សម័យកាល​ប្តូរផ្លាស់ តែ​ពេល​អផ្សុក ឬ​ទុក្ខព្រួយ យុវជន​នៅតែ​យក​ចម្រៀង​មរតក​ដើម​ស្តាប់​កំដរ​អារម្មណ៍​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សម័យកាល​ប្តូរផ្លាស់ តែ​ពេល​អផ្សុក ឬ​ទុក្ខព្រួយ យុវជន​នៅតែ​យក​ចម្រៀង​មរតក​ដើម​ស្តាប់​កំដរ​អារម្មណ៍​
18, Jul 2020 , 9:30 pm        
រូបភាព
​ភ្នំពេញ​៖ សង្គម​ថ្មី ផ្នត់គំនិត​មនុស្ស​ក៏​ថ្មី ប៉ុន្តែ​អត្ថន័យ​បទ​ចម្រៀង​កាលពី​៦​ទសវត្សរ៍​មុន នៅតែ​ជា​គ្រឿង​កំដរ​អារម្មណ៍​របស់​ម​នុស្ស នៅ​គ្រប់​សម័យកាល​។ ចម្រៀង​មិនមែន​គ្រាន់តែ​ជា​គ្រឿង​កម្សាន្ត​ចិត្ត ឱ្យ​សប្បាយរីករាយ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​វា​គឺជា​សិល្បៈ ពោរពេញ​ទៅដោយ​សិល្ប៍​វិធី ក្នុងការ​បញ្ជ្រាប​ឧ​ត្ត​ម​គតិ​អ្វីមួយ ឱ្យ​មនុស្ស​អនុវត្តិ​តាម​ដោយ​មិនដឹង​ខ្លួន​។ យុវជន​មួយចំនួន ពិតជា​បាន​យក​ចម្រៀង ទៅ​ដោះស្រាយ​បញ្ហា​ជីវិត និង​ទុក្ខ​កង្វល់​របស់ខ្លួន​មាន​ប្រសិទ្ធភាព​មែន​។​

 
​មនុស្ស​មួយចំនួន​ប្រាកដជា​ធ្លាប់​ឆ្ងល់​ហើយ​ថា តើ​មូល​ហេតុអ្វី បានជា​ពួកគេ​ស្ដាប់​បទ​ចម្រៀង​កាលពី​ក្នុងអំឡុង​ឆ្នាំ​១៩៦០-១៩៧០ ដែលជា​យុគមាស មិន​ធុញ ឬ​មិន​ជិនណាយ​។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន គឺ​ទំនង​មកពី​ទំនុក​អន្ទង​ចិត្ត​។ គ្រប់​តួអក្សរ បង្កើតបានជា​ពាក្យពេចន៍ រំលេច​ខ្លឹមសារ​រយ​លាន​អត្ថន័យ បាន​ចាក់​ដល់​ជម្រៅ​បេះដូង​របស់​អ្នក​ស្ដាប់ ដែល​ធ្លាប់មាន​ប្រវត្តិ​ក្នុង​ដំណើរ​ជីវិត​។​
 
​អង្គុយ​លើ​ផ្ទាំង​ថ្ម ក្រោម​ដើមឈើ​បែកមែក​សាខា ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​មួយកន្លែង នា​រាជធានី​ភ្នំពេញ អ្នកស្រី ប៉ុក ណា​រី ជា​អ្នក​ចូលចិត្ត​ស្ដាប់ និង​ស្រឡាញ់​ខ្លឹមសារ​បទ​ចម្រៀង​មរតក​ដើម​ស្ទើរ​គ្រប់​បទ​។ មាន​សម្បុរ​ស្រអែម សក់វែង​ខ្មៅ​រលោង​ចង​បួង​ទៅក្រោយ អ្នកស្រី ណា​រី កំពុង​បណ្ដែតអារម្មណ៍​ទៅតាម​បទ​ចម្រៀង ក្នុង​ទំនុក “​និស្ស័យ​គ្រប់លក្ខណ៍​” ចេញពី​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន នា​ម៉ោង​ប្រមាណ​១​រសៀល ជា​វេលា​សម្រាក​ពី​ការងារ​នោះ​។​
 
“​និស្ស័យ​គ្រប់លក្ខណ៍​” បាន​រាយ​អន្ទាក់​អន្ទង​ចិត្ត​ស្ត្រី​កូន​៣ ប៉ុក ណា​រី ឱ្យ​នឹកភ្នក​ដល់​ដំណើរ​ជីវិត​ដែល​បាន​កន្លងផុតទៅ​។ ទំនុក​រៀបរាប់​ពី​សេចក្ដី​សោកសង្រេង ចំពោះ​មរណភាព​របស់​គូស្នេហ៍ ដ៏​មាន​ភក្ដីភាព​បរិសុទ្ធ​។ សិល្ប៍​វិធី​នៃ​ការ​ផ្សំ​ពាក្យពេចន៍ រំលេច​ឱ្យឃើញ​ទិដ្ឋភាព នៃ​ការប្រៀបធៀប​មនោសញ្ចេតនា ផ្សារភ្ជាប់​នឹង​បទ​ភ្លេង​ដ៏​លន្លង់លន្លោច បង្កើតបានជា​ទំនុក​ដ៏​សោយសោក​មួយ​។​
  
