COVID-19
អន្តរជាតិ
WHO៖ វ៉ាក់សាំង COVID-19 មិនទាន់អាចប្រើប្រាស់បានក្នុងឆ្នាំ២០២០នេះឡើយ
23, Jul 2020 , 1:34 pm        
រូបភាព
លោក Mike Ryan ប្រធានកម្មវិធីអាសន្ន WHO (AFP)
លោក Mike Ryan ប្រធានកម្មវិធីអាសន្ន WHO (AFP)
ដោយ:
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២២ ខែកក្កដា បញ្ជាក់ថា អ្នកស្រាវជ្រាវទទួលបានលទ្ធផលល្អក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 ខណៈមួយចំនួនតូចឈានដល់ការពិសោធដំណាក់កាលចុងក្រោយ។ ទោះជាបែបនេះក្តី WHO អះអាងថា ការប្រើវ៉ាក់សាំង COVID-19 លើកដំបូង មិនអាចរំពឹងថាកើតឡើងនោះបានឡើយ រហូតដល់ដើមឆ្នាំ២០២១។



លោក Mike Ryan ប្រធានកម្មវិធីអាសន្ន WHO និយាយថា៖«យើងកំពុងមានដំណើរការល្អ (ក្នុងការអភិវឌ្ឍវ៉ាក់សំាង COVID-19)»។ លោកបន្តថា ឥឡូវនេះ វ៉ាក់សាំងមួយចំនួន ស្ថិតក្នុងការពិសោធដំណាក់កាលទី៣ ហើយសុទ្ធតែទទួលជោគជ័យទាំងផ្នែកសុវត្ថិភាព ឬសមត្ថភាពដើម្បីបង្កើតប្រព័ន្ធស៊ាំប្រឆាំង COVID-19។

ប្រាប់ព្រឹត្តិការណ៍សាធារណៈមួយលើបណ្ដាញសង្គម លោក Ryan អះអាងថា នាដើមឆ្នាំក្រោយ ពិភពលោក នឹងចាប់ផ្ដើមមើលឃើញមានមនុស្សទទួលបានការចាក់វ៉ាក់សាំងការពារ COVID-19។

ទន្ទឹមរំពឹងបង្កើតបានវ៉ាក់សាំងនាដើមឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត Ryan លើកឡើងទៀតថា អង្គការWHO កំពុងធ្វើយ៉ាងណាធានាឲ្យបាននូវការចែកចាយវ៉ាក់សំាងដោយស្មើភាព។  ត្រង់ចំណុចនេះលោកនិយាយដូច្នេះថា៖«ព្រោះតែវាជាទំនិញសាធារណៈសកល វ៉ាក់សាំង COVID-19 មិនមែនសម្រាប់តែឲ្យអ្នកមាន ឬអ្នកក្រទេ  តែសម្រាប់ឲ្យមនុស្សគ្រប់គ្នា»។

ម្យ៉ាងវិញទៀត លោក Ryan ក៏បានព្រមានពីហានិភ័យនៃការបើកសាលារៀនឡើងវិញ។ លោកថា ការបើកនេះ គួរតែធ្វើឡើងនៅពេលដែលការឆ្លង COVID-19 ជាលក្ខណៈសហគមន៍ ត្រូវបានគ្រប់គ្រងដោយជោគជ័យសិន។

ក្រោយទទួលដំណឹងល្អជុំវិញការអភិវឌ្ឍវ៉ាក់សាំង COVID-19 រដ្ឋាភិបាលអាមេរិក បានចុះកុងត្រាតម្លៃ ១,៩៥ពាន់លានដុល្លារ ទិញវ៉ាក់សាំង ១០០ លានដូស ដែលកំពុងអភិវឌ្ឍដោយក្រុមហ៊ុនលក់ថ្នាំពេទ្យ Pfizer និង BioNTech របស់អាល្លឺម៉ង់ ប្រសិនបើត្រូវបានបញ្ជាក់ថា មានសុវត្ថិភាពនិងមានប្រសិទ្ធភាព ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ការបញ្ជាក់របស់ក្រុមហ៊ុននេះ៕

Tag:
 WHO
  វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com