ពីនេះ ពីនោះ
សង្គមជាតិ
៥​ឆ្នាំ​ទៀត​, Facebook លែង​សូវមាន​ឥទ្ធិពល​លើ​ជីវិត​នយោបាយខ្មែរ
20, Jul 2020 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លើ សំណាង និង​សុធីរ ចាប់ផ្តើម​ជួបគ្នា​រៀងរាល់​ព្រឹក​នៅ​ហាង​កាហ្វេ​ចិញ្ចើមផ្លូវ ដូច​មុនពេល​ការ​រាលដាល​នៃ​មេរោគ​កូ​វីដ​។ ប្រធានបទ​នយោបាយ សង្គម សេដ្ឋកិច្ច នៅតែ​ជា​រឿង​ដែល​មិត្តភក្តិ​ទាំងពីរ​ចាប់អារម្មណ៍ និង​លើក​យកមក​ពិភាក្សា​ដដែល​។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តើ​ហេតុអ្វី​បានជា​៥​ឆ្នាំ​ទៀត ហ្វេ​ប៊ុ​ក អាច​នឹង​លែង​សូវ​មាន​ឥទ្ធិពល​មកលើ​ជីវិត​នយោបាយ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ទៀត​?



​សុធីរ​៖ អា សំណាង​! មែន​ក៏​អី​? អញ​ដូចជា​មិន​ជឿ​ង​ទេ​អ្ហា ព្រោះ ពលរដ្ឋ​ខ្មែរ​ស្ទើរ​ទាំងអស់​ឲ្យ​តែមាន​ទូ​រស​ព្ឌ ឆែក​, លេង​, មើល និង​ប្រើ​ហ្វេ​ស​ប៊ុ​ក សឹងតែ​អត់​ស៊ី​បាយ​ទៅហើយនោះ​។ អ្នកខ្លះ ញៀន​នឹង​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​លែង​ធ្វើការ​ងារ​អស់​ទៅហើយ​ហ្នឹង​។ 

​សំណាង​៖ ឥឡូវ​ហ្នឹង​វា​អ៊ីចឹង​មែន តែ​ថ្ងៃក្រោយ​វា​មិន​ដូច​ថ្ងៃនេះ​។ ថ្ងៃនេះ មិន​ដូច​ថ្ងៃស្អែក​ទេ​ណា អា សុធីរ​! 
 
​សុធីរ​៖ ប្រាប់​ហេតុផល​មក​លោក​ព្រះ កុំ​នៅ​និយាយ​រ៉ា​យ​រាប់​ច្រើន​ពេល​លោក​ព្រះ​!  
 
​សំណាង​៖ មែនទែនទៅ អញ​គ្មាន​តួលេខ គ្មាន​ការស្រាវជ្រាវ​ឯណា​អី​ទេ​។ អញ​គ្រាន់តែ​ប៉ាន់ស្មាន​ដោយ​សង្កេត​និន្នាការ​ទូទៅ នៅ​ស្រុក​ខ្មែរ និង​នៅលើ​ពិភពលោក​ប៉ុណ្ណោះ​។ កាលពី​ជិត​២០​ឆ្នាំមុន នៅ​ប្រទេស​បារាំង អង់គ្លេស និង​នៅ​ប្រទេស​អឺរ៉ុប​មួយចំនួន​ផ្សេងទៀត ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​បៀ​ប​ដូច​ទឹកបាក់​ទំនប់​នៅពេលដែល​ហ្វេ​ស​ប៊ុ​ក​ទើប​ចូល​ទៅដល់​ប្រទេស​ទាំងនោះ ជាពិសេស យុវជន​។ ពលរដ្ឋ​អឺរ៉ុប​កាលនោះ​វក់វី​ស្រដៀង​ទៅនឹង​ពល​ខ្មែរ​នាពេល​ឥឡូវ​នេះដែរ តែ​ក្រោយមក ហើយ​ជាពិសេស នាពេល​បច្ចុប្បន្ននេះ ពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ បន្ថយ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​កដោយ​បញ្ឈប់​ការ​ផុស​រូបថត​ជីវិត​ឯកជន ជីវិត​ផឹកស៊ី ដើរលេង​។​ល​។ 
 
​សុធីរ​៖ ហេ​ត​អ្វី​បានជា​គេ​ឈប់​លេង​ហ្វេ​ស​ប៊ុ​ក​? អ៊ីចឹង​មិន​ស្ត្រេ​សងាប់​ហើយ​? 
 