អ្នក​ស្រី ប៉ុក ណារី 

​ដ្បិតតែ​ទំនុក បាន​នាំ​ចិត្ត​ឱ្យ​សៅហ្មង​ក៏ពិតមែន ប៉ុន្តែ​វា​ក៏បាន​ដាស់តឿន នារី​កើត​នៅ​រាជធានី​រូបនេះ ឱ្យ​ភ្ញាក់រឭក យកចិត្តទុកដាក់​មើលថែរក្សា​គ្រួសារ​ជាង​មុន​ដែរ​។​
 
​ក្នុង​ទឹកមុខ​ស្រពោន​ក្រៀមក្រំ នារី​ដែល​បានសម្រេច​ចិត្ត​រៀបការ​តាំងពី​១២​ឆ្នាំមុន ដោយ​ទទួលបាន​ចំណងដៃ​កូនស្រី​២​ប្រុស​១ ប៉ុក ណា​រី ពន្យល់​បន្ថែម​ពី​គំនិត​ដែល​ទទួលបាន​ពីបទ “​និស្ស័យ​គ្រប់លក្ខណ៍​” យ៉ាង​ដូច្នេះ​៖«​យើង​សាក​ស្រមៃ​មើល​! មនុស្ស​ម្នាក់​ដែល​កំពុង​ស្រឡាញ់ ស្រាប់តែ​គេ​ព្រា​ត់ទៅ​...​​! វា​ដូចជា​បាត់បង់​អ្វី​ម្យ៉ាង​នៅក្នុង​ជីវិត​អ៊ីចឹង​។ 
 
​បើទោះបីជា​វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា សោកសៅ​បន្តិច​ក្ដី ប៉ុន្តែ​បទ​នេះ​បាន​ដាស់តឿន​ខ្ញុំ ឱ្យ​ពិចារណា​ចំពោះ​ការថែរក្សា​សុភមង្គល​គ្រួសារ​។ ក្នុងនាម​ខ្ញុំ​ជា​ប្រពន្ធ ខ្ញុំ​ត្រូវ​ប្រើ​ភាសា​ពីរោះ ទោះ​មាន​បញ្ហា​អ្វី ត្រូវ​ពិភាក្សា​រក​ដំណោះស្រាយ​។ វា​ក៏បាន​រំឭក​ខ្ញុំ​ថា ពេលវេលា​នៅ​ជុំគ្នា​តិច​ណាស់ យើង​មិនដឹងថា​អាច​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​កោង​ខ្នង​ឬ​អត់​ទេ ដូច្នេះ​ឱ្យ​ខ្ញុំ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​។ ក្ដី​ស្រឡាញ់ និង​ភាពកក់ក្ដៅ​ក្នុង​គ្រួសារ​ពិតជា​សំខាន់​»​។​
 
​ងាក​ចេញ​ពីបទ​កម្សត់​បន្តិច កញ្ញា អេ​ត ចាន់ថន គឺជា​នារី​ដែល​និយម​ស្ដាប់​បទ​ចម្រៀង​មរតក​ដើម គ្រប់​រសជាតិ មាន​ទាំង​កម្សត់ សប្បាយ ប្រជាប្រិយ និង​មនោសញ្ចេតនា​។ ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅខាងមុខ​ផ្ទះជួល​ជាន់​ផ្ទាល់​ដី ដោយ​អង្គុយ​ក្បែរ​ផើង​ដំណាំ​បន្លែ ចាន់ថន ផ្ដោតអារម្មណ៍​ខ្លាំង​ចំពោះ ការបែងចែក​ទំនុកច្រៀង និង​បទ​ភ្លេង ទៅតាម​រដូវ​កាល​ធំៗ​ទាំងពីរ​។ 
   
