ជាតិ
សុខភាព
ក្រសួងសុខាភិបាល ប្រាប់​វិធី​ការពារ​ជំងឺ «​ឈី​ក​» ដែល​ផ្ទុះឡើង​នៅ​ភូមិ​៦ ក្នុង​ខេត្តបន្ទាយមានជ័យ​
23, Jul 2020 , 11:29 pm        
រូបភាព
ភ្នំពេញ​៖ ពលរដ្ឋ​មួយចំនួន ក្នុងភូមិ​ចំនួន​៦ ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើត​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ហៅថា​ជំងឺ ឈី​ក (CHIK)​។ ភូមិ​ទាំង​៦ ដែលមាន​ពលរដ្ឋ​កើត​ជំងឺ​ឈី​ក​នោះ មាន ភូមិ​ប៉ោយប៉ែត ក្បាលកោះ អូរជ្រៅ ព្រៃ​គប់ អូរ​វនា​ង និង​ភូមិ​អូរ​ឬ​ស្សី​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ 

 
​ក្រសួងសុខាភិបាល​បាន​បញ្ជក់​ថា​ជំងឺ​នេះ ចាប់ផ្តើម​ផ្ទុះឡើង តាំងពី​ថ្ងៃទី​១៩ ខែកក្កដា​មក ដោយមាន​ពលរដ្ឋ​១៦៨​នាក់ (​ស្រី​៩៤) រស់នៅក្នុង​ភូមិ​ទាំង​៦​ខាងលើ មាន​ចេញ​រោគសញ្ញា ក្តៅខ្លួន ក្នុង​សីតុណ្ហភាព​៣៨​អង្សា​សេ មា​នក​ន្តួ​ល​ក្រហម​លើ​ស្បែក និង​ឈឺ​សន្លាក់ដៃ​-​ជើង​។ បន្ទាប់ពី​មន្ត្រី​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល បាន​ប្រមូល​វត្ថុ​សំណាក​អ្នក​ទាំងនោះ ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​វិទ្យា​ប៉ាស្ទ័រ លទ្ធផល​បឋម បាន​បង្ហាញថា ជា​ករណី​ជំងឺ​គ្រុន​ឈី​ក​។​
 
​ជំងឺ​គ្រុន​ឈី​ក​នេះ គឺ​បង្កឡើង​ដោយ​មេរោគ​ឈី​ក ហើយ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ខ្លា​ញី​ខាំ ជាពិសេស​មូស​ខាំ​នៅពេល​ថ្ងៃ​។ ភ្នាក់ងារ​ចម្លង គឺ​សត្វ​មូស​ប្រភេទ​ក្រុម​អា​អេ​ដេ​ស (Aedes Aegypti and Aedes Albopictus) ដែល​ដូចគ្នា​ទៅនឹង​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ផងដែរ​។ បើតាម​ក្រសួងសុខាភិបាល រោគសញ្ញា​នៃ​ជំងឺ​នេះ គឺ​ក្រៅពី​ក្តៅខ្លួន មា​នក​ន្តួ​ល​ក្រហម​លើ​ស្បែក និង​ជើង​សន្លាក់ដៃ​-​ជើង រួមទាំង មាន​អាការ​ឈឺក្បាល ក្អូ​ត​ចង្អោរ និង​អស់កម្លាំង ផងដែរ​។​
 
​ជំងឺ​ដែល​កើតឡើង​ពី​មូស​ខ្លា​នេះ គឺ​មិនអាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បានឡើយ​។ ជាទូទៅ​អ្នកជំងឺ នឹង​ជាសះស្បើយ​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ តែ​ក្នុង​ករណីខ្លះ អាចមាន​រយៈពេល​រាប់​សប្តាហ៍​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងសុខាភិបាល ដោយ​បញ្ជាក់ថា  ក្នុងករណី​មួយចំនួន អាចធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អាការ​ឈឺសន្លាក់​ដៃជើង​ក្នុង​រយៈពេល​រហូតដល់​៥​ឆ្នាំ ហើយ​ជំងឺ​នេះ ក៏​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​បានដែរ ក្នុងករណី​អ្នកជំងឺ​មាន​ជំងឺ​រួមផ្សំ​ផ្សេងៗ ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ និង ជំងឺរលាកស្រោមខួរ​ជាដើម​។ 
 
