COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស «​យុទ្ធនា​ការទិញ​ផលិតផល​ម៉ាឡេស៊ី​ដើម្បី​ម៉ាឡេស៊ី​» ដើម្បី​ស្តា​សេដ្ឋកិច្ច​ឡើងវិញ​
19, Jul 2020 , 6:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងស្រុក​បន្ត​ចាយប្រាក់ ដើម្បី​ជា​ផ្នែក​មួយ​ធានា​ឲ្យ​បាន​លំហូរ​សាច់ប្រាក់​ក្នុង​ទីផ្សារ ក៏ដូចជា​ជួយ​ស្តា​សេដ្ឋកិច្ច​របស់​ឡើងវិញ ក្រោយពី​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដោយសារតែ​វិបត្តិ​ជំងឺ​រាតត្បាត Covid-19​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​បន្ត​លើកកម្ពស់​ផលិតកម្ម​នៅក្នុង​ស្រុក​។

 
​លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin នៅ​ថ្ងៃ​១៨ កក្កដា បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​យុទ្ធនាការ ទិញ​ផលិតផល​ម៉ាឡេស៊ី ដើម្បី​ម៉ាឡេស៊ី​។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា យុទ្ធ​ការ​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ស្តា​សេដ្ឋកិច្ច​ឡើងវិញ ដែល​ទាមទារ​ឲ្យ​អ្នកសេដ្ឋកិច្ច​ជួរមុខ​ចូលរួម​ទាំងអស់គ្នា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Star​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា យុទ្ធនាការ ទិញ​ផលិតផល​ម៉ាឡេស៊ី ដើម្បី​ម៉ាឡេស៊ី មិនមែនជា​គោលនយោបាយ​ថ្មី​នោះទេ​។ តាម​លោកនាយក​រដ្ឋមន្ត្រី យុទ្ធនាការ​នេះ ធ្លាប់​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ក្នុង​ឆ្នាំ ១៩៨៤ ម្តង​រួចទៅហើយ ពោលគឺ​វា​ត្រូវបាន​យកមកអនុវត្ត​ក្នុងពេលដែល​ប្រទេស​ជួប​ឱនភាព​សេដ្ឋកិច្ច ដែល​តម្រូវ​ឲ្យ​មានការ​ជំរុញ​ការចំណាយ​ក្នុងស្រុក​ឲ្យ​កាន់តែច្រើន​មកវិញ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ដើម្បី​ទប់ទល់​ការរីក​រាល​នៃ​វីរុស Covid-19 រដ្ឋាភិបាល​ត្រូវការ​ក្រុមគ្រូពេទ្យ​ជួរមុខ​បំផុត ហើយ​នៅពេលនេះ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ឡើងវិញ រដ្ឋាភិបាល ត្រូវការ​បំផុត​អ្នកពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច​វិញ​ម្តង​។ 
 
​លោក អះអាងថា ដោយសារតែ​វិបត្តិ Covid-19 នេះ វត្ថុធាតុដើម​ដែល​កន្លងមក​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស​ដើម្បី​ផ្គត់ផ្គង់​ការផលិត​របស់​ឧស្សាហកម្ម​ធំៗ​ក្នុងប្រទេស ត្រូវបាន​រាំងស្ទះ​រួចទៅហើយ​។ ចំណុច​នេះ លោក ថា ម៉ាឡេស៊ី នៅតែមាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការធានា​ផលិតកម្ម​ផលិតផល​ដែល​រោងចក្រ ឬ​ក្រុមហ៊ុន​ក្នុងស្រុក​អាចធ្វើ​បានរួម​មាន​ដូច ឱសថ ចំណីអាហារ ភេសជ្ជៈ និង​សម្ភារ​វេជ្ជសាស្ត្រ​ជាដើម​។ 
 
​លោកនាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា នៅពេលដែល​ប្រជាជនមាន​ការចាយវាយ​ច្រើន​ក្នុង​ទីផ្សារ ពេលនេះ វា ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ហើយ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការបង្កើត​ឱកាស​ការងារ និង​ការបង្កើន​ចំណូល​របស់​ប្រជាជន​ជាដើម​៕ 
 
 
 

Tag:
 ម៉ាឡេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com