អន្តរជាតិ
វៀតណាម ផ្អាក​ជំនួញ​សត្វព្រៃ​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស
24, Jul 2020 , 9:59 pm        
រូបភាព
សត្វពង្រូល។ រូបភាព៖ AFP
សត្វពង្រូល។ រូបភាព៖ AFP
​វៀតណាម ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​បរិភោគ​សាច់សត្វ​ព្រៃ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​អាស៊ី នៅ​ថ្ងៃទី​២៣ ខែកក្កដា បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​នាំចូល​សត្វព្រៃ​គ្រប់​ប្រភេទ​ទាំងអស់ ពោលគឺ​មិន​ថា​ងាប់ ឬ​រស់​។ លើសពីនេះ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏បាន​ប្តេជ្ញា​លុបបំបាត់​ទីផ្សារងងឹត​ល​ក់​សត្វព្រៃ​នៅ​ទូទាំងប្រទេស​ផងដែរ​។​


​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ជា​អ្នកចេញ​លិខិត​បញ្ជា​ឲ្យ​ផ្អាក​ការ​នាំចូល​សត្វព្រៃ​គ្រប់​ប្រភេទ ពោលគឺ​មិន​ថា​ងាប់ ឬ​រស់ ពង​សត្វព្រៃ និង​សារធាតុ​ដែល​ចម្រាញ់​ពី​សត្វព្រៃ​។ 
 
​បទបញ្ជា​ដដែល​នេះ ក៏បាន​បង្គាប់​ឲ្យ​ប្រជាជន និង​មន្ត្រី​វៀតណាម​ទាំងអស់ មិនត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់ ដូច​ជាការ​បរបាញ់​សត្វព្រៃ ទិញ​សត្វព្រៃ លក់​សត្វព្រៃ ឬ​ដឹកជញ្ជូន​សត្វព្រៃ​ទាំង​នេះឡើយ​។ ក្រៅពី​ហាម​ប្រជាជន និង​មន្ត្រី​ខ្លួន វៀតណាម​ក៏បាន​ប្តេជ្ញា​លុបបំបាត់​ទីផ្សារ ឬ​ទីតាំង​ជំនួញ ដែល​លក់​សត្វព្រៃ​ខុសច្បាប់​ផងដែរ​។ ចំណែក​បរបាញ់​សត្វព្រៃ ការដឹកជញ្ជូន​ខុសច្បាប់ ការ​ទុក​សត្វព្រៃ និង​ការផ្សព្វផ្សាយ​ពី​ការលក់​សត្វព្រៃ បក្សី និង​សត្វ​ល្មូ​ន នឹងត្រូវ​រង​ការបង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​។ 
 
​ការចេញ​បញ្ជា​ឲ្យ​ផ្អាក​ការធ្វើ​ជំនួញ​សត្វព្រៃ​នៅក្នុង​ប្រទេស និង​នាំ​ចូលមក​វៀតណាម​នេះ ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ សាទរ​យ៉ាងខ្លាំង ព្រោះ​កន្លងមក​អាជ្ញាធរ​វៀតណាម បាន​បិទ​ភ្នែក បិទ​ត្រចៀក​លើ​បញ្ហា​ជួញដូរ​សត្វព្រៃ​នេះ​។ បើតាម​អះអាង​របស់លោក Steven Glaster ប្រធាន​ក្រុមប្រឆាំង​ការជួញដូរ Freeland ជំនួញ​សត្វព្រៃ ត្រូវតែ​ហាមឃាត់ ដោយសារ​វា​ជា​រឿង​សន្តិសុខ​សុខភាព​សាធារណៈ និង​អន្តរជាតិ​។ 
 
​យ៉ាងណាក៏ដោយ ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ ក៏បាន​ព្រមាន​ពី​បញ្ហា​មួយចំនួន​ផងដែរ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​យកចិត្តទុកដាក់ ក្នុងនោះ​មានដូចជា ឧបសគ្គ​នៅតាម​ព្រំដែន និង​ប្រាក់ខែ​របស់​មន្ត្រី​តិច ដែល​បង្ក​ឲ្យ​មានការ​សូកលុយ​ជាដើម​។ 
 
​សូមបញ្ជាក់ថា បទបញ្ជា​ហាមឃាត់​ការធ្វើ​ជំនួញ​សត្វព្រៃ​របស់​វៀតណាម​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​អង្គការក្រៅរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ការអភិរក្ស​សត្វព្រៃ ចំនួន​១៤​អង្គការ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស​៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com