លោក ត្រាំ ថា អាចធ្វើ​ការ​ជាមួយ​ចិន​នាំយក​វ៉ាក់សាំង​សម្រាប់​ប្រជាជន​អាមេរិក
COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ថា អាចធ្វើ​ការ​ជាមួយ​ចិន​នាំយក​វ៉ាក់សាំង​សម្រាប់​ប្រជាជន​អាមេរិក
22, Jul 2020 , 10:10 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែកក្កដា។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែកក្កដា។ រូបភាព AFP
​និយាយ​ពី​រឿង​ជំងឺ COVID-19 អាមេរិក និង​ចិន​មិនត្រូវ​គ្នា​ឡើយ​។ ក្រៅពី​រិះគន់​ចិន​ថា ដោះស្រាយ​បញ្ហា​មិនល្អ អាមេរិក​ក៏​ថែមទាំង​ចោទថា ចិន​ជា​ប្រភព​ជំងឺ​ផ្លូវដង្ហើម​នេះ​ទៅទៀត​។ ប៉ុន្តែ​និយាយ​ពី​វ៉ាក់សាំង​វិញ អាមេរិក​អាចធ្វើ​ការ​ជាមួយ​ចិន​បាន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែកក្កដា បានបង្ហាញ​ឆន្ទៈ​ធ្វើការ​ជាមួយ​ប្រទេស​នានា​រាប់ទាំង​ចិន​ផងដែរ ដើម្បី​នាំយក​វ៉ាក់សាំង​ជំងឺ COVID-19 ឲ្យ​ប្រជាជន​អាមេរិក​ដែ​ឈរលើ​កំពូល​តារាង​ករណី​ឆ្លង​។​

 
​ដ្បិត​មិនត្រូវ​រឿង​ជាច្រើន​មែន អាមេរិក​នៅតែមាន​ឆន្ទៈ​សហការ​ជាមួយ​ចិន​ក្នុង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 ឲ្យ​បាន​ជោគជ័យ​សម្រាប់​ប្រជាជន​ខ្លួន​ដដែល ខណៈ​បច្ចុប្បន្ន វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​ចិន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​អ្នក​បង្ហាញ​ជំហរ​បែបនេះ​ដោយផ្ទាល់ បើ​ទោះ​កន្លងមក​លោក​រិះគន់​ចិន​រឿង COVID-19 មិន​ប្រណី​មាត់​ក្ដី​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២១ ខែកក្កដា លោក ត្រាំ ត្រូវបាន​សួរថា រដ្ឋបាល​អាមេរិក​នឹង​សហការ​ជាមួយ​ចិន​ក្នុង​ការបង្កើត​វ៉ាក់សាំង​ជាមួយ​ចិន​ឬ​យ៉ាងណា​។ ប្រធានាធិបតី​អាមេរិក​ឆ្លើយ​វិញ​ថា​៖ «​យើង​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ប្រទេស​ទាំងអស់​ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​។​»  
 
​លោក ត្រាំ និយាយ​បែបនេះ​មួយថ្ងៃ​ក្រោយ​ការប្រកាស​ព័ត៌មាន​ពី​ការសាកល្បង​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​ចិន ដែល​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​។ វ៉ាក់សាំង​ដែល​អភិវឌ្ឍ​រួមគ្នា​ដោយ​ក្រុមហ៊ុន CanSino Biologics និង​អង្គភាព​សុខាភិបាល​កងទ័ព​ចិន ត្រូវបាន​តេស្ត​ក្នុង​ដំណាក់​ទី​បី ហើយ​លទ្ធផល​បង្ហាញថា មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ ពិសេស​ជំរុញ​ប្រព័ន្ធ​ស៊ាំ​រាងកាយ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។​
 
​វ៉ាក់សាំង​នេះ ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​ជាង​២០​ដែល​ត្រូវបាន​ពិសោធ​នៅ​ជុំវិញ​ពិភពលោក តែ​ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​តិចតួច​ដែល​អាច​ឈានដល់​ដំណាក់​សាកល្បង​ទី​បី​។ វ៉ាក់សាំង​ដែល​ស្ថិតនៅ​ដំណាក់​បែបនេះ​ដែរ​មាន​មកពី​ក្រុមហ៊ុន Moderna ដែល​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ។ នៅ​អង់គ្លេស វ៉ាក់សាំង​ដែល​ពិសោធ​រួមគ្នា​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ស្វ៊ី​ស​-​អង់គ្លេស AstraZeneca ក៏​ផ្ដល់​លទ្ធផល​គាប់ប្រសើរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ​ដែលជា​សន្និសីទ​ដំបូង​គេ​ទាក់ទង COVID-19 ក្នុង​រយៈពេល​ជាង​ពីរ​ខែ លោក ត្រាំ ទទួលស្គាល់ថា ស្ថានការណ៍​ជំងឺ​នេះ​នៅ​ផ្នែក​ជាច្រើន​របស់​អាមេរិក នឹង​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង បើទោះជា​រដ្ឋ​ខ្លះ​កំពុងមាន​ភាពល្អប្រសើរ​ក្ដី​។ អាមេរិក​មាន​អ្នក​ឆ្លង​៤​លាន​នាក់ និង​ស្លាប់​ជាង​១៤​ម៉ឺន​នាក់​។​ជាការ​ផ្លាស់ប្ដូរ​ជំហរ​សឹង​១៨០​ដឺ​ក្រេ លោក ត្រាំ ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​អាមេរិក​នាំគ្នា​ពាក់​ម៉ាស់ នៅពេល​មិនអាច​អនុវត្ត​គម្លាត​សុវត្ថិភាព​បាន​៕

Tag:
 អាមេរិក​
  ចិន​
  COVID-19
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com