន្តរជាតិ
អបអរសាទរ​! ទីបំផុត Leeds ឡើងទៅ Premier League វិញ ក្រោយ​អវត្តមាន ១៦​ឆ្នាំ​
18, Jul 2020 , 8:08 am        
រូបភាព
ក្រោយ​រង់ចាំ​អស់​រយៈ​១៦​ឆ្នាំ ទីបំផុត​ក្រុម Leeds United អាចឈាន​ជើង​ចូល​ក្របខណ្ឌ Premier League វិញ​ហើយ ក្រោយ​លទ្ធផល​ចាញ់​របស់ West Bromwich ក្នុងការ​ប្រកួត​ទី​៤៥​របស់​ពួកគេ​។ Leeds មាន​៨៧​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​តារាង​លី​គ​លំដាប់​ទី​ពីរ​អង់គ្លេស Championship ដោយ​លើស​គូប្រជែង West Bromwich ៥​ពិន្ទុ និង​ក្រុម​លេខ​៣ Brentford ៦​ពិន្ទុ ខណៈ​សល់​២​ប្រកួត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​នេះ​។​

​ក្នុងចំណោម​ពីរ​ប្រកួត​ចុងក្រោយ Leeds ត្រូវការ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន Championship រដូវ​កាល ២០១៩-២០​នេះ​។ ជំនួប​បន្ទាប់​ក្រុម​ដែលមាន​លោក Marcelo Bielsa ជា​អ្នកចាត់ការ​ទូទៅ​ត្រូវ​តទល់​ជាមួយ Derby County មុន​ប៉ះ Charlton Athletic ក្នុងការ​ប្រកួត​បិទរ​ដូ​វ​កាល​។​
 
​បើ​ទោះ​មិនទាន់​ប្រាកដ​ខ្លួន​ថា​អាច​លើក​ពាន​ក្របខណ្ឌ​លី​គ​ទី​ពីរ​អង់គ្លេស​នៅឡើយ​ក្តី ប៉ុន្តែ​កៅអី​ទៅ​ក្របខណ្ឌ​កំពូល​សម្រាប់​រដូវ​កាល​ក្រោយ​ត្រូវបាន​បញ្ជាក់​ច្បាស់​ហើយ បន្ទាប់ពី West Brom ចាញ់ Huddersfield Town ដោយ​លទ្ធផល ២-១ នា​ការប្រកួត​នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា​។​
 
Leeds បាន​ធ្លាក់​ពី Premier League នៅ​រដូវ​កាល ២០០៣-០៤ ស្រប​ពេលដែល​ពួកគេ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​។ នៅ​ក្របខណ្ឌ​ទី​២ បាន​៣​រដូវ​កាល ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​៣​សម័យមួយ​នេះ បាន​ធ្លាក់​ទៅកាន់​លី​គ​ទី​៣ (League One) ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់ ២០១០ មុន​បាន​កៅអី​ឡើងទៅ Championship វិញ​។​
  
 
​បន្ទាប់ពី​ដំណើរ​ដ៏​វែងឆ្ងាយ​អស់​រយៈពេល​១៦​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ អា​ហ្ស​ង់​ទីន លោក Marcelo Bielsa បាន​ក្រ​សោម​យក Leeds ឡើងទៅ​កាន់​ក្របខណ្ឌ​កំពូល​ជាថ្មី​ដោយ​ជោគជ័យ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com