អន្តរជាតិ
វៀតណាម ប្រាប់​ចិន​ឲ្យ​គោរព​សិទ្ធិ​និង​ផលប្រយោជន៍​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
22, Jul 2020 , 3:42 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន និងវៀតណាមនាជំនួបនៅថ្ងៃទី២១ ខែកក្កដា។ រូបភាព VNA
រដ្ឋមន្រ្តីការបរទេសចិន និងវៀតណាមនាជំនួបនៅថ្ងៃទី២១ ខែកក្កដា។ រូបភាព VNA
​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ជា​ប្រធានបទ​មួយ​ក្នុង​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​វៀតណាម ផាម ប៊ិ​ញ​មិញ និង​សម​ភាគី​ចិន វ៉ាង យី នៅ​ថ្ងៃទី​២១ ខែកក្កដា​។ តំណាង​រដ្ឋាភិបាល​ហាណូយ​ស្នើ​ឲ្យ​ទីក្រុង​ប៉េកាំង​គោរព​សិទ្ធិ និង​ប្រយោជន៍​វៀតណាម​នៅ​សមុទ្រ​ប្រទាញប្រទង់​មួយ​នេះ ហើយ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ ចំណែក​រដ្ឋមន្ត្រី​ចិន​វិញ អះអាងថា អាមេរិក​ជា​ក្រឡុក​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ផ្ទះ​រួមគ្នា​របស់​អាស៊ាន និង​ចិន​។​

 
​អំឡុង​ជំនួប​លើក​ទី​១២​គណៈកម្មាធិការ​ចិន​-​វៀតណាម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចិន រដ្ឋមន្ត្រីការបរទេស​វៀតណាម ផាម ប៊ិ​ញ​មិញ បានបង្ហាញ​ក្ដីបារម្ភ​ជុំវិញ​ស្ថានការណ៍​ចុងក្រោយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ទី​ដែល​ចិន វៀតណាម និង​ប្រទេស​មួយចំនួនទៀត​ទាមទារ​កម្មសិទ្ធិ​ត្រួតស៊ីគ្នា​។ លោក ផាម ចង់​សំដៅ​ដល់​សមយុទ្ធ​យោធា​របស់​កងទ័ព​ជើង​ចិន និង​អាមេរិក​ដែល​ធ្វើឡើង​ដំណាលគ្នា​ខ្លាំងពេក​នៅ​តំបន់​ជម្លោះ​នេះ​។​
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ចំពោះ​លោក វ៉ាង យី ដែលជា​រដ្ឋមន្ត្រីការបរទេស​ចិន លោក ផាម ដែលជា​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ផង​នោះ បានស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​ចាត់ចែង​ជម្លោះ​សមុទ្រ​ឲ្យ​បានល្អ​ប្រសើរ ចៀសវាង​ការធ្វើសកម្មភាព​ដែល​នាំ​ឲ្យ​ស្ថានការណ៍​ស្មុគស្មាញ ឬ​ពង្រីក​ជម្លោះ​។ ប្រមុខ​ការទូត​វៀតណាម ក៏​ស្នើ​ឲ្យ​ចិន​គោរព​ឲ្យ​ពេញលេញ​សិទ្ធិ​អធិបតេយ្យ និង​ផលប្រយោជន៍​វៀតណាម​ផងដែរ​។​
 
​ទាក់ទង​បញ្ហា​នេះ លោក វ៉ាង ប្រាប់​សម​ភាគី​វៀតណាម​ថា អាមេរិក​ឯណោះ​ទេ​ដែល​បាន​បង្ក​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នាំ​ឲ្យ​ប៉ះពាល់​សាមគ្គីភាព​តំបន់ ដោយ​ឲ្យ​តម្លៃ​ខ្លាំង​លើ​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CGTN ដែល​បន្តថា លោក វ៉ាង ចាត់ទុក​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្ទះ​រួមគ្នា​របស់​ចិន និង​អាស៊ាន ហើយ​ប​ញ្ហ​សមុទ្រ​ចិន​ខាងត្បូង​គួរ​ដោះស្រាយ​តាម​ទ្វេ​ផា​គី និង​យន្តការ​មាន​ស្រាប់​។ 
 
​ប្រមុខ​ការទូត​ទាំងពីរ សុទ្ធតែ​ឯកភាពគ្នា​អនុវត្ត​ឲ្យ​ពេញលេញ និង​មាន​ប្រសិទ្ធភាព​សេចក្ដីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ជំរុញ​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ដើម្បី​ចេញ​ជា​រូបរាង​ឆាប់ៗ​ផងដែរ​។ បើតាម​លោក វ៉ាង ប្រទេស​ក្នុង​តំបន់​មិនគួរ​អនុញ្ញាត​ឲ្យ​មាន​អន្តរាគមន៍​ពី​ប្រទេស​ខាងក្រៅ​ឡើយ​។​
 
​ច្បាស់​ណាស់​ថា ប្រមុខ​ការទូត​ចិន​និយាយ​សំដៅ​អាមេរិក​ដែល​មិនមែនជា​ភាគី​ជម្លោះ​អ្វី​សោះ​។ ដ្បិត​មិន​ពាក់ព័ន្ធ​មែន អាមេរិក​តែង​បញ្ជូន​នាវាចម្បាំង​បើក​កាត់ និង​យន្តហោះ​ចម្បាំង ឬ​ស៊ើបការណ៍​ហោះ​ក្រវែល​ដែនសមុទ្រ​ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងអស់​ក្រោម​គោលការណ៍​សេរីភាព​នាវាចរណ៍ និង​ហោះហើរ​បរស់​ច្បាប់​អន្តរជាតិ​។ អាមេរិក​ក៏​តែង​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ចិន ហើយ​គាំទ្រ​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយ​ចិន​ផង​៕ 
 
 

Tag:
 ចិន​
  វៀតណាម​
  អាមេរិក​
  វ៉ាង យី​
  ផាម ប៊ិ​ញ​មិញ​
© រក្សាសិទ្ធិដោយ thmeythmey.com