COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ថៃ លើកទឹកចិត្ត​ពលរដ្ឋ​ខ្លួន​ឲ្យ​បង់ថ្លៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​បន្ថយ​បន្ទុក​រដ្ឋ​
21, Jul 2020 , 7:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
ដោយ:
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​២១ ខែកក្កដា បាន​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​បន្ទុក​របស់​រដ្ឋ​។

 
​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin អះអាងថា ខ្ទង់ចំណាយ​ជា​មធ្យម​លើ​ការ​ស្នាក់នៅ​រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រដ្ឋ មាន​ប្រមាណ ១៤ ០០០ បាត ឬ ៤៤០​ដុល្លារ​។ នេះ​គឺ​មិនទាន់​គិត ថ្នាំសង្កូវ​ឡើយ​។ 
 
​លោក គូសបញ្ជាក់ថា ព្រោះតែ​អ្នក​ត្រលប់​មកវិញ​កើនឡើង ទីកន្លែង​ច្រើន​ទៀត នឹងត្រូវ​រៀបចំ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​រដ្ឋ ដែល​បានដាក់​បន្ទុក​ខ្លាំង​លើ​ការចំណាយ​របស់​រដ្ឋាភិបាល​។ នេះ​បើ​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍​។ 
 
​តាម​ប្រភព​ដដែល លោក Taweesilp និយាយថា មកទល់ពេលនេះ ពលរដ្ឋ​ថៃ​ជាង​៦​ម៉ឺន​នាក់ បាន​វិល​ត្រលប់​មកកាន់​ប្រទេស​កំណើត​វិញ​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែលមាន​លទ្ធភាព​បង់ថ្លៃ ហើយ​ស្នាក់នៅ​សណ្ឋាគារ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
​ទាក់ទិន​ជើងហោះហើរ​ដឹក​ពលរដ្ឋ​ថៃ​ពី​បរទេស​មក​ប្រទេស​កំណើត​វិញ វេជ្ជបណ្ឌិត Taweesilp លើកឡើងថា រដ្ឋាភិបាល​ថៃ​បានសម្រេច​ចិត្ត​បង្កើន​កូតា​ពី​២០០​នាក់ ទៅ​៦០០​នាក់​ក្នុង​មួយថ្ងៃ ព្រោះតែ​តម្រូវ​ការកើនឡើង​។ 
 
​ពាក់ព័ន្ធ​កង្វល់​ពលរដ្ឋ​ថៃ​ជុំវិញ​រឿង​ថា អ្នកការទូត​បរទេស​ស្នាក់នៅ​អគារ​ខុន​ដូ​នោះ មន្ត្រី​អ្នកនាំពាក្យ អះអាងថា ក្រសួងការបរទេស​ថៃ បានស្នើ​សុំ​ឲ្យ​គ្រប់​ស្ថានទូត​ទាំងអស់​ក្នុងប្រទេស​ថៃ ធានាថា មន្ត្រី​ទូត​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​ត្រឹមត្រូវ​។ 
 
​គិត​ត្រឹម​ថ្ងៃទី ២១ ខែកក្កដា ប្រទេស​ថៃ រាយការណ៍​ករណី​ឆ្លង​សរុប ៣២៥០​ករណី ក្នុងនោះ​ជាសះស្បើយ ៣០៩៦​នាក់ ហើយ​អ្នក​ស្លាប់មាន ៥៨​នាក់​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com