COVID-19
អន្តរជាតិ
COVID-19៖ លោក ឌូ​ទើ​តេ ព្រមាន​ចាប់ខ្លួន​ពលរដ្ឋ​ដែល​មិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សុវត្ថិភាព​
21, Jul 2020 , 9:39 pm        
រូបភាព
កម្លាំងប៉ូលិសជិះលើរថយន្តយោធា ដែលបើកកាត់បដាប្រធានាធិបតីហ្វីលីពីននៅក្នុង ក្រុង Navotas រដ្ឋធានីម៉ានីល នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Reuters
កម្លាំងប៉ូលិសជិះលើរថយន្តយោធា ដែលបើកកាត់បដាប្រធានាធិបតីហ្វីលីពីននៅក្នុង ក្រុង Navotas រដ្ឋធានីម៉ានីល នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​២១ ខែកក្កដា បាន​ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ហ្វីលីពីន​ទាំងឡាយណា ដែល​ចម្លង​កូ​រ៉ូ​ណាវី​រុស មិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស​។ ការព្រមាន​នេះ ធ្វើឡើង​ស្របពេល​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស កំពុង​ហក់​ឡើងជា​លំដាប់​។

 
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ហ្វីលីពីន បាន​កើន​ឡើងជា​លំដាប់​។ នៅ​ថ្ងៃទី​២០ ខែកក្កដា ហ្វីលីពីន​មាន​ករណី​ឆ្លង​COVID-19 ១៥២១​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៤​នាក់​។ តួលេខ​សរុប​របស់​ហ្វីលីពីន​មាន​ចំនួន ៦៨៨៩៨​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១៨៣៥​នាក់​។ អត្រា​នេះ ធ្វើ​ឲ្យ​ហ្វីលីពីន ក្លាយជា​ប្រទេស​មាន​ករណី COVID-19 សរុប​ច្រើនជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ឥណ្ឌូណេស៊ី ដែលមាន​ចំនួន​សរុប​ជិត ៩​ម៉ឺន​ករណី​។ 
 
​ពាក់ព័ន្ធ​នឹង​ការកើនឡើង​ករណី​ឆ្លង​នេះ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បាន​ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ហ្វីលីពីន​ទាំងឡាយណា​ដែល​ចម្លង​វីរុស​ទៅ​អ្នកដទៃ មិន​ពាក់​ម៉ាស់ និង​មិន​រក្សា​កម្លា​ត​សុវត្ថិភាព​ជាដើម​។ «​យើង មិនមាន​អ្វី​ត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ចាប់ខ្លួន​មនុស្ស​នោះទេ​»​។ លោក​ប្រធានាធិបតី​ហ្វីលីពីន បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ការចម្លង​កូ​រ៉ូ​ណាវី​រុស​ទៅ​អ្នកដទៃ គឺជា «​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ទន្ទឹមនេះ លោក​ឌូ​ទើ​តេ បានបញ្ជាក់​ទៀតថា ប្រសិនបើ​ប្រជាជន​ទាំងឡាយណា​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស ជន​ទាំងនោះ អាចនឹងទទួល​មេរៀន​គ្រប់ពេលវេលា​។ នា​ខែមេសា​កន្លងមក ប្រធានាធិបតី​ហ្វីលីពីន​វ័យ​៧៥​ឆ្នាំ​រូបនេះ ធ្លាប់បាន​ព្រមាន​ថា អ្នក​បំពាន​បម្រាម​បិទ​ប្រទេស និង​បង្កបញ្ហា អាច​នឹង​ត្រូវគេ​បាញ់សម្លាប់​។ 
 
​ក្នុងស្ថានភាព COVID-19 កំពុង​រាតត្បាត​ក្នុងប្រទេស ក្រសួងសុខាភិបាល ដាក់​គោលដៅ​បង្កើន​ការ​តេស្ត​រក COVID-19 បន្ថែម​ទត​។ តាមរយៈ​កិច្ចប្រជុំ​ដែល​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហ្វីលីពីន​ជាមួយ​លោក​ប្រធានាធិបតី លោក Francisco Duque រដ្ឋមន្ត្រី​សុខាភិបាល បាន​លើកឡើងថា ហ្វីលីពីន មាន​គោលបំណង​បង្កើន​ការធ្វើ​តេស្ត​លើ​មនុស្ស​ឲ្យ​បាន​៣២០០០​នាក់​ទៅ​៤០០០០​នាក់​ក្នុង​មួយថ្ងៃ បើ​ធៀប​នឹង​ពេលបច្ចុប្បន្ន ដែលមាន​ចំនួន​ធ្វើតេស្ត​លើ​មនុស្ស​ពី ២០០០០ ទៅ​២៣០០០​នាក់​ប៉ុណ្ណោះ​។
 
​លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​បន្តថា ហ្វីលីពីន នឹងធ្វើ​តេស្ត​រក COVID-19 លើ​ប្រជាជន​ហ្វីលីពីន​ឲ្យ​បាន ១០​លាន​នាក់ គិត​ត្រឹម​ត្រីមាស​ទី​២ នៅ​ឆ្នាំក្រោយ​។ មកទល់ពេលនេះ ហ្វីលីពីន បានធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន​១,១​លាន​នាក់​ហើយ​ដើម្បីរ​កកូ​រ៉ូ​ណាវី​រុស​។ 
 
​សូមបញ្ជាក់ថា ហ្វីលីពីន បាន​បិទ​តំបន់​មួយចំនួន​ជាថ្មី បន្ទាប់ពី​ករណី​ឆ្លង COVID-19 ហក់​ឡើង​។ ប្រជាជន​ក្នុង​ក្រុង Navotas រដ្ឋធានី​ម៉ានីល ត្រូវបាន​បិទ​តាំងពី​ថ្ងៃទី​១៦ ខែកក្កដា​ចំនួន​រយៈពេល ២​សប្តាហ៍​។ ប្រជាជន ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពីផ្ទះ ក្នុងករណី​ទៅ​ទិញ​របស់​ប្រើប្រាស់​ចាំបាច់​តែប៉ុណ្ណោះ​។ កម្លាំង​ប៉ូលិស រថយន្តយោធា ក៏ត្រូវ​បាន​គេ​ពង្រាយ​នៅក្នុង​តំបន់​នេះ​ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com