កញ្ញា អេត ចាន់​ថន 

​បទ “​មេឃ​រលំ​”​និង​បទ “​អនុភាព​នៃ​ពុកមាត់​” គឺជា​បទ​ចម្រៀង​ដែល​នាំ​ចិត្ត​នារី​សម្បុរ​ស្រអែម​ស្រស់ សក់វែង​ខ្មៅ​រលោង អេ​ត ចាន់ថន ស្រមៃ​ដល់​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​នោះ​។ ចំណែក​បទ “​បុប្ផា​មហា​អង្គរ​”  ទាំង​សាច់ភ្លេង​នឹង​ទំនុកច្រៀង បាន​បរិយាយ​រំលេច​ឱ្យ​អ្នក​ស្ដាប់ អាច​កំណត់​បាន​ថា វា​កើតឡើង​នៅក្នុង​រដូវប្រាំង​។ ទោះជា​យ៉ាងណា បទ​ចម្រៀង​បង្ហាញ​ពី​រដូវ​កាល នៅមាន​ច្រើន​គរគោក​ទៀត ដែល​កញ្ញា អេ​ត ចាន់ថន ថា​ពិបាក​នឹង​រៀបរាប់​អស់​។​
 
​ទោះជា​យ៉ាងណា ការ​តែង​និពន្ធ​បទ​ចម្រៀង​កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ អ្នកនិពន្ធ បាន​រំលេច​នូវ​លក្ខណៈពិសេស​មួយទៀត គឺ​ការនិពន្ធ​តម្រូវ​ទៅតាម​ពេលវេលា​។ មានន័យថា បទ​ចម្រៀង​ខ្លះ និពន្ធ​ឡើង​សម្រាប់​ស្ដាប់​ពេលព្រឹក​ព្រលឹម ទើប​ឮ​ពីរោះ​។ ចំណែក​បទ​ចម្រៀង​ខ្លះទៀត ទាល់តែ​ស្ដាប់​ពេល​ថ្ងៃត្រង់ ទើប​លួងលោម​អារម្មណ៍​បាន​។ សម្រាប់​ពេល​រសៀល ត្រូវ​តាក់តែង​បទ​ភ្លេង និង​ទំនុកច្រៀង​ផ្សេងទៀត​។ ទំនុក​តម្រូវ​អារម្មណ៍​ពេល​ល្ងាច ដែល​គ្មាន​ពន្លឺព្រះអាទិត្យ ក៏ត្រូវ​បាន​កវី​ជំនាន់​មុន​យកចិត្តទុកដាក់​ដែរ​។ 
 
​ពិសេស​ជាង​នោះ​ទៅទៀត តន្ត្រី​សម្រាប់​យប់​ស្ងាត់ កវី​ជើងចាស់​មិនបាន​មើលរំលង​ឡើយ​។ ពាក្យពេចន៍​គ្រប់​ម៉ាត់ រាយ​ជា​ទំនុក​ដ៏​ក្រអួន​ក្រអៅ  ផ្សំ​ជាមួយ​តន្ត្រី​ដ៏​សែន​ពីរោះ លាយឡំ​នឹង​សំឡេង​បាណកសត្វ នាពេល​រាត្រី​ស្ងាត់ជ្រងំ ស្ដាប់​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ថ្លា បាន​នាំ​ចិត្ត​បណ្ដាជន​ប្រុស​ស្រី​ឱ្យស្លុង​អារម្មណ៍ យល់​ដល់ទី​ជម្រៅ​បទ​ចម្រៀង​។ 
 
​បាន​សង្កេត​និង​វិភាគ​ច្រើន​ទៅលើ​ជម្រៅ​បទ​ភ្លេង តាម​ការយល់ឃើញ​រប​ស់​ខ្លួន នារី​វ័យ​ប្រមាណ​២៧​ឆ្នាំ ធ្វើការ​ក្នុង​អង្គការក្រៅរដ្ឋាភិបាល ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម អេ​ត ចាន់ថន ពន្យល់​ពី​ការវិភាគ​របស់ខ្លួន​ដូច្នេះ​៖«​បើ​បទ​ចម្រៀង​នោះ រាយ​ទំនុក​កម្សត់ បទ​ភ្លេង​បាន​នាំ​ចិត្ត​ខ្ញុំ​ឱ្យទទួល​អារម្មណ៍​សោកសង្រេង មុន​បាត់ទៅហើយ​។ តែបើ​បទ​បែប​សប្បាយ ភ្លេង​បើក​ក្បាល ធ្វើឱ្យ​ខ្ញុំ​ចង់​រាំ និង​ភ្លេច​អស់​ទុក្ខព្រួយ​។ អត្ថន័យ​បទ​ចម្រៀង​ទាំង​សប្បាយ ទាំង​កម្សត់ គឺ​សុទ្ធតែ​បាន​នាំ​អារម្មណ៍​របស់ខ្ញុំ ឱ្យ​ស្រមើស្រមៃ​ទៅតាម​លំនាំ​បទ​ទាំងនោះ​។ ពិបាក​និយាយ​ឱ្យ​ប្រាកដ ខ្ញុំ​គ្រាន់តែ​ដឹងថា ចម្រៀង​ពីមុន​បាន​អប់រំ​ផ្លូវចិត្ត​របស់ខ្ញុំ​»​។​
 
