អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភរិយា​លោក អូ​បា​ម៉ា នឹង​ធ្វើជា​ពិធីការនី​វិទ្យុ​និយាយ​រឿង​ទំនាក់ទំនង​ស្នេហា​និង​សុខភាព​
18, Jul 2020 , 6:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក អូបាម៉ា និងភរិយាលោក អ្នកស្រី មីឈែល អូបាម៉ា (AFP)
ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក អូបាម៉ា និងភរិយាលោក អ្នកស្រី មីឈែល អូបាម៉ា (AFP)
ដោយ:
​អតីត​ស្ត្រី​ទីមួយ​សហរដ្ឋអាមេរិក អ្នកស្រី មី​ឈែល អូ​បា​ម៉ា នឹង​ចាប់ផ្ដើម​អាជីព​ថ្មី ដែល​ធ្វើជា​ពិធី​ការិនី​វិទ្យុ (podcaster) នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Spotify ។ ក្នុង​កម្មវិធី​នេះ អ្នកស្រី នឹង​លើក​ពិភាក្សា ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​និង​សុខភាព​។

 
«​សម្រាប់​រដូវ​កាល​ទី​១ ខ្ញុំ​នឹង​ជជែក​ពិភាក្សា​ជាមួយ​មនុស្ស​មួយចំនួន​ដែល​ជិតស្និទ្ធ​ខ្ញុំ ដូចជា ម្ដាយ​ខ្ញុំ បងប្អូន​ប្រុស​ខ្ញុំ មិត្ត​ខ្ញុំ មិត្ត​រួមការ​ងារ​ខ្ញុំ និង​អ្នក​ដទៃទៀត​»​។ អ្នកស្រី អូ​បា​ម៉ា សរសេរ​បែបនេះ នៅលើ​បណ្ដាញ​សង្គម Instagram ។ 
 
​ក្នុង​សំណេរ​ដដែល ស្ត្រី​វ័យ​៥៦​ឆ្នាំ​រូបនេះ បន្តថា ក្នុង​វគ្គ​នីមួយៗ អ្នកស្រី នឹង​ពិភាក្សា​អំពី​មិត្តភាព ទំនាក់ទំនង​ស្នេហា សុខភាព និង​បញ្ហា​ដែល​មនុស្ស​ទូទៅ​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ​។​
 
​ការចេញផ្សាយ​លើកដំបូង​របស់​កម្មវិធី​អ្នកស្រី មី​ឈែល នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី ២៩ ខែកក្កដា ហើយ​គ្រប់គ្នា​អាច​បើក​ស្ដាប់​បាន​ដោយ​ប្រើប្រាស់​កម្មវិធី Spotify ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អ្នកស្រី មី​ឈែល អូ​បា​ម៉ា ដែល​បានជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​បុគ្គល​ល្បីល្បាញ​បំផុត​មួយ​របស់​សហរដ្ឋអាមេរិក​។ ជា​មនុស្ស​ពូកែ​និយាយ​ជា​សាធារណៈ អ្នកស្រី​ក៏បាន​សរសេរ​សៀវភៅ​លក់ដាច់​បំផុត​មួយ ចំណងជើង «Becoming» ដែល​លក់ដាច់​ជាង​១១,៥​លាន​ក្បាល់​នៅ​ទូទាំង​ពិភពលោក ៕
 
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  មី​ឈែល អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com