COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំ​ថា អូឡាំពិក​តូ​ក្យូ​នឹង​ដំណើរការ​រលូន ក្រោយ​វ៉ាក់សាំង​កូ​វីដ​-១៩ ចេញ​ជា​ពន្លឺ​
23, Jul 2020 , 9:47 am        
រូបភាព
​ការបង្កើត​វ៉ាក់សាំង​ការពារ​មេរោគ និង​ការព្យាបាល​ជំងឺ COVID-19 គឺជា​គន្លឹះ​សំខាន់​ក្នុងការ​អនុ​ញ្ជា​ត​ឲ្យ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​បាន​ពន្យារពេល​មួយឆ្នាំ អាច​ដំណើរការ​យ៉ាង​រលូន​នៅ​ឆ្នាំ​២០២១​។ នេះ​បើតាម​ការអះអាង​របស់​លោក Yoshiro Mori ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ជប៉ុន នៅ​ថ្ងៃទី​២២ ខែកក្កដា​។​


​នៅពេល​សួរថា តើ​ទីក្រុង​តូ​ក្យូ​នៅតែ​អាច​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​នេះ​បានទេ​ប្រសិនបើ​ស្ថានភាព​ជំងឺ​រាតត្បាត​សកល​ដ៏​កាច​សាហាវ​នេះ​នៅតែ​មិន​ផ្លាស់ប្តូរ លោក Mori បាន​ឆ្លើយថា ប្រសិនបើ​អ្វីៗ​នៅតែ​បន្ត​ដូច​ពេល​បច្ចុប្បន្ននេះ អូឡាំពិក​នឹងមិន​អាចធ្វើ​បានឡើយ​។​
 
​លោក Mori ឆ្លើយ​ដូច្នេះ​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ជាតិ​ជប៉ុន NHK ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ​។ លោក​បន្ថែមថា​៖ «​តែបើ​វ៉ាក់សាំង ឬ​ថ្នាំ​ត្រូវបាន​បង្កើតឡើង​ទាន់ពេល នោះ​ព្រឹត្តិការណ៍​កីឡា​ដែល​ត្រូវបាន​ពន្យារ​ទៅ​ឆ្នាំ​២០២១​នេះ នឹង​ដំណើរការ​ប្រកួត​បាន​ដោយ​រលូន​»​។ មិនតែប៉ុណ្ណោះ ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ជប៉ុន​រូបនេះ ថែមទាំង​ហ៊ាន​អះអាងថា ស្ថានភាព​ដូច​សព្វថ្ងៃនេះ​នឹងមិន​បន្ត​ដល់​រយៈពេល​មួយឆ្នាំ​ទៀត​នោះទេ​។​
 
​ការលើកឡើង​របស់លោក Mori ខាងលើ កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ឱសថ​ឯកជន​ចិន​មួយ​ឈ្មោះ Sinovac បាន​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 មួយ​ប្រភេទ ហើយ​បាន​ឈានដល់​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​៣ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែលមាន​ករណី​ឆ្លង​ច្រើន​នោះ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP វ៉ាក់សាំង​ដែលមាន​ឈ្មោះថា CoronaVac ត្រូវដាក់​ឲ្យ​ធ្វើតេស្ត​លើ​គ្រូពេទ្យ​ប្រ​ស៊ី​ល​ចំនួន ៩​ពាន់​នាក់ ដែល​មកពី​រដ្ឋ​ចំនួន​៦​ផ្សេងគ្នា​។ គ្រូពេទ្យ​ម្នាក់ៗ​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន​២​ដូ​ស ក្នុង​រយៈពេល​៣​ខែ ហើយ​ត្រូវ​ស្ថិតក្រោម​ការសិក្សា​យ៉ាង​ហ្មត់ចត់​។ លោក Joao Doria អភិបាលក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល អះអាងថា គេ​អាចនឹងទទួល​បាន​លទ្ធ​ផល​បឋម​នៅក្នុង​រយៈពេល​៩០​ថ្ងៃ​ខាងមុខ​ទៀត​។ 
 
​ដោយសារតែ ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បាន​បង្ខំ​ឲ្យ​ជប៉ុន​ពន្យារពេល រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ រយៈពេល​មួយឆ្នាំ ពោលគឺ​ត្រូវ​ទៅធ្វើ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ វិញ​។ កាលណោះ លោក Mori ក៏​ធ្លាប់បាន​និយាយ​ដែរ​ថា នឹង​គ្មាន​ការពន្យារពេល​ជា​លើក​ទី​ពីរ​ឡើយ​សម្រាប់​កីឡា​អូឡាំពិក​នេះ ប្រសិនបើ COVID-19 នៅតែ​មិនអាច​គ្រប់គ្រង​បាន​ដល់​ឆ្នាំក្រោយ​។​


 លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន

​ក្រៅតែពី​វ៉ាក់សាំង CoronaVac ដែល​ឈានដល់​ការធ្វើ​តេស្ត​ចុងក្រោយ ក៏មាន​វ៉ាក់សាំង​ចំនួន​២​ទៀត​ដែល​ស្ថិត​ក្នុងការ​ធ្វើតេស្ត​ដំណាក់កាល​ចុងក្រោយ​ដូចគ្នា​ផងដែរ​រ​។ វ៉ាក់សាំង​ទាំងពីរ​នោះ មាន​វ៉ាក់សាំង​ដែល​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ឱសថ AstraZeneca ដែល​កំពុង​ធ្វើតេស្ត​នៅ​ប្រទេស​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។ ឯ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Sinopharm បានចាប់ផ្តើម​ធ្វើតេស្ត​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​
 
​រហូតមកទល់​ពេលនេះ ជប៉ុន​មាន​ករណី​ឆ្លង COVID-19 ចំនួន​ជាង ២៦០០០​ករណី ក្នុងនោះ​អ្នកស្លាប់​កើន​ជិត​១​ពាន់​នាក់ និង​សះស្បើយ​ជាង​២​ម៉ឺន​នាក់​។ អ្វីដែល​គួរកត់សំគាល់ សព្វថ្ងៃ ចំណោម​ក្រុង​ទាំងអស់​នៅ​ជប៉ុន មានតែ​ក្រុង​តូ​ក្យូ​ទេ​ដែលមាន​ការកើនឡើង COVID-19 ខ្លាំង​សារជាថ្មី​៕

Tag:
 COVID-19
  កីឡា​អូឡាំពិក​
  Yoshiro Mori
© រក្សាសិទ្ធិដោយ thmeythmey.com