ត្រឹម​១០០​ម៉ោង ពិភពលោក​រកឃើញ COVID-19 មួយ​លាន​ករណី
COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រឹម​១០០​ម៉ោង ពិភពលោក​រកឃើញ COVID-19 មួយ​លាន​ករណី
18, Jul 2020 , 10:31 am        
រូបភាព
រូបពី Reuters
រូបពី Reuters
​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ដល់ ១៤​លាន​ករណី​ហើយ គិត​ត្រឹម​ថ្ងៃទី ១៧ ខែកក្កដា ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ ហើយ​នេះ​ជា​លើកដំបូង​ដែល​វា​ហក់​ឡើង​រហូតដល់​១​លាន​ករណី​ត្រឹម​១០០​ម៉ោង ឬ​ជាង​៤​ថ្ងៃ​ប៉ុណ្ណោះ​។​

 
​ករណី​ឆ្លង COVID-19 ទី​១ ត្រូវបាន​រាយការណ៍​ក្នុងប្រទេស​ចិន កាលពីដើម​ខែមករា ហើយ​វា​ត្រូវការ​ពេល​រហូត​ជាង​៣​ខែ ទើប​ឈានដល់​១​លាន​ករណី​។ ផ្ទុយទៅវិញ វា​ត្រូវការ​ពេល​ត្រឹម​៤​ថ្ងៃ​ប៉ុណ្ណោះ ដែល​ករណី COVID-19 សរុប​នៅ​ទូទាំង​ពិភពលោក​កើន​ដល់ ១៤​លាន​ករណី ពី​ចំនួន​១៣​លាន​ករណី កាលពី​ថ្ងៃទី ១៣ ខែកក្កដា​។ 
 
​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​សរុប​ជាង ៣,៦​លាន​ករណី នៅតែ​បន្ត​ហក់​ឡើង​ខ្ពស់​ក្នុង​រលក​ឆ្លង​ទី​១​របស់ខ្លួន​ដដែល​។ តួយ៉ាង អាមេរិក​នៅតែ​រាយការណ៍​ឆ្លង​ច្រើន​ប្រចាំថ្ងៃ ដោយ​កាលពី​ថ្ងៃទី ១៦ ខែកក្កដា មាន​ជាង​៧៧ ០០០​ករណី​។ 
 
​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) តួលេខ​ឆ្លង COVID-19 នៅ​ទូទាំង​សកលលោក គឺ​កើន​៣​ដង​លើស​តួលេខ​អ្នកជំងឺ​ផ្ដាសាយ​ធ្ងន់ធ្ងរ​ប្រចាំឆ្នាំ ។ បច្ចុប្បន្ន ជំងឺ​រាតត្បាត​សកល COVID-19 បានសម្លាប់​មនុស្ស​ជាង ៥៩​ម៉ឺន​នាក់​ហើយ​ក្នុងពេល​ជិត​៧​ខែ ។ 
 
​ករណី​ស្លាប់​ដំបូង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ១០ ខែមករា ក្នុង​ទីក្រុង វូ​ហាន ប្រទេស​ចិន មុនពេល​ករណី​ឆ្លង​រាលដាល​ខ្លាំង​ក្នុង​តំបន់​អឺរ៉ុប ហើយ​ក្រោយមក​សហរដ្ឋអាមេរិក​។ 
 
​បើតាម Reuters ដែល​ផ្អែកលើ​របាយការណ៍​រដ្ឋាភិបាល ជំងឺ COVID-19 មាន​ល្បឿន​ឆ្លង​លឿន​រហ័ស​ខ្លាំង​ក្នុង​តំបន់​អាមេរិក ដែល​គ្របដណ្ដប់​ជាង​ពាក់កណ្ដាល​នៃ​ករណី​ឆ្លង​សរុប​របស់​ពិភពលោក និង​ពាក់កណ្ដាល​នៃ​ករណី​ស្លាប់​។ 
 
​ជាក់ស្តែង ក្នុងប្រទេស ប្រេ​ស៊ី​ល មនុស្ស​ជាង​២​លាន​នាក់ បាន​ឆ្លង COVID-19 ក្នុងនោះ​ក៏មាន ប្រធានាធិបតី Jair Bolsonaro ផងដែរ ហើយ​មនុស្ស​ជាង​៧៦ ០០០​នាក់​បាន​បាត់​បង់ជីវិត​ដោយ​ជំងឺ​នេះ​៕
 
 

Tag:
 COVID-19
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com