​សំណាង​៖ រឿង​ស្ត្រេ​សងាប់ មិន​ងាប់​អញ​មិនដឹង​ទេ​។ តែ​រឿង​ថា ពួកគេ​បន្ថយ​ការលេង​ហ្វេ​ស​ប៊ុ​ក ព្រោះ តែ​ហេតុផល​មួយចំនួន ក្នុងនោះ​មាន​៖ ទី​១ គឺ​ពួកគេ​មិន​ចង់បង្ហាញ​ជីវិត​ឯកជន​ច្រើនពេក ដូចជា​ការផឹកស៊ី ច្រៀង​រាំ បង្ហាញ​សង្សារ ឬ​ការ​លេងសើច​ផ្សេងៗ​ជ្រុល​ពេក​។​ល​។ ពួកគេ​ចាប់ផ្តើម​គិតថា បើ​ផុស​ជីវិត​ឯកជន​ច្រើនពេក​វា​ចំណេញ​អី​មកវិញ​? ទី​២ គឺ​ដោយសារ ក្រុមហ៊ុន​ដែល​ជ្រើសរើស​បុគ្គលិក​ពិនិត្យ​លើ​ប្រូ​ហ្វា​ល (Profile) អ្នកស្វែងរក​ការងារ​ធ្វើ​។ នេះ គឺជា​ចំណុច​ងាប់​រស់​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​។ ទី​៣ គឺ​ដោយសារ​អ្នក​កំពុងធ្វើការ​ខ្លះ បាត់បង់​ការងារ ដោយសារតែ​ការលេង​ហ្វេ​ស​ប៊ុ​ក​ហ្នឹងឯង និង​ចំណុច​ទី​៤ គឺ​ដោយសារ Platform នៃ​បណ្តាញ​សង្គម​ដទៃទៀត ដូចជា Telegram, Instagram, Line, Whatsapp, Viber ចូលមក​ជំនួស ហ្វេ​ស​ប៊ុ​ក ហើយ​វា​មាន​លក្ខណៈ​រក្សា​ជីវិត​ឯកជន​ច្រើនជាង​។ ទាំងអស់នេះ គឺជា​អ្វីដែល​បានកើត​ឡើង​នៅក្នុង​ប្រទេសមួយ​ចំនួន​ណា៎ អា សុធីរ​! 
 
​សុធីរ​៖ អើ ចុះ​នៅ​កម្ពុជា​វិញ អា សំណាង​! វា​នឹង​យ៉ាងម៉េច​ដែរ​? 
 
​សំណាង​៖ អញ​ខ្លួនឯង​អាច​គិត​ខុស​។ តែ​និន្នាការ​សង្គម​ពិត វា​នឹងធ្វើ​ដំណើរ​ដូច​អ្វីដែល​កើតឡើង​រួចហើយ​នៅក្នុង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ហ្នឹង​។ ឥឡូវនេះ ក្រុមហ៊ុន​មួយចំនួន​គេ​តាមមើល Profile បុគ្គលិក​។ ពួកគេ​លេង ឬ​ប្រើ​ហ្វេ​ស​ប៊ុ​ក​យ៉ាងដូចម្តេច​? 
 
​សុធីរ​៖ អា សំណាង​! អាហ្នឹង​ជីវិត​ឯកជន​គេ​តើ​? 
 
