ជាតិ
២៥ខេត្ត/រាជធានី
ភ្នំពើងតានាន់ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនៅស្រុកអង្គរជុំ
× សៀមរាប៖ ថ្មដុះបន្តុបពីលើគ្នាជាច្រើនរាប់មិនអស់ អមជាមួយសម្រស់ផ្កាដែលដាំដោយសហគមន៍នៅទីនោះ បង្កើតបានជាទស្សនីយភាពប្លែក បានរំលេចខ្លួននៅលើភ្នំពើងតានាន់។ តំបន់ទេសចរណ៍ធម្មជាតិភ្នំពើងតានាន់ មានចំងាយ៦០គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតក្នុងភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ទេសចរដែលធ្លាប់ទៅកម្សាន្តនៅតំបន់ទេសចរធម្មជាតិភ្នំពើងតានាន់កាលពីឆ្នាំ២០១៩ លោក លី គន្ធធា បានប្រាប់ ThmeyThmey25 ថា មូលហេតុដែលរូបលោកទៅលេងនៅទីនោះដោយសារ លោកបានឃើញការផ្សព្វផ្សាយរបស់ភ្ញៀវទេសចរពីទេសភាពថ្មដុះបន្តុបលើគ្នាជាច្រើនប្លែក ទើបលោកចង់ទៅឃើញសម្រស់ថ្មធម្មជាតិទាំងអស់នោះដោយផ្ទាល់។
«ពេលខ្ញុំទៅដល់ភ្នំពើងតានាន់ ទេសភាពលើសពីការរំពឹងទុក។ បើមើលតាមបណ្តាញសង្គម អ្នកខ្លះគាត់អត់ចេះថតអ៊ីចឹងមើលទៅទេសភាពមិនសូវទាក់ទាញ។ ពេលទៅដល់គឺវាពិតជាអច្ឆរិយមែនទែន ដុំថ្មធំៗស្ទើរប៉ិនផ្ទះដុះលើគ្នាដូចគេយកទៅដាក់ ហើយវាមានច្រើនខ្លាំងណាស់ បើរាប់ខ្ញុំរាប់មិនអស់ទេ។ សហគមន៍ទៅទីនោះក៏បានដាំផ្កាលម្អ ធ្វើឲ្យនៅទីនោះកាន់តែទាក់ទាញ»។ នេះបើតាមលោក គន្ធធា។
ទេសចររូបនេះក៏បានបន្តថា ផ្លូវទៅកាន់ភ្នំពើងតានាន់មានភាពលំបាក ដោយសារផ្លូវមានសភាពខូចខ្លាំងដែលបណ្តាលមកពីការដឹកលើសចំណុះតែ បើធ្វើដំណើរដោយម៉ូតូមិនសូវមានភាពលំបាកប៉ុន្មានទេ ដោយឡែកបើធ្វើដំណើរដោយឡានមានភាពលំបាកខ្លាំង។
ទេសចរដែលទៅកម្សាន្តនៅភ្នំពើងតានាន់ អាចទស្សនាសម្រស់នៃដុំថ្មធំៗដុះបន្តុបពីលើគ្នាប្រៀបដូចគេយកទៅដាក់ ទស្សនាសម្រស់ផ្កាដែលបានដាំដោយសហគមន៍នៅទីនោះ និងទេសភាពនៅជុំវិញភ្នំដ៏អច្ឆរិយមួយនេះ។ ទេសចរក៏អាចបោះតង់គេងសម្រាកនៅលើភ្នំពើងតានាន់ ប៉ុន្តែត្រូវត្រៀមអាហារសម្រាប់បរិភោគដោយសារនៅទីនោះមិនទាន់មានភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com