COVID-19
អន្តរជាតិ
មេដឹកនាំ​ហុងកុង​ថា ករណី​ឆ្លង COVID-19 ក្នុង​ទីក្រុង​ស្ថិតក្នុង​ស្ថានភាព​មិនអាច​គ្រប់គ្រង​បាន​
20, Jul 2020 , 9:47 am        
រូបភាព
ប្រធានប្រតិបត្តិទីក្រុងហុងកុង លោកស្រី ការី ឡាំ។ រូបភាព៖ China Daily
ប្រធានប្រតិបត្តិទីក្រុងហុងកុង លោកស្រី ការី ឡាំ។ រូបភាព៖ China Daily
​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី​១៩ ខែកក្កដា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 ជាង​១០០​ករណី​ថ្មី​។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ បាន​លើកឡើងថា ការ​រាតត្បាត​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ទីក្រុង កំពុងស្ថិត​ក្នុងស្ថានភាព​មិនអាច​គ្រប់គ្រង​បាន​។

 
​ចាប់តាំងពី​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​មក ហុងកុង ត្រូវបាន​គេ​ស្គាល់​ថា គឺជា​ទីក្រុង​ដែលមាន​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19 យ៉ាង​ល្អ​បំផុត​។ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ករណី​ឆ្លង​នៅក្នុង​ទីក្រុង បាន​ហក់​ឡើងជា​ថ្មី​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា តួលេខ​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រចាំថ្ងៃ បាន​កើន​ឡើងដល់ ១០៨​ករណី ដែលមាន​អ្នក​ឆ្លង​ក្នុងស្រុក​ចំនួន ៨៣​ករណី និង​ឆ្លង​មកពី​បរទេស ២៥​ករណី​។ តួលេខ​នេះ គឺជា​ចំនួន​ឆ្លង​ខ្ពស់បំផុត ក្នុង​អត្រា​ឆ្លង​ក្នុង​មួយថ្ងៃ ចាប់តាំងពី​ផ្ទុះ​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៩ ខែកក្កដា ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ការី ឡាំ បាន​បញ្ជាក់ថា ស្ថានការណ៍​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ទីក្រុង គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ និង​កំពុងស្ថិត​ក្នុងស្ថានភាព ដែល​មិនអាច​គ្រប់គ្រង​បាន​។ លោកស្រី​បាន​ទទូច​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ  និង​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ម៉ត់ចត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ជាមួយគ្នានេះ ប្រមុខ​ដឹកនាំ​ទីក្រុង​ហុងកុង ក៏បាន​លើកឡើង​ពី​វិធានការ​ថ្មីៗ​មួយចំនួន​បន្ថែមទៀត​ដូចជា គម្រោង​តម្រូវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​ក្នុង​អាគារ​សាធារណៈ និង​បទបញ្ជា​ថ្មី ដែល​តម្រូវ​ឲ្យ​បុគ្គលិក​រដ្ឋ ដែល​បម្រើការ​ក្នុង​វិស័យ​មិនសូវ​សំខាន់ ត្រូវ​មក​ធ្វើការ​នៅផ្ទះ​ជាដើម​។ 
 
​នៅ​សប្តាហ៍​មុន ទីក្រុង​ហុងកុង បានប្រកាស​ពី​វិធានការ​តឹងរ៉ឹង​មួយចំនួន​រួចហើយ​ដូចជា​ការរក្សា​គម្លាត​សុវត្ថិភាព ការ​បិទមុខ​ជំនួញ​មួយចំនួន​ដូចជា បារ កន្លែង​ហាត់ប្រាណ ក្លឹប​រាត្រី និង​បញ្ជា​ឲ្យ​ប្រជាជន​ហុងកុង​ទាំងអស់​ពាក់​ម៉ាស់​នៅក្នុង​សេវា​ដឹកជញ្ជូន​សាធារណៈ​។ បន្ថែម​ពីលើ​នេះ ហុងកុង ក៏បាន​សាងសង់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក ដែលមាន​ចំនួន ២០០០​បន្ទប់ នៅក្បែ​ង​តំបន់​កម្សាន្ត Disneyland ផង​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា ទីក្រុង​ហុងកុង មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១៧៨៨​ករណី និង​ស្លាប់​ចំនួន ១២​នាក់​៕ 

Tag:
 ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com