អន្តរជាតិ
ខ្លាឃ្មុំ​ផេ​ន​ដា ដែល​កូរ៉េខាងត្បូង​ខ្ចី​ពី​ចិន កើត​បាន​កូនញី​មួយ​ក្បាល​
23, Jul 2020 , 11:59 pm        
រូបភាព
អាយប៉ាវ (Ai Bao) ខ្លាឃ្មុំ ផេនដា ញី អាយុ ៧ឆ្នាំ កើតបានកូនខ្លាឃុំញីមួយក្បាលនៅម៉ោង ៩៖៤៩ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២០ ខែកក្កដា (Xinhua)
អាយប៉ាវ (Ai Bao) ខ្លាឃ្មុំ ផេនដា ញី អាយុ ៧ឆ្នាំ កើតបានកូនខ្លាឃុំញីមួយក្បាលនៅម៉ោង ៩៖៤៩ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២០ ខែកក្កដា (Xinhua)
ដោយ:
​ខ្លាឃ្មុំ ផេ​ន​ដា ដែល​កូរ៉េខាងត្បូង​បាន​ប្រវាស់​ពី​ចិន​កាលពី​៤​ឆ្នាំមុន កើត​បាន​កូនញី​មួយ​ក្បាល​ហើយ​។ ឧទ្យាន Everland បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ២២ ខែកក្កដា ហើយ​នេះ​ក្លាយជា​កូន​ខ្លាឃ្មុំ ផេ​ន​ដា ដំបូង ដែល​កើត​ក្នុងប្រទេស​នេះ​។

 
​អាយ​ប៉ាវ (Ai Bao) ខ្លាឃ្មុំ ផេ​ន​ដា ញី អាយុ ៧​ឆ្នាំ កើត​បានកូន​ខ្លា​ឃុំ​ញី​មួយ​ក្បាល​នៅ​ម៉ោង ៩៖៤៩ យប់ (​ម៉ោង​ក្នុងស្រុក​) កាលពី​ថ្ងៃទី​២០ ខែកក្កដា ។ នេះ​បើ​យោងតាម​ឧទ្យាន​កម្សាន្ត​ធំ​បំផុត​របស់​ប្រទេស​កូរ៉េខាងត្បូង Everland ដែលមាន​ទីតាំង​ក្នុង​ទីក្រុង Yongin ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី សេ​អ៊ូ​ល ។ 
 
​កូន​ខ្លាឃ្មុំ ផេ​ន​ដា កើតមក​ដោយមាន​ទម្ងន់ ១៩៧ ក្រាម និង​កម្ពស់ ១៦,៥ សង់ទីម៉ែត្រ ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ឧទ្យាន Everland អះអាងថា អាយ​ប៉ាវ និង​កូន​ទើប​កើត​ថ្មី មាន​សុខ​ភាពល្អ ក្រោយ​សម្រាល​រួច​។ 
 
​នាង អាយ​ប៉ាវ បាន​ដោយ​ឈ្មោល​ជាមួយ​ខ្លាឃ្មុំ ផេ​ន​ដា ឈ្មោល ឡឹ ប៉ាវ (Le Bao) អាយុ ៨ ឆ្នាំ ក្នុង​ចុងខែ​មីនា​កន្លងទៅ​។ បើតាម​ឧទ្យាន Everland កូន​ខ្លាឃ្មុំ ផេ​ន​ដា នេះ នឹងមិន​ទាន់​ដាក់​បង្ហាញ​ជា​សាធារណៈ រហូតដល់​វា​អភិវឌ្ឍ​ប្រព័ន្ធ​ស៊ាំ ហើយ​ជាធម្មតា ត្រូវការ​ពេល​ចន្លោះ​ពី​៥​ទៅ​៦​ខែ​សម្រាប់​ឲ្យ​កូន​ខ្លាឃ្មុំ ផេ​ន​ដា អាច​សម្រប​ខ្លួន​ជាមួយ​បរិយាកាស​ខាងក្រៅ​។ 
 
​ខ្លាឃ្មុំ ផេ​ន​ដា មួយគូ​នេះ បាន​ដឹក​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ខែមីនា ឆ្នាំ​២០១៦ ក្រោម​កិច្ចសន្យាជួល​រយៈពេល​១៥​ឆ្នាំ​។ ឈ្មោះ​សត្វ​ទាំងពីរ គឺ «​ឡឹ​ប៉ាវ​» និង​«​អាយ​ប៉ាវ​» មានន័យថា «​ក្តី​សុខ​» និង «​ទ្រព្យ​ដ៏​គួរ​ឲ្យ​ស្រលាញ់​»​។ នេះ​បើតាម Xinhua ។​
 
​ឧទ្យាន​កម្សាន្ត Everland របស់​កូរ៉េខាងត្បូង បាន​កសាង​សួនសត្វ «​ពិភព​ផេ​ន​ដា ឬ Panda World» ទំហំ​៣៣០០ ម៉ែត្រការ៉េ ដើម្បី​ឲ្យ​សត្វ​ជិត​ផុត​ពូជ​រស់នៅ​នេះ​។ សត្វ ផេ​ន​ដា ស្ថិតក្រោម​ការគំរាមកំហែង​ពី​ការ​ជិត​ផុត​ពូជ តែ​ទទួល​ប្រជាប្រិយ​ភាពខ្លាំង​សម្រាប់​រូបរាង​ដ៏​គួរ​ឲ្យ​ស្រលាញ់​និង​កម្រ​ក្នុង​ពិភពលោក​។ 
 
​យោងតាម​របាយការណ៍​របស់ Everland មនុស្ស​ជាង​៩,៥​លាន​នាក់ បាន​ទៅ​ចូល​ទស្សនា​សួនសត្វ ពិភព​ផេ​ន​ដា ដើម្បី​ខ្លាឃ្មុំ ផេ​ន​ដា មួយគូ​នេះ ។  មែនទែនទៅ ផេ​ន​ដា​មួយគូ​នេះ ត្រូវបាន​ផ្ដល់​ឲ្យ​កូរ៉េខាងត្បូង​មួយរយៈ​សម្រាប់​គោលបំណង​ស្រាវជ្រាវ​រួម​៕ 
 
 

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  ខ្លាឃ្មុំ​ផេ​ន​ដា
© រក្សាសិទ្ធិដោយ thmeythmey.com