​សំណាង​៖ អ្ហែង​ថា​ហ្នឹង មិន​ខុស​ទេ​។ វា​ជា​ជីវិត​ឯកជន​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មែន​។ តែ​អ្នកលេង​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​រូបភាព​របស់​ស្ថាប័ន​ដែរ​។ អ្ហែង​យល់​អត់​? ពិបាក​បែងចែក​ណាស់ណា៎​! អញ​ឲ្យ​ឧទាហរណ៍​មួយ​ថា អ្ហែង​ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​មួយ អ្ហែង​បង្រៀន​យកប្រាក់​ខែ​ពី​សាលា​នោះ តែ​អ្ហែង​ចូលចិត្ត​បង្ហោះ​រូបភាព​ផឹកស៊ី ស្រី​ញី​អូន​បង ហើយ​គេ​(​សាលា​)​ប្រាប់​កុំ​ឲ្យ​អ្ហែង​បង្ហោះ អ្ហែង​ខឹង​គេ​អត់​? គេ​ប្រាប់​ហ្នឹង​ត្រូវ​អត់​? អាហ្នឹង​ជា​ជីវិត​ឯកជន​តែ​ម្នាក់​អ្ហែង​មែន​ឬទេ​? អាហ្នឹង​មាន​ពាក់ព័ន្ធ​សាលា​ខ្លះ​មែន​អត់​? អញ​សួរ​អ៊ីចឹង អ្ហែង​ឆ្លើយថា​ម៉េច​វិញ អា សុធីរ​? 
 
​សុធីរ​៖ បើ​អ្ហែង​សួរ​អ៊ីចឹង អញ​ឆ្លើយ​មិនកើត​។ តែ ឧទាហរណ៍​ថា បើ​អញ​អត់​ធ្វើការ​ឲ្យ​អាណា​ផង តើ​អញ​អាច​ផុស​បាន​អត់​?  
 
​សំណាង​៖ អាហ្នឹង អ្ហែង​អាច​ផុស​ស្រេច​តែ​នឹង​ក្បាល​ចិត្ត​អ្ហែង​បាន​តើ​! តែ​អ្វីដែល​អ្ហែង​ត្រូវ​ប្រយ័ត្ន គឺ​រឿង​កិត្តិយស​ខ្លួនឯង​ផ្ទាល់​ទេតើ​។ 
 
​សុធីរ​៖ ចុះ​គំនិត​ដែលថា ៥​ឆ្នាំ​ទៀត ហ្វេ​ស​ប៊ុ​ក លែង​សូវ​មាន​ឥទ្ធិពល​មកលើ​ជីវិត​នយោបាយ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ទៀត​។ ពិតមែន​អត់​?  
 
​សំណាង​៖ ពិត​មិន​ពិត អញ​មិនដឹង​ទេ​។ តែបើ​តាម​ទិន្នាការ​សង្គម និង​តាម​ការ​វិត្ត​នៃ​ការគិត​, ការរីកចម្រើន​ចំណេះដឹង​, ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​, ៥​ឆ្នាំ​ទៀត ហ្វេ​ស​ប៊ុ​ក ពិតជា​លែង​សូវ​មាន​ឥទ្ធិពល​លើ​ជីវិត​នយោបាយ និង​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ទៀតហើយ​។ អញ​និយាយ​នេះ មិនមែន​មានន័យថា ខ្មែរ​ឈប់​លេង​វា​ទេ​ណា៎ អញ​គ្រាន់តែ​ថា របៀប​ប្រើ និង​ចំនួន​អ្នក​ប្រើ​មានការ​ប្រែប្រួល​ថយចុះ​ប៉ុណ្ណោះ ឬ​ម្យ៉ាងទៀត មហាជន​លែង​សូវ​ជឿ​នូវ​អ្វីដែល​គេ​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​។ អ្ហែង​ជឿ ឬ​មិន​ជឿ ចូរ​យើង​រង់​ចាំមើល​៥​ឆ្នាំ​ទៀត ទាំងអស់គ្នា​! 

© រក្សាសិទ្ធិដោយ thmeythmey.com