តើ​សត្វ​គោ​ជំរុញ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​មែនឬ​?
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​សត្វ​គោ​ជំរុញ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​មែនឬ​?
18, Jul 2020 , 7:59 pm        
រូបភាព
​បម្រែបម្រួល​អាកាសធាតុ និង​ការឡើង​កម្តៅ​ផែនដី​បានក្លាយ​ទៅជា​បញ្ហា​ពិភពលោក​ដ៏​ពិបាក​នឹង​ដោះស្រាយ​មួយ​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។ សកម្មភាព​របស់​មនុស្ស​ជាច្រើន ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ ការបំពុល​ប្រភពទឹក និង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន​ទៅកាន់​បរិស្ថាន​ធម្មជាតិ​។ 

​ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​នៅក្នុង​ពិភពលោក ការធានា​នូវ​វត្តមាន​នៃ​អាហារ​បរិភោគ​ក៏បាន​ក្លាយទៅជា​រឿង​សំខាន់ ហើយ​ក្នុងពេល​តែមួយ ព្រួយបារម្ភ​ផងដែរ​។ ក្រៅពី​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​យានយន្ត រោងចក្រ និង​ការដុត​បំផ្លាញ​ព្រៃឈើ សត្វ​គោ​ដែលជា​ប្រភព​ដ៏​សំខាន់​នៃ​របប​អាហារ​របស់​មនុស្ស​រាប់​រយ​លាន​នាក់​នៅក្នុង​ពិភពលោក​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នក​ជួយ​ជំរុញ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ផងដែរ​។​
 
 គេហទំព័រ National Geographic បាន​បង្ហាញថា កន្លងមកនេះ ពពួកសត្វ​គោ​ចិញ្ចឹម​សម្រាប់​អាហារ​មាន​ចំនួន​ប្រមាណ​ជា​១.៤​ពាន់​លាន​ក្បាល​នៅក្នុង​ពិភពលោក ហើយ​តួរ​លេខ​នេះ​អាច​នឹង​នៅតែ​បន្ត​កើនឡើង​ទៅមុខ​។ ដើម្បី​ធ្វើការ​រំលាយ​អាហារ សត្វ​គោ​ត្រូវការ​ជំនួយ​ពី​ពពួក​បាក់តេរី ឬ មីក្រូ​សារពាង្គកាយ (Microbes) មួយចំនួន​ដែល​រស់នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ 
 
​នៅពេលដែល​ពពួក​បាត់​តេ​រី​ទាំងនោះ​ទៅ​ជួយ​រំលាយ​អាហារ​របស់​សត្វ​គោ ឧស្ម័ន​មួយចំនួន​ដូចជា «​មេតាន​» ឬ «Methane» ជា​ភាសា​អង់គ្លេស ត្រូវបាន​បញ្ចេញ​មក​ក្រៅ​តាម​មាត់​របស់​សត្វ​ទាំងនោះ​។ ឧស្ម័ន​ទាំងនេះ​ហើរ​ចេញមកក្រៅ​ក្រោម​លំនាំ​ជា​សំណល់​ដែល​សេសសល់​ពី​ការ​បំបែក​អាហារ​របស់​ពពួក​មីក្រូ​សារពាង្គកាយ​។ 
 
​ចំណែក គេហទំព័រ How Stuff Works ក៏បាន​បញ្ជាក់​ផងដែរ​ថា គោមួយ​ក្បាល​អាច​បញ្ចេញ​ឧស្ម័ន​មេតាន​រហូត​ទៅដល់​១០០ ឬ​២០០​លីត្រ​ក្នុង​មួយថ្ងៃ​។ មេតាន​គឺជា​ឧស្ម័ន​មួយ​ដែលមាន​លទ្ធភាព​ក្នុង​ការចាប់​កម្តៅ​បានល្អ​ជាង​ឧស្ម័ន​កាបូនឌីអុកស៊ីត​បានរ​ហូត​ទៅដល់​២៨​ដង​។ បើ​ធ្វើការ​ប្រៀបធៀប មេតាន​មាន​បរិមាណ​តិចជាង​កាបូនឌីអុកស៊ីត​ឆ្ងាយ​ណាស់​នៅក្នុង​បរិយាកាស​ភពផែនដី​។ 
 
​ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​ក្តី ឧស្ម័ន​មេតាន​មាន​ទម្រង់​ម៉ូលេគុល​ម្យ៉ាងដែ​លអាច​ចាប់យក​កម្តៅ​ទុក​បានល្អ បង្កើត​ឲ្យ​មាន​បាតុភូត​ផ្ទះ​កញ្ចក់​កាន់តែខ្លាំង​ឡើងៗ​។ នៅពេលដែល​មេតាន​ត្រូវបាន​បញ្ចេញ​ទៅកាន់​បរិយាកាស វា​ទាមទារ​រយៈពេល​យ៉ាងហោចណាស់​ប្រមាណ​ជា​១០​ឆ្នាំ​ដើម្បី​ស្រូប​ចូលទៅ​វិញ​ដោយ​ធម្មជាតិ​។ 
 
៦០​ភាគរយ​នៃ​បរិមាណ​មេតាន​នៅក្នុង​បរិយាកាស​សព្វថ្ងៃ​ត្រូវបាន​អ្នកជំនាញ​សន្មត​ថា​មាន​ប្រភព​ចេញពី​សកម្មភាព​នានា​របស់​មនុស្ស​។ ក្នុងនោះ ក្រៅពី​កសិដ្ឋាន​ចិញ្ចឹមសត្វ សកម្មភាព​មនុស្ស​មួយចំនួនទៀត​ដូចជា​ការធ្វើ​កសិកម្ម ទីលាន​ចាក់សំរាម ឬ​ទីតាំង​ជីក​យក​ប្រេង​ជាដើម​ក៏​ជា​កត្តា​ដែល​ចូលរួម​ក្នុងការ​បញ្ចេញ​ឧស្ម័ន​មេតាន​ជាច្រើន​លើសលុប​ទៅកាន់​បរិយាកាស​ផែនដី​ផងដែរ​។ 
 
​ស្ថាប័ន​ការពារ​បរិស្ថាន​នានា​ជុំវិញ​ពិភពលោក​ដែល​ក្នុងនោះ​មានដូចជា IPCC បាន​នឹង​កំពុង​តាមដាន​ការវិវត្តន៍​របស់​បរិ​មាណ​ឧស្ម័ន​មេតាន និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផ្សេងៗ​ដទៃទៀត ដើម្បី​យល់ដឹង​បន្ថែម​ពី​ការឡើង​កម្តៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com