COVID-19
អន្តរជាតិ
UN៖ ផ្ដល់​ចំណូល​ឲ្យ​ប្រជាជន​ក្រីក្រ អាច​ពន្យឺត​ការឆ្លង​រាលដាល COVID-19
24, Jul 2020 , 8:29 am        
រូបភាព
កម្មករអន្តោប្រវេសន៍ឥណ្ឌា តម្រង់ជួរ ទទួលយកម្ហូប ដែលគេចែកឲ្យ អំឡុង COVID-19 ក្នុងទីក្រុង ញូវដេលី (AFP)
កម្មករអន្តោប្រវេសន៍ឥណ្ឌា តម្រង់ជួរ ទទួលយកម្ហូប ដែលគេចែកឲ្យ អំឡុង COVID-19 ក្នុងទីក្រុង ញូវដេលី (AFP)
ដោយ:
ការផ្ដល់ប្រាក់​ចំណូល​គោល (basic income) បណ្តោះអាសន្ន​សម្រាប់​ប្រជាជន​ក្រីក្រ​បំផុត​របស់​ពិភពលោក​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​១៣២ អាចជួយ​ពន្យឺត​ការឆ្លង​រាលដាល​ជំងឺ COVID-19 ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ជិត​៣​ពាន់​លាន​នាក់​ស្នាក់​នៅផ្ទះ​។ នេះ​បើតាម​របាយការណ៍​រប​ស់កម្ម​វិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP) ចុះផ្សាយ​នៅ​ថ្ងៃទី ២៣ ខែកក្កដា​។

 
​របាយការណ៍​ចំណងជើង​ថា «​ប្រាក់ចំណូល​គោល​បណ្តោះអាសន្ន​៖ ការការពារ​ប្រជាជន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​» ប៉ាន់​ស្មានថា ដើម្បី​អនុវត្តតាម​គម្រោង​ផ្ដល់ប្រាក់​ចំណូល​គោល​នេះ គេ​ត្រូវការ​លុយ​ចំនួន ១៩៩ ពាន់​លាន​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ប្រជាជន ២,៧ ពាន់​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្រោម ឬ​ត្រឹម​បន្ទាត់​នៃ​ភាពក្រីក្រ​ក្នុងប្រទេស​ទាំង​១៣២​។​
 
​របាយការណ៍​ដែល​ចុះផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់ UNDP បាន​សន្និដ្ឋានថា វិធានការ​នេះ គឺអាច​ធ្វើទៅបាន និង​ត្រូវការ​ជាបន្ទាន់ ដ្បិតថា ជំងឺ​រាតត្បាត​សកល កំពុង​ឆ្លង​រាតត្បាត​នៅ​ល្បឿន​ជាង​១,៥​លាន​ករណី​ក្នុង​មួយ​សប្តាហ៍ ជាពិសេស ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។ ទីនោះ កម្មករ​៧​នាក់​ក្នុងចំណោម​១០​នាក់ ប្រកប​របរ​ចិញ្ចឹមជីវិត​តាមរយៈ​ទីផ្សារ​ក្រៅផ្លូវការ ហើយ​ពួកគេ​មិនអាច​រកចំណូលបាន​ឡើយ ប្រសិនបើ​ពួកគេ​ស្នាក់​នៅផ្ទះ​។ 
 
​អគ្គនាយក​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner និយាយ​ដូច្នេះ​ថា​៖«​ការដាក់ចេញ​ប្រាក់ចំណូល​គោល​បណ្ដោះអាសន្ន​សម្រាប់​ប្រជាជន​ក្រីក្រ​បំផុត​របស់​ពិភពលោក បាន​លេច​ឡើងជា​ជម្រើស​មួយ​»​។​
 
«​ផែនការ​ស្រោចស្រង់ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពុំ​អាច​ផ្ដោត​តែ​ទៅលើ​ទីផ្សារ​ធំ និង​អាជីវកម្ម​ធំ ឡើយ​។ កម្មវិធី​ប្រាក់ចំណូល​គោល​បណ្តោះអាសន្ន អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ជួយ​ប្រជាជន​ដែល​ស្ថិតក្នុង​គ្រា​បិទ​ប្រទេស មាន​ខ្នងបង្អែក​ផ្នែក​ហិរញ្ញវត្ថុ បន្ថែម​ពី​កា​រលើ​ចាក់​បញ្ចូល​លុយ​ចូលទៅក្នុង​សេដ្ឋកិច្ច​ក្នុងស្រុក​ដើម្បី​ជួយ​រក្សា​លំនឹង​អាជីវកម្ម​ខ្នាតតូច ហើយ​ពន្យឺតការ​រាលដាល​ជំងឺ COVID-19»​។ លោក សង្កត់ធ្ងន់​បែបនេះ​។ 
 
​របាយការណ៍ UNDP ខាងលើ​លើកឡើង​ដែរ​ថា វិធីសាស្ត្រ​មួយ​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​អាច​បង់​លើ​កម្មវិធី​ប្រាក់ចំណូល​គោល​បណ្តោះអាសន្ន គឺ​ការ​បង្វិល​លុយរាប់​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​ចំណាយ​លើ​បំណុល​ពួកគេ​សម្រាប់​វិធានការ​នេះ​វិញ​។ 
 
​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿ​លឿន​ទាំង​២០ ក្នុង​ខែមេសា បាន​យល់ព្រម​លើ​ការផ្អាក​សេវា​កម្មបង់​បំណុល​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក រហូតដល់​ដាច់​ឆ្នាំ​២០២០​នេះ​។ យ៉ាងណាមិញ អគ្គលេខាធិការ UN លោក Antonio Guterres បានស្នើ​ឲ្យ​មាន​អនុគ្រោះ​បំណុល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ប្រទេស​មាន​ចំណូល​មធ្យម​ទាំងអស់​។​
 
​គិត​ត្រឹម​ថ្ងៃទី ២៣ ខែកក្កដា ជំងឺ COVID-19 បាន​ចម្លង​មនុស្ស​យ៉ាងតិច ១៤,៨​លាន​នាក់ ហើយ​មនុស្ស​ជាង​៦១​ម៉ឺន​នាក់​ស្លាប់​នៅ​ទូទាំង​ពិភពលោក ។ នេះ​បើតាម Reuters​។ អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ជំងឺ​រាតត្បាត​សកល​នេះ និង​វិបត្តិ​សេដ្ឋកិច្ច​សកល អាច​រុញច្រាន​មនុស្ស​២៦៥​លាន​នាក់​ធ្លាក់​ចូលក្នុង​ភាពអត់ឃ្លាន​៕ 
 
 
 

Tag:
 UNDP
  COVID-19
  ភាពក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com