អន្តរជាតិ
អង់គ្លេស សម្រេច​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង​ដោយ​គ្មាន​រយៈពេលកំណត់​
21, Jul 2020 , 3:27 pm        
រូបភាព
លោកDominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស ថ្លែងពីការផ្អាកសន្ធិសញ្ញាបត្យាប័នហុងកុង និងអង់គ្លេស នាថ្ងៃទី២០ ខែកក្កដា។ រូបភាព៖ BBC
លោកDominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស ថ្លែងពីការផ្អាកសន្ធិសញ្ញាបត្យាប័នហុងកុង និងអង់គ្លេស នាថ្ងៃទី២០ ខែកក្កដា។ រូបភាព៖ BBC
​អង់គ្លេស បានសម្រេច​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង​ភ្លាមៗ និង​គ្មាន​ពេល​កំណត់​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raab បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២០ ខែកក្កដា​។ ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការផ្អាក​ការនាំចេញ​អាវុធ​មួយចំនួន​មក​ហុងកុង​ផងដែរ​។​


​ថ្លែង​នៅក្នុង​សភា រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raap បានលើកឡើង​យ៉ាង​ដូច្នេះ​ថា រដ្ឋាភិបាល សម្រេច​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន «​ភ្លាមៗ និង​គ្មាន​ពេល​កំណត់​» ជាមួយ​ហុងកុង​។ ក្នុងន័យនេះ អង់គ្លេស នឹងមិន​ពិចារណា​លើ​ការធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​បត្យាប័ន​មាន​សុពល​ឡើងវិញ​ឡើយ​។ 
 
​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ដែល​ទើប​ចូល​ធរមាន​ក្ដី បានកំណត់​ពី​ការនាំយក​ជនសង្ស័យ​ក្រោម​បទល្មើស​សន្តិសុខ​ជាតិ​នៅ​ហុងកុង យកទៅ​កាត់ទោស​នៅ​ចិនដីគោក​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​បត្យាប័ន​អ្នកទោស​ពី​អង់គ្លេស ទៅ​ហុងកុង ដោយ​ផ្អែក​ទៅតាម​សន្ធិសញ្ញា​បត្យាប័ន​ភាគី​ទាំងពីរ​។ អង់គ្លេស​បារម្ភ​ថា ជន​ដែល​ត្រូវធ្វើ​បត្យាប័ន​ពី​អង់គ្លេស​ទៅ​ហុងកុង អាច​ត្រូវធ្វើ​បត្យាប័ន​បន្តទៅ​ចិនដីគោក ដោយ​ផ្អែក​ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​។​
 
​នៅមុន​ការសម្រេច​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​រប​ស់​អង់គ្លេស អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឯណោះ​វិញ បាន​រិះគន់​អង់គ្លេស​យ៉ាងខ្លាំង​ថា មិន​គោរព​មូលដ្ឋាន​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​ការពារ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ លើសពីនេះ ចិន​បានចាត់ទុក​សកម្មភាព​របស់​អង់គ្លេស គឺជា​ការ​ជ្រែ​ត​ជ្រែក​ចូលមកក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន បំពាន​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​។ 
 
​ក្រៅពី​បញ្ជាក់​ពី​ការផ្អាក​សន្ធិសញ្ញា​បត្យាប័ន អង់គ្លេស ក៏បាន​ប្រកាស​ពី​ការផ្អាក​ការនាំចេញ​អាវុធ​មួយចំនួន​ដូចជា គ្រាប់​បែកផ្សែង ប្រដាប់​ឆក់ កាំភ្លើង​ផ្តល់​សញ្ញា និង​គ្រាប់កាំភ្លើង​ជាដើម ទៅ​ហុងកុង​ផងដែរ​។ អាវុធ​ប្រភេទ​នេះ ត្រូវបាន​អង់គ្លេស​ហាម​នាំ​ចូលមក​ចិន​តាំងពី​ឆ្នាំ ១៩៨៩​មក​ម្លេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ការប្រកាស​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន និង​នាំចេញ​អាវុធ​មាន​សក្តានុពល​មួយចំនួន​បែបនេះ គឺ​រឹតតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​អង់គ្លេស​កាន់តែ​ល្អក់កករ​ថែមទៀត ខណៈ​ប្រទេស​ទាំងពីរ កំពុង​មើលមុខ​គ្នា​មិន​ចំ ដោយសារ​បញ្ហា​ដូចជា ប្រព័ន្ធ​ទូរគមនាគមន៍​ជំនា​ន់ទី​៥(5G) ការផ្តល់​លិខិតឆ្លងដែន​ឲ្យ​ប្រជាជន​ហុងកុង​មាន​សិទ្ធិមក​តាំង​លំនៅ​ក្នុងប្រទេស​អង់គ្លេស​ជា​អចិន្ត្រៃយ៍ និង​បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​ជាដើម​។ 
 
​សូមបញ្ជាក់ថា ក្នុងនាម​ជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង អង់គ្លេស​បាន​រិះគន់​ចិន​យ៉ាងខ្លាំង ថា​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺ​លុបបំបាត់​សិទ្ធិសេរីភាព​របស់​ប្រជាជន និង​បំពាន​សេចក្តីប្រកាស​រួម​រវាង​ចិន និង​អង់គ្លេស​ឆ្នាំ​១៩៨៤ ដែល​បានចែង​ពី​លក្ខខណ្ឌ​ដែល​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​៕ 

Tag:
 អង់គ្លេស​
  ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com