សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ថា លទ្ធភាព​តែងតែមាន​ក្នុង​ការបិទ​កុងស៊ុល​ចិន​នៅ​អាមេរិក​បន្ថែមទៀត​
23, Jul 2020 , 10:14 am        
រូបភាព
ស្ថានកុងស៊ុលចិនប្រចាំទីក្រុង Houston នៅរដ្ឋ Texas អាចមិនមែនជាកុងស៊ុលចុងក្រោយដែលអាមេរិកបញ្ជាឲ្យបិទទ្វារឡើយ ដោយលោក ដូណាល់ ត្រាំ គំរាមបិទបន្ថែមទៀត។
ស្ថានកុងស៊ុលចិនប្រចាំទីក្រុង Houston នៅរដ្ឋ Texas អាចមិនមែនជាកុងស៊ុលចុងក្រោយដែលអាមេរិកបញ្ជាឲ្យបិទទ្វារឡើយ ដោយលោក ដូណាល់ ត្រាំ គំរាមបិទបន្ថែមទៀត។
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែកក្កដា បានលើកឡើង​ពី​លទ្ធភាព​ដែល​អាមេរិក​បន្ត​បិទ​កុងស៊ុល​ចិន​នៅលើ​ទឹកដី​របស់ខ្លួន​ថែមទៀត​។ លោក ត្រាំ លើកឡើង​បែបនេះ ក្រោយ​រដ្ឋបាល​របស់លោក​ចេញ​បញ្ជា​ឲ្យ​ចិន​បិទ​កុងស៊ុល​ប្រចាំ​ទីក្រុង Houston នៅ​រដ្ឋ Texas ជាមួយ​ការចោទប្រកាន់ថា ចិន​ប្រើប្រាស់​ទីតាំង​កុងស៊ុល​នេះ​ដើម្បី​លួច​បច្ចេកវិទ្យា​អាមេរិក​។ ក្រៅពី Houston ចិន​មាន​កុងស៊ុល​បួន​ទៀត​នៅ​អាមេរិក​។​

 
​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង Houston នៅ​រដ្ឋ Texas អាច​មិនមែនជា​កុងស៊ុល​ចុងក្រោយ​ដែល​អាមេរិក​បញ្ជា​ឲ្យ​បិទទ្វារ​ឡើយ​។ ដោយ​មិនមាន​ផ្ដល់​សញ្ញា​ជាមុន អាមេរិក​បាន​ប្រាប់​ឲ្យ​ចិន​បិទ​កុងស៊ុល​ប្រចាំ Houston នៅ​ថ្ងៃទី​២១ ខែកក្កដា ដោយ​ទុកពេល​៧២​ម៉ោង​។ ក្រសួងការបរទេស​ចិន ក៏បាន​ប្រកាស​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​២២ ខែកក្កដា ជាមួយនឹង​សារ​ព្រមាន​វិញ​ថា បើ​អាមេរិក​ហ៊ាន​បន្ត​ចំណាត់ការ​នេះ ចិន​នឹង​សងសឹក​វិញ​។​
 
​ទោះជា​យ៉ាងណា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បោះសម្ដី​ទៀតថា កុងស៊ុល​ចិន​ឯទៀត ក៏​អាច​ត្រូវ​បិទ​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២២ ខែកក្កដា លោក ត្រាំ និយាយថា លទ្ធភាព​តែងតែមាន​ក្នុង​ការបិទ​កុងស៊ុល​ថែមទៀត​។​
 
​ក្រៅពី​នៅ Houston ចិន​មាន​កុងស៊ុល​បួន​ទៀត​នៅ​ទីក្រុង Chicago, Los Angeles, San Francisco និង New York និង​ស្ថានទូត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី​។ តួនាទី​របស់​កុងស៊ុល​នេះ គឺ​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ការធ្វើដំណើរ​ទៅ​ចិន និង​ការជំរុញ​ទេសចរណ៍​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​ប្រាប់​ចិន​ឲ្យ​បិទ​កុងស៊ុល​នៅ Houston បញ្ជាក់ថា ការបិទ​នេះ គឺ​ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​អាមេរិក និង​ឯកជន​ភាព​ផងដែរ ប៉ុន្តែ​មិន​បញ្ជាក់​ច្បាស់​ឡើយ​។ រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ដា​ណឺ​ម៉ាក បានលើកឡើង​ពី​ជាថ្មី​ពី​ការចោទប្រកាន់​ចិន​ពាក់ព័ន្ធ​ការ​លួច​បច្ចេកវិទ្យា​នៅ​អាមេរិក និង​អឺរ៉ុប​។ លោក​ក៏​មិន​និយាយ​ឲ្យ​ចំ​ពី​កុងស៊ុល​ចិន​នៅ Houston ដែរ​។​
 
​ខណៈ​មិនមាន​មូលហេតុ​ច្បាស់លាស់​ទាក់ទង​ការបិទ​នេះ មន្ត្រី​អាមេរិក​ខ្លះ​និយាយថា កុងស៊ុល​ចិន​នៅ Houston ជាទី​តាំង​ដែល​ប៉េកាំង​ប្រើប្រាស់​ដើម្បី​បំពេញបេសកកម្ម​លួច​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​អាមេរិក​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក Marco Rubio បាន​សរសេរ​លើ Twitter ថា កុងស៊ុល​នេះ ជា​ចំណុចកណ្ដាល​មជ្ឈមណ្ឌល​ខ្សែបណ្ដាញ​លួច​ព៌​ត៌មាន​ដ៏​ស្អេកស្កះ​របស់​បក្ស​កុម្មុយនីស្ត​ចិន​។ ចំណែក​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស David Stilwell វិញ លើកឡើងថា កុងស៊ុល​នេះ ជា​មជ្ឈមណ្ឌល​កណ្ដាលរ​បស់​កងទ័ព​ចិន​ក្នុង​ការពង្រឹង​ផលប្រយោជន៍​ខ្លួន​តាមរយៈ​ការបញ្ជូន​និស្សិត​ចិន​ទៅ​រៀន​នៅ​អាមេរិក​។ 
 
​ពេលនេះ ចិន​រង់ចាំ​មើលថា អាមេរិក​ពិតជា​ធ្វើតាម​សម្ដី​របស់ខ្លួន​ឬ​យ៉ាងណា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចិន​អាច​បិទ​កុងស៊ុល​អាមេរិក​នៅ​វូ​ហាន​ជាការ​សងសឹក​វិញ​។ ចំណែក​សារព័ត៌មាន​រដ្ឋ​ចិន Global Times វិញ បាន​ឲ្យ​បង្ហោះ​ការស្ទង់មតិ​មួយ​នៅ Twitter ដោយ​សួរថា ចិន​គួរ​បិទ​កុងស៊ុល​អាមេរិក​ណាមួយ​ក្នុងចំណោម​កុងស៊ុល​នៅ​គ័ង​ចូ​វ ហុងកុង ឆឹង​ទូ និង​ទីតាំង​ដទៃទៀត​៕
 
 

Tag:
 ​អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  កុងស៊ុល​
© រក្សាសិទ្ធិដោយ thmeythmey.com