COVID-19
ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ប្រាប់​ម​ន្រី្ត ឲ្យ​បង្កើត​បណ្ដុំ​អាជីវកម្ម​បណ្ដុះ​បច្ចេកទេស ដើម្បី​បង្កើន​ស្បៀង​និង​ការនាំចេញ​
22, Jul 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ណែនាំ ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត និង​អង្គភាព​ផ្សេងទៀត ដែល​ស្ថិតក្រោម​ឱវាទ​របស់លោក ឲ្យ​បង្កើត​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​ស​កិករ​ផលិត និង​សហគមន៍​កសិកម្ម​បន្ថែមទៀត ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ អង្ករ ត្រី សាច់ សម្រាប់​បំពេញ​សេចក្ដីត្រូវការ​ក្នុងស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស ជាពិសេស​នៅក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​។


​តាមរយៈ​សេចក្ដីណែនាំ​របស់ខ្លួន ដែល​ចេញ​នៅ​ថ្ងៃទី​២១ កក្កដា លោក​ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​បណ្តា​មន្ត្រី ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាកសិករ កំពុង​ជួប ជាពិសេស​ផ្នែក​ទីផ្សារ​លក់​ផលិតផល​។ ដើម្បី​ជួយ​បញ្ហា​នេះ​បាន លោក បាន​ប្រាប់​មន្ត្រី ឲ្យ​អនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន ដោយ​ផ្ដោតលើ​ការបង្កើត​បណ្ដុំ​អាជីវកម្ម បច្ចេកទេស​កសិកម្ម រួមទាំង​ការទប់ស្កាត់​ការ​នាំចូល​ជាដើម​។ 
 
​វិធាន​ការដែល​ត្រូវអនុវត្ត គឺ​ត្រូវ​រៀបចំ​បង្កើត​បន្ថែម​នូវ​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម​ឲ្យ​បាន​កាន់តែ​ច្រើនឡើង ដើម្បី​មាន​សមត្ថភាព​ផ្គត់ផ្គង់​និង​ការចរចា​ថ្លៃ ជាមួយ​អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម​។ ការធ្វើ​បែបនេះ ជាការ​លើកទឹកចិត្ត​ប្រជាកសិករ​នឹងធ្វើ​ឲ្យ​ការដាំដុះ​ដំណាំ​ស្បៀង ការចិញ្ចឹម​សត្វ និង វារីវប្បកម្ម​កាន់តែ​សកម្ម​ហើយ​មិន​ព្រួយបារម្ភ​ពី​បញ្ហា​ទីផ្សារ​។ ទន្ទឹមនឹងនេះ ត្រូវខិតខំ​បន្ត​រៀបចំ​ផែនការ​ផលិត​របស់​ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឲ្យ​ផលិត​ស្របតាម​តម្រូវការ​និង​ពេលវេលា​ដែល​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន​ឬ​អ្នកប្រមូល​ទិញ​។ 
 
​ជាមួយគ្នា​ដែរ លោក​រដ្ឋ​ម​ន្រី្ត ក៏បាន​ណែនាំ​ឲ្យ​បណ្ដុះបណ្ដាល ផ្សព្វផ្សាយ​បច្ចេកទេស ឲ្យ​បាន​សកម្ម​ដល់​ក្រុម​ប​ណ្ដុ អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស​និង​ការគ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ម​ន្រី្ត​ទាំងអស់​ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់ ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឲ្យ​ទទួលបាន​ឥណទាន​មាន​អត្រា​ការប្រាក់​ទាប​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​។ លើសពីនេះ រដ្ឋបាល​ជលផល​ត្រូវ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ នូវ​សំណើសុំ​នាំចូល​ផល ផលិតផល​ជលផល​ពី​បរទេស ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​នាំចូល​នូវ​ផល ផលិតផល​ជលផល​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ផល​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក​ឡើយ​៕ 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com