​ក្រសួង បញ្ជាក់​ដូច្នេះ​ថា​៖«​ថ្វី​ដ្បិត​ជំងឺ​នេះ មាន​ហានិភ័យ​ឲ្យ​ស្លាប់​ក្នុង​កម្រិត​ទាប​ក៏ដោយ ប៉ុន្តែ​វា​នាំ​ឲ្យ​ប៉ះ​ពាក់​ដល់​សុខភាព ខាតបង់​ពេលវេលា​រៀនសូត្រ ខាតបង់​ពេលវេលា​រក​ចំណូល​ប្រចាំថ្ងៃ​។ ពិសេស​សម្រាប់​មនុស្ស​ចា​ស់​ដែលមាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ ភាគច្រើន​អ្នក​ទាំងនោះ​មាន​អាច​ឈឺសន្លាក់​ឆ្លឹ​ង​យូរ ដែល​ប៉ះពាល់​ដល់​សុខភាព​បុគ្គល សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​»​។​
 
​ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​នេះ ក្រសួងសុខាភិបាល​បាន​ណែនាំ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​លុបបំបាត់​ជម្រក​មូស​ខ្លា ដោយ​ធ្វើ​អនាម័យ​សម្អាត​ជុំវិញ​ផ្ទះ​, ការពារ​កុំ​ឲ្យ​មានទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ ដោយ​លុបបំបាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់ឡាន ត្រឡោក​ដូង ធុង​ទឹក ផើងផ្កា និង​ប្រ់​អា​បែ​ត​ដាក់​ក្នុង​ពាងទឹក ឬ​អាង​ស្តុក​ទឹក ជា​រៀងរាល់​សប្តាហ៍​។ ជាមួយគ្នានេះ ពលរដ្ឋ​ត្រូវ​ស្លៀកពាក់​ខោ​ជើង អាវដៃវែង  និង​ស្រោមជើង ដោយ​ធ្វើយ៉ាងណា​គ្របដណ្តប់​ភាគច្រើន​នៃ​រាងកាយ​ឲ្យ​ជិត​។ 
 
​ពលរដ្ឋ​គួរប្រើ​ថ្នាំ​បាញ់ Spray ឬ​លាប Repellent កុំ​ឲ្យ​មូស​មក​ជិត ព្រោះថ្នាំ​ប្រភេទ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន​ដោយមាន​សុវត្ថិភាព​។ ជាមួយគ្នានេះ​ពលរដ្ឋ​ត្រូវ​សម្រាន្ត​ក្នុង​មុង ហើយ​ពេល​ថ្ងៃ ត្រូវ​បើក​បង្អួច ទ្វារ​ឲ្យ​ធំ ដើម្បី​ឲ្យ​មាន​ពន្លឺ​ថ្ងៃ និង​មាន​ខ្យល់​ចេញ​-​ចូល​បានល្អ​។ 
 
​ជំងឺ​គ្រុន​ឈី​ក​នេះ បាន​កើតឡើង​ដំបូង​បំផុត​នៅ​ទ្វីបអាហ្វ្រិក ក្នុង​ឆ្នាំ​១៩៥៣​។ ដោយឡែក នៅ​កម្ពុជា​រកឃើញ​ជំងឺ​ឈី​ក​នេះ នៅក្នុង​ឆ្នាំ​១៩៦១ និង​នៅ​ឆ្នាំ​២០១១ ក៏មាន​ការបញ្ជាក់​ពី​ករណីនេះ នៅ​ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ហើយ​ជំងឺ​ឈី​ក​នេះ ធ្លាប់មាន​អត្រា​ឆ្លង​រោគ​រហូតដល់​៦០-៧០​ភាគរយ ក្នុងប្រទេស​កម្ពុជា នា​ទសវត្សរ៍​ទី​៦០​។ ជំងឺ​នេះ ធ្លាប់​រាតត្បាត​ខ្លាំង​ផងដែរ ក្នុង​ឆ្នាំ​២០១១-២០១២ នៅ​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ  កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត​៕ 

Tag:
 Chikunngunya
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com