​ចំណែក កញ្ញា ឡុ​ច សុ​ភ័​ណ្ឌ វិញ ចូលចិត្ត​ស្ដាប់​បទ​មនោសញ្ចេតនា​។ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ នារី​វ័យ​២៣​ឆ្នាំ​រូបនេះ យក​បទ​ចម្រៀង​មរតក​ដើម ជា​យាន​ដឹកនាំ​ចិត្ត ឱ្យ​ថត​យក​ទេសភាព​ស្អាតៗ ចេញពី​ខ្លឹមសារ​បទ​ចម្រៀង បើទោះបីជា​នាង​មិនបាន​ទៅដល់​ទីតាំង​នោះ​ក្ដី​។ 
   
កញ្ញា ឡុច សុភ័ណ្ឌ

​អង្គុយ​នៅក្នុង​សួនច្បារ​សម្ដេច ហ៊ុន សែន ជិត​រូបសំណាក ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សុ​ភ័​ណ្ឌ រៀបរាប់​ពី​ការស្រមើស្រមៃ​របស់ខ្លួន ពេល​កំពុង​ស្ដាប់​បទ “​ខ្នងភ្នំ​សំពៅ​” ដែល​គេ​តែង​ហៅ​ចំណងជើង​ខុស​ថា “​បាចផ្កា​ម្រះព្រៅ​” យ៉ាង​ដូច្នេះ​៖«​ពេលដែល​ខ្ញុំ​ស្ដាប់​បទ​ចម្រៀង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុងតែ​ឈរ​នៅលើ​ភ្នំ​ខ្ពស់​មួយ មើលឃើញ​ភ្នំ​ជាច្រើន​ទៀត​នៅ​ចំពោះមុខ មាន​ពណ៌​ខៀវស្រងាត់ ហើយ​ខ្យល់​ត្រជាក់ បក់ រំភើយៗ មក​ប៉ះ​ថ្ពាល់ និង​ខ្លួនប្រាណ​របស់ខ្ញុំ​។ 
 
​ទោះបីជា​ខ្ញុំ​មិនបាន​ទៅដល់​ទីតាំង​នោះ​ក៏ដោយ ប៉ុន្តែ​ពេល​ខ្ញុំ​ស្ដាប់​បទ​ចម្រៀង​ពីមុន ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ទៅដល់​ទីនោះ​ដែរ​។ ពេលខ្លះ​ខ្ញុំ​រវល់​ការងារ​ពេក ខ្ញុំ​មិនបាន​ទៅ​ដើរ​កម្សាន្ត ខ្ញុំ​គ្រាន់តែ​ស្ដាប់​បទ​ចម្រៀង គឺ​ធ្វើឱ្យ​ខ្ញុំ​សប្បាយ​ចិត្តច្រើន​»​។​
 
​ទេសភាព ទិដ្ឋភាព រដូវ​កាល មនោសញ្ចេតនា វិបដិសារី មូលហេតុ បញ្ហា សង្គម សេដ្ឋកិច្ច អត្ថន័យ ខ្លឹមសារ អត្ថរស ការប្រៀបធៀប ការ​អង្វរ ការ​លួងលោម ជាដើម សុទ្ធសឹងតែ​កវី​ជំនាន់​មុន បាន​បញ្ចូល​ទៅក្នុង​ទំនុក​បទ​ចម្រៀង​របស់​ខ្លួន​។ 
 
​និយាយ​ជារួម​ទៅ កវី​ជំនាន់​ឆ្នាំ​១៩៦០ បានគិត​វិភាគ​យ៉ាង​ស៊ីជម្រៅ ទៅលើ​ខ្លឹមសារ​បទ​ចម្រៀង ដោយ​ផ្អែកលើ​តថភាព​ពិត​ក្នុងសង្គម ច្បាប់ធម្មជាតិ និង​ចិត្តសាស្ត្រ​របស់​មនុស្ស​។ មន្ត​នៃ​សំឡេង ជា​អន្ទាក់​ភ្ជាប់​ទំនុក ទៅនឹង​តន្ត្រី  ឱ្យ​ជន​ប្រុស​ស្រី​ស្លុង​អារម្មណ៍​បាន ទាំងនេះ​ជា​ទេពកោសល្យ ដ៏​អស្ចារ្យ​របស់​អ្នកប្រាជ្ញ​ខាង​សម្ដី​៕





Tag:
 ចម្រៀង​
  សិល្បៈ​
 ​តន្ត្រី​
 ​មរតក​
 ​យុវជន​
 ​សតិ​
 ​ការគិត​
© រក្សាសិទ្ធិដោយ thmeythmey.com