ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ហើមពោះ​? គួរ​និង​មិនគួរ​ទទួលទាន​អ្វីខ្លះ​?
22, Jul 2020 , 8:59 pm        
រូបភាព
​ជាធម្មតា​ការ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ​រួច គឺជា​អាកា​រៈទូ​ទៅមួយ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ វា​កើតឡើង​នៅពេល​ជាតិ​ហ្គាស​កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​ដែល​បណ្ដាល​ឲ្យ​ប៉ោង​តឹង ឬ​ហើមពោះ​។ ទោះជា​យ៉ាងណា​មាន​កត្តា​ផ្សេងៗ​ច្រើនណាស់​ដែល​បង្កបញ្ហា​ហើមពោះ​រួមបញ្ចូល​ទាំង​ការ​ទទួលទាន​លឿន​ពេក ការនិយាយ​ខណៈពេល​ទ​ទួល​ទាន ហើយ​ពេលខ្លះ​ក៏​អាច​បណ្ដាលមកពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹង​ណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។ ប៉ុន្តែ​កុំ​បារម្ភ​!​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​ពីអ្វី​គួរ ឬ​មិនគួរ​ទទួល​ទានពេល​ហើមពោះ ៖

 
​អ្វី​គួរ​ទទួលទាន ៖
១. យ៉ា​អួរ​
 
​ដើម្បី​ជៀសវាង​បញ្ហា​ជាតិ​ហ្គាស​កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​នោះ វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ទទួលទាន​នូវ​អាហារ​ដែលមាន​ប្រសិទ្ធិភាព​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ចូរ​បន្ថែម​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ប្រូ​បាយ​អូ​ទិ​ក​ដូចជា យ៉ា​អួរ ជាដើម​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក វិធី​នេះ​នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​មុខងារ​នៃ​ក្រពះ​នៅពេល​អ្នក​ទទួលទាន​អាហារ​ផ្សេងៗ ក៏ដូចជា​រក្សា​នូវ​តុល្យភាព​នៃ​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។​
 
២. ខ្ញី 
 
​នោះ​ក៏​ព្រោះតែ​បន្លែ​មើម​នេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​ដែល​
​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​ពោះវៀនធំ​។ លើសពីនេះទៅទៀត ខ្ញី​ក៏មាន​ផ្ទុក​នូវ​សារធាតុ zingibain ដែលជា​អង់ស៊ីម​មួយ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ហើយ​ទទួលខុសត្រូវ​ចំពោះ​ការ​បំបែក​ប្រូតេអ៊ីន​នៅក្នុង​រាងកាយ​និង​ថែមទាំង​សម្រួល​ដំណើរការ​មុខងារ​នៃ​ពោះវៀន​ផងដែរ​។​
 
៣. ផ្លែ​ចេក​
 
​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ចេក គឺ​ជួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហើមពោះ​ប្រកបដោយ​ប្រសិទ្ធិភាព​។ នេះ​ក៏​ព្រោះតែ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ហើមពោះ​នោះ គឺ​ដោយសារ​អ្នក​បាន​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ច្រើនពេក​។ ការទទួល​ទាន​ផ្លែ​ចេក​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាចជួយ​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​និង​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​។​
 
៤. គ្រាប់​ជី​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ រួមទាំង​វីតាមីន B6 ដែល​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ហើមពោះ​បាន​យ៉ាង​ប្រសើរ​។​
 
៥. ត្រសក់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ និង​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ធ្វើឱ្យ​នោម​ញឹក ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថា​មិនសូវ​តឹង​ពោះ​។​
 
​អ្វី​គួរ​ចៀសវាង ៖

១. សណ្ដែក​
 
​ទោះបី​ជាមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ល្អៗ ប្រូតេអ៊ីន ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ក៏ពិតមែន ប៉ុន្តែ​សណ្ដែក​ក៏​ជា​ប្រភព​នៃ​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែល​បង្កើន​ជាតិ​ហ្គាស​ក្នុង​ពោះវៀន​។ អ្នក​ទទួលទាន​សណ្ដែក​ច្រើន​ប៉ុណ្ណោះ អាកា​រៈ​ហើម​ពិបាក​ក្នុង​ពោះ​កាន់តែខ្លាំង​ឡើង​ប៉ុន​នោះ​។ ការ​ត្រាំ​និង​ចម្អិន​សណ្ដែក​ឱ្យ​ឆ្អិន​ល្អ​អាចជួយ​ទប់ស្កាត់​បញ្ហា​ហើមពោះ​គួរឱ្យកត់សម្គាល់​។​
 
២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​អា​ការៈមិន​ធម្មតា​មួយចំនួន​ក្រោយពេល​ទទួលទាន​ទឹកដោះគោ ឬអ្វី​ដែល​ផ្សំ​ឡើង​ពី​វា​នោះ​មានន័យថា​អ្នក​កំពុង​ចាញ់​ឡាក់​តូ​ស​ហើយ​។ ប្រព័ន្ធ​រំលាយ​អាហារ​គ្មាន​សមត្ថភាព​ក្នុងការ​រំលាយ​ឡាក់​តូ​ស​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ក្នុង​ទឹកដោះគោ​។ ជា​លទ្ធផល​អ្នក​អាច​ជួបប្រទះ​អាកា​រៈ​ហើមពោះ រាគ និង​លើស​ហ្គាស​។​
 
៣. បន្លែ​ប្រភេទ Cruciferous
 
​រួមបញ្ចូល​ទាំង​ស្ពៃក្ដោប ផ្កា​ខាត់ណា ផ្កា​ខាត់ណា​ខៀវ និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​សុទ្ធតែ​អាច​បង្កបញ្ហា​កើន​ជាតិ​ហ្គាស​លើសលុប​ក្នុង​ពោះវៀន​ដែល​បណ្ដាលឱ្យ​ហើមពោះ​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​បន្លែ​ប្រភេទ Cruciferous ដែល​ចម្អិន​ឆ្អិន​អាចជួយ​បន្ថយ​អាកា​រៈ​ហើមពោះ​។​
 
៤. ផ្លែ​ប៉ោម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ព្រមទាំង​ជាតិ​ស្ករ fructose ដែលជា​មូលហេតុ​អាច​បង្ក​អាកា​រៈ​ហើមពោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com