អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំង​៖ បម្រាម​អាមេរិក​លើ​សមាជិក​បក្ស​ក​ម្មុយ​នី​ស្ត​ចូល​ទឹកដី​ខ្លួន ដូច​ប្រឆាំង​ឆន្ទៈ​ប្រជាជន​ចិន​
18, Jul 2020 , 1:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (AFP)
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (AFP)
ដោយ:
​រដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួងការបរទេស បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​ចាត់ទុក​ប្រជាជន​ចិន​ទាំង​១,៤​ពាន់​លាន​នាក់​ជាស​ត្រូវ បើ​ក្រុង​វ៉ាស៊ីនតោន​រឹងរូស​បន្ត​ផែនការ​ហាម​សមាជិក​បក្ស​កាន់អំណាច​ចិន​ទាំងអស់​ចូល​ទឹកដី​អាមេរិក​។ ប៉េកាំង​បន្តថា ទង្វើ​នេះ​ក៏​ប្រឆាំងនឹង​ឆន្ទៈ​ប្រជាជន​ផងដែរ​។ 

​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ត្រូវបាន​រាយការណ៍​កំ​ពុង​ត្រួតពិនិត្យ​លើ​គម្រោងការ​មួយ ដែល​នឹង​ហាមឃាត់​ការធ្វើដំណើរ​ចូល​ទឹកដី​សហរដ្ឋអាមេរិក​ពី​សំណាក់​សមាជិក​បក្ស​កុ​ម្មុយ​នី​ស្ត​ចិន (CPC) ។ យ៉ាងណា ទាក់ទិន​ដំណឹង​នេះ ទីក្រុង​ប៉េកាំង បាន​ហៅ​ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន​ថា​គួរ​ឲ្យ​អស់សំណើច​។ 
 
«​ប្រសិនបើ​របាយការណ៍​នេះ គឺជា​ការពិត​មែន​នោះ សហរដ្ឋអាមេរិក​កំពុង​ជ្រើសរើស​ជំហរ​ប្រឆាំងនឹង​ប្រជាជន​ចិន​ទាំង ១,៤​ពាន់​លាន​នាក់​»​។ អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​ចិន អ្នកស្រី Hua Chunying  បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ១៧ ខែកក្កដា​ក្នុង​សន្និសីទ​ព័ត៌មាន ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត​ហុងកុង South China Morning Post ។ 
 
​អ្នកស្រី បន្តថា​៖«​នេះ​នឹង​ប្រឆាំង​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ ហើយ​ប្រឆាំងនឹង​ចរន្ត​នៃ​សតវត្សរ៍​ទី​២១​ផងដែរ​។ វា​គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​បំផុត​»​។​
 
​មែនទែនទៅ ការហាមឃាត់​នេះ មានន័យថា សមាជិក​ជិត ៩២​លាន​នាក់​របស់​បក្ស​កុ​ម្មុយ​នី​ស្ត​ដែលមាន​អាយុកាល​៩៩​ឆ្នាំនេះ នឹង​លែង​អាច​ចូល​ទឹកដី​អាមេរិក​បាន​តទៅទៀត​ហើយ​។ មន្ត្រី​បក្ស​ទាំងនេះ គឺ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ដែល​រាប់​ចាប់តាំងពី​មន្ត្រី​ថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់​កំពូល​។  
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល អ្នកស្រី​អ្នកនាំពាក្យ Hua ពន្យល់ថា បក្ស​កុ​ម្មុយ​នី​ស្ត គឺ​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​សង្គម​ចិន ហើយ​បានរួម​ចំណែក​យ៉ាងសំខាន់​សម្រាប់​ភាពជោគជ័យ​របស់​ប្រជាជាតិ​មួយ​នេះ​។  
 
​ត្រង់ចំណុច​នេះ អ្នកស្រី​និយាយ​ដូច្នេះ​ថា​៖«​ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយ​នី​ស្ត ប្រជាជន​ចិន​ទទួលបាន​ឯករាជ្យ សេរីភាព និង​ការរំដោះ​។ ផ្លូវ​ឆ្ពោះទៅកាន់​លទ្ធិសង្គមនិយម​របស់​ចិន ពុំ​គ្រាន់តែ​ជួយ​ប្រជាជន​ចិន​ងើប​ផុតពី​ភាពក្រីក្រ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ធ្វើ​វិភាគទាន​យ៉ាង​ធំធេង​ដល់​វឌ្ឍនភាព​របស់​មនុស្ស​ជាតិ​ផងដែរ​»​។​
 
​កាលពី​សប្តាហ៍​មុន ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាសថា ខ្លួន​នឹងដាក់​បម្រាម​លើ​ទិដ្ឋាការ​របស់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​បក្ស​កុ​ម្មុយ​នី​ស្ត​ចិន ដែល​ខ្លួន​ចាត់ទុកថា ទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​ជន​មូ​ស្លី​ម​ក្នុង​តំបន់​ស្វយ័ត Xinjiang ៕ 
 
 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com