COVID-19
អន្តរជាតិ
អភិបាលក្រុង​តូ​ក្យូ ប្រាប់​ពលរដ្ឋ​នៅផ្ទះ​អំឡុង​ថ្ងៃ​ឈប់ ខណៈ​ករណី COVID-19 ហក់​ឡើង​
22, Jul 2020 , 10:59 pm        
រូបភាព
អភិបាលក្រុង តូក្យូ អ្នកស្រី Yuriko Koike (AFP)
អភិបាលក្រុង តូក្យូ អ្នកស្រី Yuriko Koike (AFP)
ដោយ:
​អភិបាលក្រុង តូ​ក្យូ អ្នកស្រី Yuriko Koike បាន​ទទូច​ឲ្យ​ប្រជាជន​ជប៉ុន​ស្នាក់​នៅផ្ទះ អំឡុង​ថ្ងៃ​ឈប់សម្រាក​រយៈពេល​៤​ថ្ងៃ (​បូក​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​) ដែល​ចាប់ផ្ដើម​នា​ថ្ងៃទី​២៣ ខែកក្កដា​តទៅ​។ ការអំពាវនាវ​នេះ ធ្វើឡើង​ខណៈ​តួលេខ​ឆ្លង COVID-19 ក្នុង​ទីក្រុង​នេះ បន្ត​ហក់​ឡើង​។

 
​ទីក្រុង​តូ​ក្យូ ដែលមាន​ប្រជាជន​រស់នៅ​ជាង​៩​លាន​នាក់ ស្ថិតក្នុង​កម្រិត​ប្រកាសអាសន្ន​សម្រាប់​ជំងឺ COVID-19 ដោយ​អ្នកជំនាញ​ព្រមាន​ថា ករណី​ឆ្លង អាច​នឹង​កើនឡើង​លឿន​រហ័ស​នាពេលខាងមុខ​។ 
 
​អំឡុង​កិច្ចប្រជុំ​ជាមួយ​អ្នកជំនាញ COVID-19 នៅ​ថ្ងៃទី ២២ ខែកក្កដា អ្នកស្រី​អភិបាល Koike និយាយថា ករណី​ឆ្លង​COVID-19 កំពុង​រាលដាល មិន​ត្រឹមតែ​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ប៉ុណ្ណោះ​ទេ តែ​ក៏​ឆ្លង​ក្នុងចំណោម​នុស្ស​វ័យ​កណ្ដា​ល​និង​វ័យ​ចំណាស់​ផងដែរ​។ 
 
​មួយថ្ងៃ​មុន​ថ្ងៃ​ឈប់សម្រាក​ចាប់ផ្ដើម អ្នកស្រី អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​ស្នើសុំ​ឲ្យ​ប្រជាជន​តូ​ក្យូ​កុំ​ចេញទៅ​ខាងក្រៅ​ផ្ទះ ជាពិសេស មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ជំងឺ​ជាប់​ខ្លួន​ស្រាប់​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អ្នកស្រី Koike បញ្ជាក់ទៀតថា ករណី​ឆ្លង COVID-19 កើតឡើង​ក្នុង​ភោជនីយដ្ឋាន និង​រោងកុន ហើយក៏​មាន​ករណី​ឆ្លង​ជា​ចង្កោម ត្រូវបាន​រាយការណ៍​នៅ​កន្លែងធ្វើការ និង​សាលារៀន​ផងដែរ​។ 
 
​ទីក្រុង តូ​ក្យូ នៅ​ថ្ងៃទី ២១ ខែកក្កដា បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី  ២៣៧​ករណី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ទីក្រុង​នេះ​ឡើងដល់ ៩៨១៦​ករណី​ហើយ ។ ចំណែក​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ករណី​ឆ្លង​ថ្មី ១៦៨​ករណី ត្រូវបាន​រាយការណ៍​ក្នុង​ទីក្រុង តូ​ក្យូ ។ បច្ចុប្បន្ន ប្រទេស ជប៉ុន មាន​ករណី​ឆ្លង COVID-19 សរុប ២៦ ៣០០ ករណី និង​អ្នកស្លាប់​ជិត​១០០០​នាក់​៕ 
 
 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com